ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ០១:០២ នាទី រសៀល
👁 6
(ប៉េកាំង,ចិន)៖ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូចការ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមអម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ជួបសំដែងការគួរសម ឯកឧត្តម ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនោះ ឯកឧត្តម ស៊ី ជិនពីង មានប្រសាសន៍សំដែងនូវការស្វាគមន៍ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ជាមេដឹកនាំពិភពលោកលើកទី១ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិន បន្ទាប់ពីពិធីចូលឆ្នាំថ្មីរបស់ប្រជាជនចិន។
ជាការឆ្លើយតប សម្តេចតេជោ បានអបអរសាទរ ចំពោះការអញ្ជើញមកធ្វើទស្សនកិច្ចផ្លូវការនេះ ហើយក្នុងជំនួបគ្នានេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-ចិន បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងបញ្ហាអន្តរជាតិ ដោយមានការយកចិត្តទុកដាក់ជាមួយគ្នា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ស៊ី ជីនពីង មានប្រសាសន៍កោតសរសើរចំពោះស្នាដៃរបស់សម្តេច និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានទទួលបានជោគជ័យដ៏ត្រចះត្រចង់។ សម្តេចបានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានចូលរួមធានាឱ្យទទួលបានជោគជ័យ។
នៅក្នុងជំនួបគ្នានោះថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ ដែលឈានពីកិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយ ទៅជាមិត្តដែកថែម និងឈានទៅកិច្ចសហប្រតិបត្តិការសហគមន៍រួម ជោគវាសនាតែមួយ ជាពិសេស បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឈានដល់ចំណុចកំពូលថ្មីមួយទៀត។
ជាលទ្ធផល ថ្នាក់ដឹកនាំប្រទេសទាំងពីរ ប្រកាសបន្តពង្រឹងស្មារតីកសាងសហគមន៍តែមួយ ជោគវាសនាតែមួយ ដែលផ្តោតសំខាន់លើវិស័យចំនួន ៦ រួមមានទី១) នយោបាយ និងការទូត ២) វិស័យសមត្ថភាពផលិត និងវាយភណ្ឌ ៣)កសិកម្ម ៤) ថាមពល ៥) សន្តិសុខ ៦) ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រួមទាំងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣