ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមអមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានសភាតំណាងប្រជាជនចិន

ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ០១:៣០ នាទី រសៀល

👁 4

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ប៉េកាំង,ចិន)៖ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមអមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម លី ជានស៊ូ (Li Zhanshu) ប្រធានសភាតំណាងប្រជាជនចិន។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានសភាតំណាងប្រជាជនចិន បានថ្លែងថា វត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការមកកាន់រដ្ឋធានីប៉េកាំង ដែលជាភ្ញៀវទី១របស់ពិភពលោក មកាន់ប្រទេសចិន បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិបានបញ្ចប់ទៅ កាលពីពេលថ្មីៗកន្លងទៅ។

ជាមួយគ្នានេះ សម្តេចតេជោមានប្រសាសន៍ថា កាលពី៣ឆ្នាំមុនគឺនៅថ្ងៃទី៥កុម្ភៈឆ្នាំ២០២០ សម្តេចបាន បំពេញទស្សនកិច្ចរដ្ឋធានីប៉េកាំង ស្របពេលនៃការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩យ៉ាងខ្លាំង ក្នុងប្រទេសចិន។

សម្តេចតេជោបន្តថា សម្តេចអញ្ជើញទៅកាន់ប្រទេសចិននៅពេលនោះ គឺដើម្បីគាំទ្រនិងជួយដល់ប្រជាជនចិន ពោលគឺយើងមិនស្រឡាញ់គ្នាតែក្នុងពេលសប្បាយនោះទេ គឺត្រូវយកអាសាគ្នាក្នុងពេលមានទុក្ខលំបាកដូចគ្នា និងម៉្យាងវិញទៀតគឺដើម្បីលើកទឹកចិត្តដល់ជនជាតិកម្ពុជា ពិសេសនិស្សិកម្ពុជាដែលសិក្សានៅប្រទេសចិន ឲ្យមានភាពកក់ក្តៅមិនរត់ចោលគ្នា។

ក្នុងជំនួបសំដែងការគួរសមនោះដែរ សម្តេចតេជោ និង ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍នៃសភាប្រជាជនចិន បានឯកភាពគ្នាក្នុងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ប្រទេសទាំងពីរកម្ពុជា-ចិន ពិសេសការជំរុញទំនាក់ទំនងរវាងស្ថាប័ននិតិបញ្ញាត្តិនៃប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ