ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ០៧:០១ នាទី យប់
👁 4
(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនឡានតុន ក្លៅដ៏ សឺវីស ថេកណឡជី ឯ.ក ដើម្បីជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ព្រមទាំងជំរុញដល់ការផ្សព្វផ្សាយផលិតផលរបស់កម្ពុជាសម្រាប់ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទៅកាន់ពិភពលោក។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម-លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក, ឯកឧត្តម លោក លោកស្រី ប្រធាននាយកដ្ឋាន/វិទ្យាស្ថាន, លោកបណ្ឌិត លី គន់ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនឡានតុន ក្លៅដ៏ សឺវីស ថេកណឡជី ឯ.ក និងសហការី ព្រមទាំង លោក លោកស្រី ដែលជាមន្ត្រីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្មជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងពាណិជ្ជកម្មក្នុងការកសាងភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងជំរុញការផ្សព្វផ្សាយផលិតផលកម្ពុជាសម្រាប់ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទៅកាន់ពិភពលោក ហើយតាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងបង្កើតឱ្យមានការតភ្ជាប់រវាងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម ជាមួយនឹង Platform ដែលបង្កើតដោយវិស័យឯកជន ក្រោមកម្មវិធី Lanton Cloud ក្នុងការជំរុញឱ្យផលិតផលរបស់កម្ពុជាមានលទ្ធភាពពង្រីកទៅកាន់ទីផ្សារក្រៅប្រទេសឱ្យកាន់តែទូលំទូលាយថែមទៀត។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ផ្អែកតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ព្រមទាំងយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្ម បានអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសម្រេចនូវសមិទ្ធផលជាច្រើនដែលក្នុងនោះរួមមាន៖ ទី១-ការអនុម័ត និងប្រកាសឱ្យប្រើច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមកនេះ ដែលក្របខណ្ឌគោលនយោបាយ និងលិខិតបទដ្ឋានច្បាប់ទាំងអស់នេះ បានផ្តល់ជាមូលដ្ឋានគតិយុត្តសម្រាប់គាំទ្រដល់ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ទី២-ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងឆ្នាំ២០២២។ និង ទី៣-ការចូលរួមចរចាក្នុងជំពូកស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងតំបន់ (RCEP) ហើយដាក់ឱ្យអនុវត្តនៅដើមឆ្នាំ២០២២ ផងដែរ។ លើសពីនេះ ក្រសួងពាណិជ្ជកម្មក៏បាននឹងកំពុងបន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីកែលម្អនូវហេដ្ឋរចនាសម្ព័ន្ធផ្នែកឌីជីថល និងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ផងដែរ។
បន្ថែមពីនេះ ក្រោមគម្រោង Enhanced Integration Framework (EIF) ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានបង្កើតថ្នាលសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (Go4eCam) ដែលបច្ចុប្បន្នបានទទួលនូវការចុះបញ្ជី និងការគាំទ្រយ៉ាងច្រើនពីវិស័យឯកជន និងបានសម្រួលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក ផងដែរ។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញនូវក្ដីរំពឹងថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងរួមចំណែក្នុងការជំរុញការងារពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេសគឺការពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជា ការការពារអ្នកប្រើប្រាស់ ការទាញយកប្រយោជន៍ពីបរិវដ្តកម្ម (Transformation of Digitalization) និងបដិវត្តន៍ឧស្សាហកម្មទី៤ (Industrial Revolution 4.0) ក៏ដូចជាការកសាងសមត្ថភាពរបស់មន្រ្តីរាជការក្រសួងពាណិជ្ជកម្ម សម្រាប់ការប្រឡូកក្នុងកិច្ចចរចាផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឱ្យកាន់តែប្រសើឡើងបន្ថែមទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣