រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តតំណាងមកពីបណ្តាគ្រឹះស្ថានធនាគារ ហិរញញវត្ថុ សាខាខេត្តស្វាយរៀង ចូលរួមឈរឈ្មោះ ជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តស្វាយរៀង

ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ០៦:២២ នាទី ល្ងាច

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការរៀបចំ ការបោះឆ្នោត សភា ពាណិជ្ជកម្ម កម្ពុជា និងរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត បានថ្លែងលើកទឹកចិត្តដល់តំណាងមកពីបណ្តាគ្រឹះស្ថានធនាគារ ហិរញញវត្ថុ សាខាខេត្តស្វាយរៀង ឱ្យចូលរួមឈរឈ្មោះ ជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តស្វាយរៀង។

ការថ្លែងបែបនេះ បានធ្វើឡើងនាឱកាសដែល ឯកឧត្តមរដ្ឋលេខាធិការ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីរៀបចំការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តស្វាយរៀង អាណត្តិទី២ លើកទី១ ដែលប្រពឹ្រត្តទៅនៅមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង ក្រោមការរៀបចំពីនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នៃក្រសួងពាណិជ្ជកម្ម។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សុខា រ៉ាម អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ព្រមទាំងមន្ទីរពាក់ព័ន្ធនៅក្នុងខេត្ត សមាជិកជ្រើសតាំង សមាជិកទីប្រឹក្សា ពាណិជ្ជករ អាជីវករ សេវាករនៅក្នុងខេត្តជាច្រើនរូបផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំពីនីតិវិធី និងដំណើការបោះឆ្នោតដែលមាន ដូចជា ទី១. ការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តស្វាយរៀង អាណត្តិទី២ លើកទី១ ដែលប្រព្រឹត្តទៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣, ទី២.ចាប់លេខរៀង និងរៀបចំសន្លឹកឆ្នោត ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣, ទី៣. ថ្ងៃស ផ្អាកឃោសនា និងរៀបចំការិយាល័យបោះឆ្នោត ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ និងទី៤.ថ្ងៃបោះឆ្នោត និងប្រកាសលទ្ធផល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើការណែនាំបន្ថែមពីលក្ខខណ្ឌសម្រាប់ដល់ពាណិជ្ជករ អាជីវករ សេវាករនៅក្នុងខេត្តស្វាយរៀង ដែលមានបំណងចុះឈ្មោះឈរជាសមាជិកជ្រើសតាំង និងចុះឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តស្វាយរៀង សម្រាប់អាណត្តិទី២ លើកទី១៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ