ប្រធានគណៈកម្មការគ្រប់គ្រងកិច្ចសន្យាជួលផលិតបន្តក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង បានបើក និងដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មការ

ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ០១:០៨ នាទី រសៀល

👁 3

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការគ្រប់គ្រងកិច្ចសន្យាជួលផលិតបន្តក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង បានដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មការ ដែលមានការចូលរួមពីតំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធធនាគារ មណ្ឌលអប់រំកែប្រែទី១ និងទី២ និងសមាជិកគណៈកម្មការជាច្រើនរូបទៀត។  

កម្មវត្ថុនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យដោះស្រាយបញ្ហា ក្តីបារម្ភនានារបស់សមាគមសម្លៀកបំពាក់និងស្បែកជើងអាម៉េរិក (American Apparel & Footwear Association-AAFA)  ព្រមទាំងរៀបចំបង្កើតយន្តការអនុវត្តលិខិតបទដ្ឋាន ច្បាប់ និងអនុសញ្ញាអន្តរជាតិនានាក្នុងការផលិតទំនិញនាំចេញ-នាំចូល។  

ជាលទ្ធផលនៃកិច្ចពិភាក្សាស៊ីជម្រៅ អង្គប្រជុំបានឯកភាព និងសម្រេចលើកិច្ចការដូចជា៖ ១-ចុះត្រួតពិនិត្យផ្ទាល់ដល់ទីតាំងផលិតមួយចំនួន ដើម្បីប្រមូលឯកសារ ភស្តុតាង និងសាកសួរព័ត៌មានបន្ថែម, ២-រៀបចំពិនិត្យអំពីទឡ្ហីករណ៍ និងផ្ទៀងផ្ទាត់ជាមួយទិដ្ឋាភាពច្បាប់សម្រាប់រាយការណ៍ជូនអង្គប្រជុំនៅសប្តាហ៍បន្ទាប់, ៣-រៀបចំផែនការ និងពិធីសារសម្រាប់គណៈកម្មការអន្តរក្រសួង-ស្ថាប័ន ដើម្បីអនុវត្តបន្តដោយមាននិរន្តភាព, និង៤-រៀបចំរបាយការណ៍គោរពជូន សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអំពីលទ្ធផលដែលគណៈកម្មការសម្រេចបានក្នុងកិច្ចប្រជុំនេះ។  

មុននឹងបិទអង្គប្រជុំ ឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានថ្លែងអំណរគុណដល់តំណាងក្រសួង-ស្ថាប័ន ដែលជាអនុប្រធាន និងជាសមាជិកនៃគណៈកម្មការ ដែលបានចូលរួមសហការដោះស្រាយបញ្ហប្រឈម និងសំណូមពរនានា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដែលគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការហាមឃាត់ការប្រើប្រាស់ពលកម្មជនជាប់ឃុំក្នុងពន្ធនាគារដើម្បីផលិតទំនិញសម្រាប់នាំចេញ។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ