ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ០៥:២៣ នាទី ល្ងាច
👁 1
ក្រសួងពាណិជ្ជកម្មមានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន មេត្តាជ្រាបថា នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានចាប់ផ្តើមដំណើរការចរចាជុំទី៣ បង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (The Kingdom of Cambodia-United Arab Emirates Comprehensive Economic Partnership Agreement – Cambodia-UAE CEPA) ដែលដឹកនាំដោយលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មសម្រាប់ភាគីកម្ពុជា និងឯកឧត្តម ជូម៉ា អាល់ កាត (Juma AI Kait) អនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម។ ការចរចាជុំទី៣ នេះនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងឌុយបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងមានវត្តមានចូលរួមពីក្រុមការងារចរចាពាណិជ្ជកម្មរបស់ភាគីទាំងពីរសរុបប្រមាណ ១០០ រូប។
ការចរចាជុំទី៣នេះ រៀបចំឡើងបន្ទាប់ពីកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានបើកការចរចាជុំទី១ កាលពីថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅរដ្ឋធានីអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម និងការចរចាជុំទី២ កាលពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយលទ្ធផលជាផ្លែផ្កា។ សម្រាប់ការចរចានៅជុំទី៣ នេះ ភាគីទាំងពីរនឹងបន្តការចរចាលើការបើកច្រកទីផ្សារ និងគ្រោងបញ្ចប់ការចរចាលើអត្ថបទកិច្ចព្រមព្រៀងដែលនៅសេសសល់ ដែលក្នុងនោះរួមមាន ១៨ ជំពូកពាក់ព័ន្ធនឹងពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវា របាំងពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ កិច្ចសម្រួលពាណិជ្ជកម្ម វិធានដើមកំណើតទំនិញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឧបាស្រ័យពាណិជ្ជកម្ម វិនិយោគ កម្មសិទ្ធិបញ្ញា និងច្បាប់និងស្ថាប័ន។ ដោយទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមគ្នា ក្រុមការងារចរចាពាណិជ្ជកម្មនៃភាគីទាំងពីរសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងប្រទេសទាំងពីរ ដែលនឹងបង្កើតកាលានុវត្តភាពថ្មីៗបន្ថែមទៀត សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងវិបុលភាពសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។
សូមបញ្ជាក់ផងដែរថា ក្រុមការងារចរចាពាណិជ្ជកម្មរបស់កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នឹងខិតខំបញ្ចប់ការចរចាកិច្ចព្រមព្រៀង Cambodia-UAE CEPA នៅត្រឹមការចរចាជុំទី៣ នេះ សំដៅឈានឆ្ពោះទៅដល់ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមប្រកាសបញ្ចប់ការចរចា នាពេលដ៏ខ្លីខាងមុខនៅកម្ពុជា៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣