ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជា AANZFTA FJC Lead តំណាងកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-​អូស្រ្តាលី-​នូវែលសេឡង់លើកទី២០ (20th AANZFTA FJC)

ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ០៦:៥៩ នាទី ល្ងាច

👁 3

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ទីក្រុងបានឌុង, ឥណ្ឌូនេស៊ី)៖ នៅថ្ងៃទី១៤-១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារ Pullman Bandung Grand Central​ នៃប្រទេសឥណ្ឌូនេស៊ី ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាភាគីកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់លើកទី២០ (20th AANZFTA FJC)។ កិច្ចប្រជុំនេះបានដឹកនាំដោយ លោក Yusdiman Saman ឧបការីស្តីទីនៃនាយកដ្ឋានពាណិជ្ជកម្ម នៃក្រសួងហិរញ្ញវត្ថុនិងសេដ្ឋកិច្ចព្រុយណេ និងមានការចូលរួមពីប្រធានក្រុមចរចា (FJC Lead) មកពីបណ្តារដ្ឋសមាជិកអាស៊ានទាំង១០ និងអូស្រ្តាលី និងនូវែលសេទ្បង់ រួមទាំងមន្រ្តីលេខាធិការដ្ឋានអាស៊ានផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈប្រតិភូតំណាងកម្ពុជាបានថ្លែងអំណរគុណ​និងកោតសរសើរចំពោះប្រទេសឥណ្ឌូនេស៊ីសម្រាប់ការទទួលការរៀបចំកិច្ចប្រជុំនេះ ដែលប្រព្រឹត្តទៅយ៉ាងរលូន នៅទីក្រុងបាឌុង ប្រទេសឥណ្ឌូនេស៊ី។ ឯកឧត្តមក៏បានបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការខិតខំប្រឹងប្រែងឆ្ពោះទៅបញ្ចប់កិច្ចចរចាទាំងស្រុងលើការដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។ ក្នុងនោះផងដែរ ឯកឧត្តមជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមកិច្ចចរចាដោយផ្អែកលើជំហរទន់ភ្លន់ និងមានឆន្ទៈខ្ពស់ដើម្បីបញ្ចប់ការចរចារដំឡើងកិច្ចព្រមព្រៀងនេះ ដែលជាជុំចរចាចុងក្រោយ នៅប្រព្រឹត្តនៅទីក្រុងបានឌុង នៃប្រទេសឥណ្ឌូនេស៊ី ដើម្បីមានលទ្ធភាពជូនថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ចុះហត្ថលេខាពិធីសារលើកទី២ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងនេះ ។

អង្គប្រជុំបានពិភាក្សាលើបញ្ហាដែលនៅសេសសល់ ព្រមទាំងពិនិត្យវឌ្ឍនភាពនិងកិច្ចការបន្ទាប់ពាក់ព័ន្ធ នៃការចរចារដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA Upgrade Negotiations) ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចមួយរបស់កម្ពុជាកាលពីឆ្នាំ២០២២ ដែលត្រូវបានថ្នាក់ដឹកនាំអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ បានប្រកាសបញ្ចប់លើការចរចារជាដុំកំភួនលើការដំឡើងកម្រិតកិច្ចព្រមព្រៀង AANZFTA ជាផ្លូវការ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។

នៅក្នុងអំឡុងកិច្ចចរចាចុងក្រោយនេះ ភាគីពាក់ព័ន្ធបានប្រកាសបញ្ចប់នូវរាល់ការចរចាលើបញ្ហាទាំងអស់ដែលនៅសេសសល់ ហើយបានឯកភាពគ្នា យកអត្ថបទកិច្ចព្រមព្រៀងនេះបញ្ចូនឱ្យក្រុមការងារនីតិកម្ម និងស្ថាប័ន ដើម្បីពិនិត្យនិងសម្អាត បន្ទាប់មកបញ្ចូនត្រឡប់កិច្ចព្រមព្រៀងនេះ ឱ្យគ្រប់បណ្តាភាគីទាំងអស់បន្តនីតិវិធីក្នុងស្រុករៀងៗខ្លួន មុនដាក់ជូនថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ដើម្បីចុះហត្ថលេខាពិធីសារលើកទី២ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) នៅកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់លើកទី២៧ ដែលគ្រោងនឹងប្រព្រឹត្តនៅខែសីហា ឆ្នាំ២០២៣ ខាងមុខ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ