មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្ត តំណាងសេដ្ឋកិច្ចក្រៅប្រព័ន្ធនានាចូលរួមក្នុងជីវភាពជាសមាជិកជ្រើសតាំងនៃសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ

ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ០៧:០៧ នាទី យប់

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួង​ពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការរៀបចំ​ការបោះឆ្នោត​សភា​ពាណិជ្ជកម្ម​​កម្ពុជា​ និងរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត បានថ្លែងថា លើកទឹកចិត្តតំណាងសេដ្ឋកិច្ចក្រៅប្រព័ន្ធនានា ក្នុងខេត្តកំពង់ស្ពឺឱ្យចូលរួមក្នុងជីវភាពជាសមាជិកជ្រើសតាំងនៃសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ។

ការថ្លែងលើកទឹកចិត្តនេះ បានធ្វើឡើងនាឱកាសដែល ឯកឧត្តមរដ្ឋលេខាធិការ អញ្ជើញជាអធិបតី ពិធីរៀបចំបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ អាណត្តិទី៣ លើកទី១ ដែលប្រពឹ្រត្តទៅនៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ក្រោមការរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នៃក្រសួងពាណិជ្ជកម្ម បសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក ស្រ៊ុន ស្រ៊ន់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ, ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ, ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន, មន្ទីរពាក់ព័ន្ធជុំវិញខេត្ត, សមាជិកជ្រើសតាំង ​, សមាជិកទីប្រឹក្សា, ពាណិជ្ជករ, អាជីវករ និងសេវាករនៅក្នុងខេត្តជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំពីនីតិវិធី និងដំណើការបោះឆ្នោតដែលមានជាដំណាក់កាល ដូចខាងក្រោម៖

ទី១.ការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ អាណត្តិទី៣ លើកទី១ ដែលប្រព្រឹត្តទៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣

ទី២.ចាប់លេខរៀង និងរៀបចំសន្លឹកឆ្នោត ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣

ទី៣. ថ្ងៃស ផ្អាកឃោសនា និងរៀបចំការិយាល័យបោះឆ្នោត ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ និង

ទី៤.ថ្ងៃបោះឆ្នោត និងប្រកាសលទ្ធផល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើការណែនាំបន្ថែមពីលក្ខខណ្ឌសម្រាប់ដល់ពាណិជ្ជករ អាជីវករ​ សេវាករនៅក្នុងខេត្តកំពង់ស្ពឺ ដែលមានបំណងចុះឈ្មោះឈរជាសមាជិកជ្រើសតាំង និងចុះឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ សម្រាប់អាណត្តិទី៣ លើកទី១ នេះផងដែរ។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យពាណិជ្ជករ អាជីវករ សេវាករចូលរួមឱ្យបានផុសផុលនៅក្នុងការចូលរួមចុះឈ្មោះបោះឆ្នោត ក៏ដូចជាចុះឈ្មោះឈរជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ អាណត្តិទី៣ លើកទី១ ដើម្បីឱ្យការបោះឆ្នោតប្រកបទៅដោយរលូន និងទទួលបានបេក្ខជនដែលមានសមត្ថភាពសម្រាប់បន្តអាណត្តិការងាររបស់សភាពាណិជ្ជកម្ម ក៏ដូចជាចូលរួមនៅក្នុងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ