ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន

ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ១១:០៦ នាទី ថ្ងៃត្រង់

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តហៃណាន ដឹកនាំដោយ ឯកឧត្តម Shen Danyang អភិបាលរងខេត្តហៃណាននៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានការចូលរួមពី ឯកឧត្តមរដ្ឋមលេខាធិការ ឯកឧត្តម-លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តម-លោកប្រធាននាយកដ្ឋាន និងលោក-លោកស្រីមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកមុ្មជាច្រើនរូប។  

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម SHEN Danyang និងគណៈប្រតិភូទាំងអស់ដែលអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសអញ្ជើញមកក្រសួងពាណិជ្ជកម្មនារសៀលនេះ។ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋប្រជាមានិតចិនដែលតែងតែមានកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ  និងជាមិត្តដែកថែបជាមួយកម្ពុជា លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា  ជាពិសេសនៅទីក្រុងព្រះសីហនុ (តំបន់សេដ្ឋកិច្ចពិសេស)។ មិនតែប៉ុណ្ណោះ ប្រទេសចិនបានធ្វើការគាំពារនិងផ្តល់ជំនួយលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់កម្ពុជាដើម្បីធ្វើការទប់ស្កាត់ និងព្យាបាលប្រជាពលរដ្ឋដែលឆ្លងជំងឺនេះផងដែរ។

ឯកឧត្តមបានបន្តថា បានបន្តថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានកំណើនគួរឱ្យកត់សម្គាល់ និងកាន់តែល្អប្រសើរ បន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន កាលពីឆ្នាំ២០២០ បន្ទាប់មកបានចូលជាធរមានកាលពីដើមឆ្នាំ២០២២ កន្លងទៅនេះ។ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីនេះៗ កម្ពុជាក្រោមការផ្តល់កិត្តិយសដ៏ខ្ពស់ខ្ពង់បំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម HU Chunhua ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បានសហការរៀបចំវេទិកាជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ កម្ពុជា-ចិន ឆ្នាំ២០២៣ ដែលបានរៀបចំឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន។ ជាក់ស្តែងការបង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន និងការអញ្ជើញបំពេញទស្សនកិច្ចនានារបស់ថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ នឹងជំរុញឱ្យសេដ្ឋកិច្ច វិនិយោគ ជាពិសេសទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែរីកធំឡើងជាលំដាប់ និងបន្តកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ដើម្បីជំរុញ និងបើកទីផ្សាររវាងប្រទេសទាំងពីរ ដែលជាធ្នាក់ឈានដល់ទីផ្សារតំបន់អាស៊ីអាគ្នេយ៍ និងបន្តដល់ទីផ្សារអន្តរជាតិ។  

ជាការឆ្លើយតប ឯកឧត្តមអភិបាលរងខេត្តហៃណាន បានថ្លែងអំណរគុណចំពោះក្រសួងពាណិជ្ជកម្ម ជាពិសេសឯកឧត្តមរដ្ឋលេខាធិការបានឆ្លៀតឱកាសដ៏មមាញឹកពីការងារ មកទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តហៃណាន នាពេលបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានេះ។ ឯកឧត្តមអភិបាលរង បានសំដែងនូវភាពរីករាយចំពោះការបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាជាលើកទី២ ដោយមើលឃើញពីការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជាមានការរីកចម្រើនគួរជាទីកត់សម្គាល់ ព្រមទាំងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពកម្ពុជា-ចិនបានឈានដល់រឹតចំណងមិត្តភាពកាន់តែខ្លាំងឡើងជាមិត្តដែកថែកនេះ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលរង បានជម្រាបជូនពីគោលបំណងសំខាន់ៗចំនួន២ រួមមាន៖ (១)ផ្សព្វផ្សាយពីសក្តានុពលនៃការបង្កើតតំបន់ពាណិជ្ជកម្មសេរីខេត្តហៃណាន គ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២៥ ដែលសម្រួលដល់ការធ្វើពាណិជ្ជកម្មនិងវិនិយោគ និង(២)បន្តកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន (ខេត្តហៃណាន)។

ក្នុងកិច្ចជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋលេខាធិការ និង ឯកឧត្តមអភិបាលរងខេត្តហៃណាន បានយល់ស្របទៅលើគម្រោងក្នុងការបង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា (ក្រសួងពាណិជ្ជកម្ម) និងចិន (ខេត្តហៃណាន) ជាជំហានដំបូង លើកិច្ចសហប្រតិបត្តិការជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។  ចំពោះជំហានបន្ទាប់ នឹងបង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់គ្នារវាងតំបន់សេដ្ឋកិច្ចពហុបំណងខេត្តព្រះសីហនុ (កម្ពុជា) និងតំបន់ពាណិជ្ជកម្មសេរីខេត្តហៃណាន (ចិន) លើកិច្ចសហប្រតិបត្តិការសម្រួលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹមថានឹងមានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងមានការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រទេសទាំងពីរជាបន្តបន្ទាប់នាពេលខាងមុខ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ