ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Petros Sourmelis ប្រធានផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា

ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ១១:២៧ នាទី ថ្ងៃត្រង់

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Petros Sourmelis ប្រធានផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងសហការី ដើម្បីបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជាពិសេសគឺវឌ្ឍនភាពការងារក្នុងការបើកច្រកទីផ្សារសម្រាប់សេវាកម្មពាណិជ្ជកម្មរវាងភាគីទាំងពីរ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១ ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី១0-១១ ខែមីនា ឆ្នាំ២០២២ ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះលោក Petros និងប្រតិភូសហភាពអឺរ៉ុប និងជម្រាបជូនអំពីកំណើនទំហំពាណិជ្ជកម្មរបស់ភាគីទាំងពីរ ដែលបង្ហាញពីសញ្ញាវិជ្ជមាននៃការត្រៀមងើបឡើងវិញនៃសេដ្ឋកិច្ច។ ក្នុងនោះដែរ ឯកឧត្ដម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពអឺរ៉ុប ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្នែកបច្ចេកទេស ព្រមទាំងជំនួយហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍលើវិស័យសំខាន់ៗរបស់កម្ពុជា រួមមានគម្រោងការគាំទ្រសមាហរណកម្មអាស៊ានបូកកម្ពុជា (ARISE plus Cambodia) ជាដើម។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ជូនភាគីសហភាពអឺរ៉ុបអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសហការយ៉ាងជិតស្និតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការសម្របសម្រួលដល់ដំណើរការដោះស្រាយបញ្ហាបើកច្រកទីផ្សារផ្នែកសេវាពាណិជ្ជកម្មដើម្បីលើកទឹកចិត្ត និងទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកវិនិយោគនៅប្រទេសកម្ពុជា ដែលរួមមាន (១) ការធ្វើបច្ចុប្បន្នភាពសេចក្ដីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ (២) ការផ្ដល់សេវាទីភា្នក់ងារពិគ្រោះយោបល់ផ្នែកច្បាប់ និង (៣) ការបង្កើតតុលាការពាណិជ្ជកម្មរបស់កម្ពុជាជាដើម។

ជាកិច្ចឆ្លើយតប លោក Petros Sourmelis បានទទួលស្គាល់អំពីកំណើនទំហំពាណិជ្ជកម្មរវាងកម្ពុជា-សហភាពអឺរ៉ុប និងបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការការងាររវាងក្រសួងពាណិជ្ជកម្ម និងសហភាពអឺរ៉ុប ព្រមទាំងសន្យាបន្តជួយគាំទ្រ កម្ពុជា ក្នុងដំណើរការនៃការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច(LDC Graduation)។ ទន្ទឹមគ្នានេះ ភាគីសហភាពអឺរ៉ុប  ក៏បានសន្យាថានឹងបន្តផ្តល់ជំនួយបច្ចេកទេស និងកម្មវិធីកសាងសមត្ថភាពបន្ថែមទៀត ជូនដល់កម្ពុជាតាមការចំាបាច់ សំដៅជួយអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់របស់កម្ពុជា ជាពិសេសសម្រាប់ការចាកចេញពីឋានៈជា LDC របស់កម្ពុជា និងការបន្តទទួលបានភាពអនុគ្រោះនានា។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានឯកភាព និងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ព្រមទាំងតាមដានវឌ្ឍនភាពការងារប្រកបដោយស្មារតីជួយគ្នាទៅវិញទៅមក សំដៅបំរើឱ្យផលប្រយោជន៍នៃភាគីទាំងពីរ ដោយផ្អែកលើគោលការណ៍ច្បាប់ និងភាពស្មើមុខ-ស្មើសិទ្ធលើឆាកអន្តរជាតិ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ