ការ​ពង្រឹង ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-ចិន​ តាមរយៈ​វេទិកា​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​​កម្ពុជា​-ចិន (ខេត្ត​ហៃ​ណាន)​

ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ០១:៣២ នាទី រសៀល

👁 3

Thumbnail (ក្រសួងពាណិជ្ជកម្ម)

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ​ និង ឯកឧត្តម SHEN Danyang អភិបាលរងខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន ​ក្នុង​​វេទិកាជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​​កម្ពុជា​-ចិន (​ហៃ​ណាន)​ ចូល​រួម​ជា​គណៈអធិបតីក្នុងវេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន នៅ​សណ្ឋាគារ​ភ្នំពេញ​ រាជធានី​ភ្នំពេញ​ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោក​ជំទាវរដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ លោក​អគ្គនាយករង លោកប្រធាននាយកដ្ឋាន និងលោក-លោកស្រីមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកមុ្ម ព្រមទាំង​តំណាង​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា សភាព​ពាណិជ្ជកម្មកម្ពុជា​​ សមាគម​ហៃ​ណាននៅកម្ពុជា​ សមាគម​ឧកញ៉ា​កម្ពុជា និងសហគ្រា/ក្រុមហ៊ុនកម្ពុជា​-​ចិន​​​ ជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងការ​ស្វាគមន៍​ចំពោះ​គណៈប្រតិភូខេត្ត​ហៃ​ណាន​ និង​ភ្ញៀវ​អញ្ជើញ​ចូល​រួម​វេទិកា​ដ៏​មាន​សារៈ​សំខាន់​នា​រសៀល​នេះ​។ ឯកឧត្តមរដ្ឋលេខាធិការ បាន​ធ្វើការ​លើកឡើង​ពី​ការ​អនុវត្ត​យុទ្ធ​សាស្រ្ត​ចតុកោណ​ ដំណាក់​កាល​ទី​៤ របស់​រាជ​រដ្ឋាភិបាលកម្ពុជា​​ ដើម្បី​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ល្អ​ ស្រប​ទៅ​តាម​យុទ្ធសាស្រ្ត​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវរបស់​គោល​នយោបាយ​​ចិន​​ ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​វិនិយោគ ជាពិសេស​ការ​រីក​ចម្រើន​លើ​វិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធ​​។ ជាក់​ស្តែង​ ការ​កសាង​ច្រក​របៀង​មច្ឆាជាតិ​ និង​ជម្រុកស្រូវ​នៅ​ភាគ​ពាយ័ព្យ​​នៃ​ប្រទេស​កម្ពុជា ​ត្រូវ​ការ​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ស្រប​តាម​យុទ្ធសាស្រ្ត​ខ្សែ​ក្រវ៉ាត់និង​ផ្លូវ​ ដើម្បី​តភ្ជាប់​រវាង​ប្រទេស​ជាច្រើនក្នុងតំបន់​ ក្នុង​កិច្ច​សម្រួល​​ពាណិជ្ជកម្ម (ការ​ដឹកជញ្ជូនទំនិញ)​។ តាមរយៈការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​របស់​​ថ្នាក់​ដឹកនាំ​​ប្រទេស​ទាំង​ពីរ​ ​ ជាមួយ​កិច្ច​ព្រម​ព្រៀង​ RCEP និង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹង​បន្ត​ការ​សហការ​ជួយ​គ្នាដើម្បី​ជំរុញសម្រេច​​ទិស​ដៅ​តែ​មួយ ក្នុង​ការ​តភ្ជាប់​ទំនាក់​ទំនង​ ក៏​ដូចជា​បើក​ទីផ្សារ​ចូល​ទៅកាន់តំបន់​អាស៊ាន​ និង​ពិភព​លោក​ផងដែរ​។ ​

ឯកឧត្តមបានបន្តថា ​សក្តានុពល​នៃ​គម្រោង​បង្កើត​កំពង់​ផែតំបន់សេដ្ឋកិច្ចពហុបំណង​ខេត្តព្រះសីហនុ ដែលស្រប​គ្នា​នឹង​ខេត្ត​ហៃ​ណានកំពុង​តែ​សាង​សង់​នូវ​​កំពង់​ផែពាណិជ្ជកម្ម​សេរី​ នឹង​ជំរុញ​ និងពង្រីកកិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរនា​ពេល​អនាគត​​ លើការ​អភិវឌ្ឍសេដ្ឋ​កិច្ច​ កិច្ចសម្រួល​ពាណិជ្ជកម្ម​ ការស្រូប​យក​ការវិនិយោគ​ពីបរទេស​​ និងជំរុញ​វិស័យឧស្សាហកម្ម​​។ ឯកឧត្តម សង្ឃឹម​យ៉ាង​មុត​មាំ​ថា តាមរយៈ​វេទិកា​នេះប្រទេសទាំងពីរ​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​ជា​បន្ត​បន្ទាប់​ ដែល​នា​ពេល​ខាង​មុខ​ដ៏ខ្លីនេះ ​នឹង​មាន​អនុស្សរណៈ​នៃការ​យោគ​យល់​គ្នា​រវាង​កម្ពុជា​ (​ក្រសួង​ពាណិជ្ជកម្ម) និង​ចិន​ (ខេត្ត​ហៃ​ណាន​) ជា​ជំហាន​ដំបូង លើកិច្ច​សហប្រតិបត្តិការ​ជំរុញ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម និង​វិនិយោគ​​​​ ដើម្បី​បើក​ច្រក​ទីផ្សារ​ និង​ទំនាក់​ទំនង​កាន់​តែ​ទូលំ​ទូលាយ។​

ជាកិច្ច​បន្ទាប់​ ឯកឧត្តមអភិបាលរងខេត្តហៃណាន បាន​គោរព​ថ្លែង​​អំណរ​គុណចំពោះ​ ឯក​ឧត្តម​រដ្ឋលេខាធិការ​ និង​ឯក​ឧត្តម​ លោក​ជំទាវ ឧកញ៉ា​ លោក​-លោកស្រី​ភ្ញៀវ​កិត្តិយស​​ចូល​រួម​វេទិកា​​នេះ​។ ឯកឧត្តម បាន​​ជម្រាប​ជូន​ពី​សក្តានុពល​នៃខេត្ត​ហៃ​ណាន​ មាន​នូវ​ប្រវត្តិ​ដ៏ស្រស់​ត្រកាល​ជា​មួយ​​ភាពយុត្តិធម៌ និង​សមភាព ព្រម​ទាំង​មាន​ទីតាំង​ភូមិសាស្រ្ត និង​មាន​ភាពអំណោយ​ផល​ផ្នែក​ទេសចរណ៍ កសិកម្ម​ និង​បច្ចេក​ទេស​ឧស្សាហកម្ម​។ បើក្រលេក​មើល​ពី​កាលានុវត្តភាព​នៅ​ខេត្ត​ហៃណាននាពេលបច្ចុប្បន្ន​នេះ ក្រោម​ការ​ដឹក​នាំ​របស់​ ឯក​ឧត្តម​ ស៊ី ​ជីនភីង​ ប្រធានាធិបតីចិន​​ បាន​ធ្វើការ​កែ​សម្រួល​គោលនយោបាយអនុគ្រោះ​ពន្ធ​ ការ​វិនិយោគ​ ជាពិសេស​ការ​កសាង​នូវ​កំពង់​ផែ​ពាណិជ្ជកម្ម​សេរី​ខេត្ត​ហៃ​ណាន​​ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០២៥។ អ្វី​ដែល​ពិសេស​ ការ​ពង្រីក​ទំនាក់​ទំនង​ជា​មួយ​កម្ពុជា​ បន្ទាប់​ពី​បើក​ប្រទេស​ឡើង​វិញនា​ពេល​ថ្មី​ៗនេះ​​ នឹង​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​សម្រាប់​ការ​នាំ​ចេញ​-នាំ​ចូល​រវាង​ប្រទេស​ទាំង​ពីរមាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ជាក់ស្តែង​បច្ចុប្បន្ន​ខេត្ត​ហៃ​ណានកំពុង​​នាំចូលផ្លែ​​ចេកស្រស់​​ និង​ម្រេច​ពី​កម្ពុជា។ ឆ្លៀត​ក្នុង​ឱកាសនេះ ឯកឧត្តម ក៏បានធ្វើ​ការ​ជម្រាប​ជូន​ពី​ការ​​ត្រៀម​រៀប​ចំ​​កម្ម​វិធី​តាំងពិព័រណ៍អន្តរជាតិ​ លើក​ទី​៣ នៅ​ខេត្ត​ហៃ​ណាន នា​ខែ​មេសា​ខាង​​មុខ​នេះ ដោយ​សង្ឃឹមថានឹងមាន​ការ​ចូល​រួម​ពី​សំណាក់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ជា​ពិសេសក្រសួង​ពាណិជ្ជកម្ម​ និង​សមាគម​/សហគ្រាស​/ក្រុមហ៊ុនកម្ពុជា​​អញ្ជើញ​ចូល​រួម​ឱ្យ​បាន​ច្រើន​កុះ​ករ។​

នា​ឱកាស​នៃ​​​វេទិកា​នេះ​ ក៏​មាន​ការរៀ​បចំ​ពិធី​ចុះហត្ថលេខាលើ​​អនុ​ស្សរណៈនៃ​ការ​​យោគ​យល់​គ្នា​ចំនួន​២ រួមមាន៖ ​(១)រវាងក្រុមប្រឹក្សា​ជំរុញ​ពាណិជ្ជកម្ម​អន្តរ​ជាតិ​ចិន​នៃក្រុមប្រឹក្សា​ខេត្ត​ហៃ​ណាន ​(CCPIT Hainan) និង​​សភាពាណិជ្ជកម្ម​អន្តរជាតិ​ចិន​ហៃ​ណាន​ (CCOIC Hainan) ជាមួយ​​​​ក្រុមហ៊ុន​ឯក​ជនកម្ពុជា​​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ស្តីពីកិច្ច​ជំរុញ​សហប្រតិបត្តិការ​ឧស្សាហកម្ម​​ និង(២)រវាង​ក្រុមហ៊ុន​ឯកជនកម្ពុជា ​និងក្រុមហ៊ុន​​ខេត្ត​ហៃ​ណាន​​ ស្តីពីកិច្ច​សហប្រតិបត្តិការ​លើ​ការ​ដាំ​ដុះ​ម្រេច​៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ