ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ បានស្នើអាមេរិកសិក្សាលទ្ធភាព វិនិយោគលើវិស័យសុខាភិបាលជាពិសេសមន្ទីរពេទ្យឯកជននៅកម្ពុជា

ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ០៤:០៥ នាទី រសៀល

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី  រដ្ឋលេខាធិការ តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ASEAN Business Council) ដែលដឹកនាំដោយ ឯកឧត្តមឯកអគ្គរដ្ឋទូត ម៉ៃឃើល មីឆាឡាក់ (Ambassador Michalak) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងថ្នាក់តំបន់។ កិច្ចប្រជុំនេះមានការចូលរួមពីក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ានតំណាងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា រួមជាមួយនឹងតំណាងក្រុមហ៊ុនធំៗ និងល្បីៗរបស់សហរដ្ឋអាម៉េរិកមួយចំនួនដូចជា៖ ក្រុមហ៊ុន Abbott ក្រុមហ៊ុន ConocoPhillips  ក្រុមហ៊ុន Ford  ក្រុមហ៊ុន Mastercard  ក្រុមហ៊ុន Attwood ក្រុមហ៊ុន RMA Group ក្រុមហ៊ុន Pfizer ក្រុមហ៊ុន Visa និងក្រុមហ៊ុន Vriens & Partners ។

នៅក្នុងជំនួបពិភាក្សានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ម៉ៃឃើល មីឆាឡាក់ ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាណិជ្ជកម្ម ដែលបានទទួលជួបក្រុមគណៈប្រតិភូរបស់លោក នាឱកាសនេះ បើទោះបីជាកម្ពុជាកំពុងតែមមាញឹកត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម និងត្រៀមរៀបចំការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាក៏ដោយ។ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាននឹងព្យាយាមពង្រឹងអាជីវកម្មដែលមានស្រាប់នៅកម្ពុជា និងទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជា ពិសេសនឹងជួយគាំទ្រដល់ការកសាងសមត្ថភាព ធនធានមនុស្ស និងភាពជាអ្នកដឹកនាំ។

ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក  បើទោះជាមានវិបត្តិកូវិតយ៉ាងណា ក៏នៅតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ពិសេស ការវិនិយោគសាងសង់រោងចក្រតម្លើងរបស់ក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA នៅខេត្តពោធិសាត់កាលពីឆ្នាំកន្លងមក។ ការចូលរួមរបស់ក្រុមហ៊ុន Visa និងក្រុមហ៊ុន Mastercard លើវិស័យទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងអង្គការផ្សេងៗក្នុងការបណ្តុះបណ្តាលចំនេះដឹងហិរញ្ញាវត្ថុដល់ប្រជាជនកម្ពុជា។ ជាមួយគ្នានេះដែរការចូលរួមរបស់ក្រុមហ៊ុនអាហារូបត្ថម្ភអាម៉េរិក បាននឹងបន្តសហការជាមួយបណ្តាមន្ទីរពេទ្យនានាក្នុងការផ្សព្វផ្សាយនិងលើកកម្ពស់បញ្ហាសុខភាពដល់ប្រជាជនកម្ពុជាផងដែរ។

ជាកិច្ចបញ្ចប់គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមរដ្ឋលេខាធិការ ពិសេសក្រសួងពាណិជ្ជកម្ម ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់កិច្ចសហប្រតិបត្តិការដល់គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាននៅកម្ពុជាគ្រប់ពេលវេលា។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន និងតំណាងក្រុមហ៊ុនទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមក្នុងកិច្ចប្រជុំនេះ។ ឯកឧត្តមរដ្ឋលេខាធិការក៏បានលើកទឹកចិត្តដល់វិនិយោគិនសហរដ្ឋអាម៉េរិកបន្តការវិនិយោគ ក៍ដូចជាគៀងគរវិនិយោគិន សំខាន់ៗមកកម្ពុជា ដូចជាវិស័យចំណីអាហារ សុខាភិបាល ពិសេសគឺការចូលរួមក្នុងគម្រោងនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ