ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៦:០៣ នាទី ល្ងាច
👁 1
(ភ្នំពេញ)៖ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមអម ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាសដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារទីបញ្ជាការ និងសមិទ្ធផលនានា របស់បញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក នៅខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលជាច្រើន ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្លែងអំណរគុណ និងកតញ្ញូតាចំពោះសម្តេចទាំងទ្វេ តែងបានយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំអំពីសុខទុក្ខ និងសុខុមាលភាពរបស់យោធិន និងក្រុមគ្រួសារ តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ក៏ដូចជាការដោះស្រាយរាល់ការលំបាកផ្សេងៗ ដែលជួបប្រទះនៅតាមគ្រប់បណ្តាស្ថាប័ន-កងឯកភាពទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាឱ្យការបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការរស់នៅ និងហ្វឹកហ្វឺនរៀនសូត្ររបស់យោធិន អាចត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងបន្ថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណផងដែរចំពោះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង-ស្ថាប័នស៊ីវិល ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ ដែលនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងកងយោធពលខេមរភូមិន្ទ ហើយក៏ជាសក្ខីភាពនៃចំណងសាមគ្គីស្អិតរមួតរវាងកងទ័ព និងប្រជាជន លើមូលដ្ឋាននៃខឿនការពារជាតិរបស់ប្រជាជន ដែលគាំទ្រដល់ការបំពេញភារកិច្ចរបស់កងយោធពលខេមរភូមិន្ទក្នុងគ្រប់ដំណាក់កាល។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្តថា ការអភិវឌ្ឍរីកចម្រើនរបស់បណ្តាស្ថាប័ន-កងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ មកដល់បច្ចុប្បន្ន ក៏មិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមចំណែកប្រកបដោយការលះបង់ និងគំនិតច្នៃប្រឌិតរបស់ថ្នាក់ដឹកនាំ និងយោធិនទាំងអស់ នៅក្នុងការកសាង និងពង្រឹងអង្គភាពឱ្យរឹងមាំលើគ្រប់វិស័យ។ ទាំងអស់នេះ គឺពិតជាបានស្តែងឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយឈរលើបុព្វហេតុរួម គឺការកសាងមូលដ្ឋាននៃកិច្ចការពារជាតិ ដើម្បីធានាបាននូវសន្តិភាពស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិ។
នៅកិច្ចបញ្ចប់ ឯកឧត្តមអគ្គមេបញ្ជាការរង ក៏បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតប្រឹងប្រែងរបស់បញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ដែលកន្លងទៅនេះបានបំពេញតួនាទី-ភារកិច្ចទទួលបានលទ្ធផល និងស្នាដៃល្អប្រសើរ ទាំងលើការងារគ្រប់គ្រងកម្លាំងសម្រាប់អន្តរាគមន៍តាមបទបញ្ជា, ការងារហ្វឹកហ្វឺនជំនាញកាំភ្លើងធំតាមផែនការប្រចាំឆ្នាំ និងការចាត់តាំងយោធាចារ្យចុះបង្រៀននៅតាមអង្គភាពមូលដ្ឋាន គឺពិតស័ក្តិសមជាអង្គភាពឆ្នើមមួយ ដែលដើរតួនាទីយ៉ាងសំខាន់ជាសេនាធិការលើការងារដឹកនាំបញ្ជា និងគ្រប់គ្រងកម្លាំងទ័ពជំនាញកាំភ្លើងធំទូទាំងកងទ័ពជើងគោក៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣