ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៧:០៣ នាទី យប់
👁 2
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកនៃកម្មវិធី “Japanese Sake Tasting Fair” ដែលរៀបចំដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅជាន់ទី៣៦ នៃសណ្ឋាគារ Rosewood រាជធានីភ្នំពេញ។
ពិធីនេះ ក៏មានការអញ្ជើញចូរួមពី ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកស្រី Marisa Haruta ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំកម្ពុជា, ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ព្រមទាំងក្រុមការងារនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំកម្ពុជា ជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមជាអធិបតីក្នុងពិធីបើកនៃកម្មវិធីនេះ ព្រមទាំងថ្លែងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការ JETRO ដែលតែងតែផ្តល់ការគាំទ្រ និងផ្តល់កិច្ចសហការជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម ក៏ដូចជាស្ថាប័នពាក់ព័ន្ធក្នុងពេលកន្លងមក ក្នុងទិសដៅពង្រីក និងពង្រឹងទំនាក់ទំនងធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បន្តថា កម្មវិធី “Japanese Sake Tasting Fair” នាពេលនេះ ពិតជាមានសារសំខាន់ក្នុងការផ្សព្វផ្សាយវប្បធម៌និងប្រពៃណីរបស់ជប៉ុន ជាពិសេសស្រា “Sake - សាកេ” ដែលជាផលិតផលប្រពៃណីរបស់ជប៉ុន ដែលមានសារៈសំខាន់ក្នុងការផ្សារភ្ជាប់និងពង្រឹងទំនាក់ទំនងរវាងមនុស្សនិងមនុស្ស គ្រួសារ និងសង្គម។ លើសពីនេះទៀត ការរៀបចំកម្មវិធីនេះក៏ជាផ្នែកមួយសំខាន់ ក្នុងការលើកកម្ពស់ការចែករំលែកការយល់ដឹងអំពីប្រពៃណីនិងទំនៀមទំលាប់រវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បន្ថែមថា ការរៀបចំកម្មវិធីជួបជុំនេះ ពិតជាមិនអាចធ្វើឡើងបានទេ ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា គ្មានសុខសន្តិភាព និងមិនអាចគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយជោគជ័យ។ កត្តាទាំងនេះបានបង្ហាញយ៉ាងច្បាស់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមគ្គុទេសន៍ដ៏ឆ្នើមដែលបានដឹកនាំ និងដាក់ចេញនូវគោលនយោបាយ និងវិធានការអន្តរាគមន៍ទាន់ពេលវេលា ជាពិសេសការដាក់ចេញនូវយុទ្ធសាស្រ្តចាក់វាក់សាំងប្រឆាំងជំងឺកូវីដ-១៩ សំដៅលើកកម្ពស់ និងធានាបាននូវលំនឹងជីវភាពរបស់ប្រជាជន និងប្រក្រតីភាពក្នុងការធ្វើសកម្មភាពធុរកិច្ច និងវិនិយោគ ដែលក្នុងនោះកម្ពុជាអាចស្តារសេដ្ឋកិច្ចឡើងវិញបានឆាប់រហ័ស ជាមួយនឹងកំណើន ៣% នៅឆ្នាំ២០២១, នៅឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាប៉ាន់ប្រមាណថាមានកំណើន ៥,២% និងបន្តកើនឡើងដល់ ៥,៦% ក្នុងឆ្នាំ២០២៣ តាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលតែងតែផ្តល់ជំនួយនិងការគាំទ្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជាពិសេសការគាំទ្រកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កន្លងទៅ ដោយកម្ពុជាទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ គូសបញ្ជាប់ថា ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន មានការរីកចម្រើន និងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ហើយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានសម្ដែងនូវការអបអរសាទរផងដែរចំពោះខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងរវាងកម្ពុជានិងជប៉ុន និងសម្ដែងនូវមោទនភាពចំពោះការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីពី “ភាពជាដៃគូយុទ្ធសាស្រ្ត” ទៅជា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” នៅក្នុងឆ្នាំនេះ។
ការណ៍នេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ មានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំបន្ថែមទៀត តាមរយៈការជំរុញអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជា ជំរុញទេសចរជប៉ុនមកកម្ពុជា និងជាពិសេសការពង្រឹកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មបន្ថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងលើកទឹកចិត្តឱ្យវិនិយោគិនកម្ពុជា និងជប៉ុន បង្កើនការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជា និងជប៉ុនជាភាគីហត្ថលេខី ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ជប៉ុន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលនេះនឹងចូលរួមចំណែកសំខាន់ក្នុងការពង្រីកទំហំពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរបន្ថែមទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣