ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក​វគ្គបណ្តុះបណ្តាលគ្រូបង្គោលជំនាន់ទី១ វគ្គទី២ ស្តីពី “កម្មសិទ្ធិបញ្ញា”

ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៨:៤៧ នាទី ព្រឹក

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ខេត្តសៀមរាប)៖ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជំនាន់ទី១ វគ្គទី២ ស្តីពី “កម្មសិទ្ធិបញ្ញា” ដែលបានប្រព្រឹត្តទៅក្នុងខេត្តសៀមរាប។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអង្គពិធីទាំងមូលអំពីការធ្វើកំណែទម្រង់រដ្ឋបាលគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបាន​រៀបចំច្បាប់ និងបទប្បញ្ញត្តិដែលជាកិច្ចការអាទិភាព ដើម្បីកែលម្អបរិយាកាសធុរកិច្ច ទាក់ទាញ​ការវិនិយោគពីបរទេស និងធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក្រោម​អង្គការ​ពាណិជ្ជកម្មពិភពលោក (WTO)។ ការណ៍នេះ​បានធ្វើឱ្យច្បាប់ពាក់ព័ន្ធនឹង​កម្មសិទ្ធិបញ្ញា​បានលេច​រូបរាង​ជា​​បន្តបន្ទាប់ ដើម្បីធានាការប្រកួតប្រជែងដោយស្មើភាព  តម្លាភាព ផ្តល់ការការពារដល់ម្ចា​ស់កម្មសិទ្ធិ​បញ្ញា​ដោយមិនរើសអើង និងផ្តល់ទំនុកចិត្តដល់ប្រទេសនានា​ក្នុងការស្តាឡើងវិញ​នូវទំនាក់ទំនង​ពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា កន្លងមក យើងបាន​អនុវត្តច្បាប់​ពាក់ព័ន្ធ​នឹងកម្មសិទ្ធិ​បញ្ញា​ដូចជា៖

​​-ច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់នៅឆ្នាំ២០០២

-ច្បាប់ស្តីពី សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល នៅឆ្នាំ២០០៣

-ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍និងគំនូរឧស្សាហកម្ម ២០០៣

ក្រៅពីច្បាប់ទាំងបីនេះ ព្រះរាជាណាចក្រកម្ពុជាក៏នៅមាន ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ  ឆ្នាំ២០០៨ និងច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញឆ្នាំ២០១៤។ នៅក្នុង​ក្របខណ្ឌអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ព្រះរាជាណាចក្រកម្ពុជាបានក្លាយសមាជិកនៃពិធីសារទីក្រុងម៉ាឌ្រីដពាក់ព័ន្ធនឹងការចុះបញ្ជីម៉ាកជាអន្តរជាតិឆ្នាំ២០១៥ សមាជិកនៃសន្ធិសញ្ញាសហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម (The Patent Cooperation Treaty – PCT) ឆ្នាំ២០១៦ និងការចុះអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ ​និងសិល្បៈ ​ដើម្បី​ពង្រឹង​ប្រព័ន្ធកម្ម​សិទ្ធិ​បញ្ញារបស់កម្ពុជានៅក្នុងប្រព័ន្ធអន្តរជាតិ ដែលរួមចំណែក​ទប់ស្កាត់ការក្លែង​បន្លំជា​លក្ខណៈ​អន្តរជាតិ ​ទប់ស្កាត់ការំលោភបំពានសិទ្ធិម្ចាស់ដើម ផ្តល់ភាពងាយស្រួលដល់​ការធ្វើធុរកិច្ចក្នុងបរិបទនៃ​សាកលភាវូប​នីយកម្ម និងឌីជីលូបនីយកម្ម ដោយកាត់បន្ថយពេលវេលា និងថ្លៃចំណាយនៃការដាក់ពាក្យចុះបញ្ជីជាលក្ខណៈអន្តរជាតិ។ ទន្ទឹមនឹងនេះ ការក្លាយជាហត្ថលេខីនៃសន្ធិសញាទាំងនោះ នឹងជំរុញឱ្យមានលំហូរវិនិយោគក្នុងវិស័យបច្ចេកវិទ្យាថ្មីព្រមទាំងបង្កើនថ្លៃទ្រព្យកម្មសិទ្ធិបញ្ញាដែលជាស្នាដៃរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងទីផ្សារអន្តរជាតិផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនា​ធិការ​របស់រាជរដ្ឋាភិបាល បានយកចិត្តទុក​ដាក់​លើ​កិច្ចសម្រួលពាណិជ្ជកម្មដោយបាន​កែលម្អជាបន្ត​បន្ទាប់នូវ​ការ​​ផ្តល់សេវាសាធារណៈឱ្យកាន់​តែ​ប្រសើរ​​ជាងមុន ក្នុងនោះរួមមាន ការបញ្ចុះថ្លៃសេវា ការកាត់បន្ថយ​ពេលវេលា បែបបទដែលបង្កការ​លំបាក​ដោយ​​​ដាក់ឱ្យប្រើប្រាស់ទាំងស្រុងនូវប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន វិទ្យា​ទំនើប តាមរយៈការរៀប​ចំប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្មពេញលេញសម្រាប់កិច្ចការចុះបញ្ជីម៉ាក និងការបង់កម្រៃសេវាសាធារណៈ​តាម​ប្រព័ន្ធអនឡាញ បានរៀបចំប្រព័ន្ធជូនដំណឹងដោយស្វ័យប្រ​វត្តិ​ពីដំណើរការ និងស្ថានភាពនៃ​ការចុះ​បញ្ជី​ម៉ាកទៅអ្នកដាក់ពាក្យស្នើសុំ និងភ្នាក់ងារ ។ នាយកដ្ឋានកម្ម​សិទ្ធិបញ្ញា​នៃ​ក្រសួង​ពាណិជ្ជកម្ម​ក៏​កំពុង​​ពង្រឹងសមត្ថភាពសហគ្រាសធុនតូច និង​មធ្យមឱ្យប្រើប្រាស់​កម្មសិទ្ធិបញ្ញា​​ ដើម្បី​អភិវឌ្ឍ​សហគ្រាស​​របស់ខ្លួនតាមរយៈគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក ព្រមទាំងបាន​ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ត ទំនិញ​សក្តានុពលដូចជា “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” “ក្រូចថ្លុងកោះទ្រង់” “ទឹកឃ្មុំព្រៃមណ្ឌលគិរី” និងគ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ​បន្ថែមទៀត ដូចជា “អំបិល និងផ្កាអំបិលកំពត” “បង្កងតាកែវ” “ក្តាមថ្មកោះកុង” និង“ទឹកត្រីកំពត”។ ក្រៅពី​ម៉ាកសម្គាល់​ភូមិ​សាស្ត្រទំនិញ  ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីម៉ាកសមូហភាព “គុណទាវ​ភ្នំពេញ” “អំបុកកំពង់ធំ” “អង្ករព្រះវិហារ” និងគ្រោងចុះបន្ថែមនូវម៉ាកសមូហភាពដូចជា ៖ “ចម្លាក់​ប្រាក់​​ស្ពាន់​ខេត្ត  កណ្តាល” “ក្រូចពោធិ៍សាត់” និង “នំបញ្ចុកសៀមរាប” ដែលសមិទ្ធផល​ទាំងអស់​ខាងលើនេះ បាន​រួម​ចំណែកយ៉ាងសំខាន់ដល់ការរក្សាកំណើនសេដ្ឋកិច្ច ពង្រឹងអភិបាលកិច្ចល្អ និង​លើកកម្ពស់​ជីវភាព​រស់នៅរបស់​ប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃ​រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ។

បន្ថែមពីនេះទៀត ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ក៏បានសបញ្ជាក់​ឱ្យ​ឃើញ​អំពី​សន្ទុះ​រីក​ចម្រើនក្នុ​ងផ្នែកកម្មសិទ្ធិបញ្ញា ដែលក្រសួងពាណិជ្ជកម្មទទួលបន្ទុក ព្រមទាំងឆ្លុះបញ្ចាំងឱ្យឃើញពី​ការប្តេជ្ញា​ចិត្ត​​របស់​មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ក្នុង​ការធ្វើឱ្យ​ប្រសើរ​ឡើង​ នូវការលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ