ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃក្រុមការងារ ជាន់ខ្ពស់ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំក្រុមការងារជាន់ខ្ពស់ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ានលើកទី៤៣

ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៦:៣៨ នាទី ល្ងាច

👁 4

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(កោះបេលីទុង, ឥណ្ឌូនេស៊ី)៖ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងនៃក្រុមការងារជាន់ខ្ពស់ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (High-Level Task Force on Economic Integration – HLFT-EI)  សម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំក្រុមការងារជាន់ខ្ពស់ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ានលើកទី៤៣ (43rd HLTF-EI) និង​កិច្ចប្រជុំពាក់ព័ន្ធដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១-៣ ខែមីនា ឆ្នាំ២០២៣ នៅកោះបេលីទុង ប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយ ឯកឧត្តម Edi Prio Pambudi អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិនៃក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី និងមានការចូលរួមពីតំណាងក្រុមការងារជាន់ខ្ពស់ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ានមកពីបណ្តាប្រទេសសមាជិកអាស៊ាន និងមន្ត្រីលេខាធិការដ្ឋានអាស៊ាន។

ឯកឧត្តម ពេជ ឫទ្ធី បានថ្លែងអំណរគុណដល់ឥណ្ឌូនេស៊ី ដែលទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំនេះ ក្រោមភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ីសម្រាប់ឆ្នាំ២០២៣ ព្រមទាំងបានបញ្ជាក់សារជាថ្មីពីការប្ដេជ្ញាចិត្តគាំទ្រនិងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធបន្ថែមទៀត។ នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានចូលរួមផ្លាស់ប្តូរយោបល់ក្នុងកិច្ចពិភាក្សា និងបានផ្តល់បទអន្តរាគមន៍លើរបៀបវារៈសំខាន់ៗមួយចំនួន ផងដែរ។

កិច្ចប្រជុំ HLTF-EI លើកទី៤៣ នេះ ផ្តោតសំខាន់លើរបៀបវារៈសំខាន់ៗ រួមមាន៖​ វឌ្ឍនភាពនៃការរៀបចំឯកសារចក្ខុវិស័យនៃសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥, សមិទ្ធផលសេដ្ឋកិច្ចអាទិភាព (PEDs) ក្រោមភាពជាប្រធានរបស់ប្រទេសឥណ្ឌូនេស៊ី, របៀបវារៈចីរភាពអាស៊ាន, ការអនុវត្តល្អក្នុងការធ្វើនិយ័តកម្ម (Good Regulatory Practices) និងការរៀបចំអនុសាសន៍សម្រាប់ដាក់ជូនកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៩។

ក្នុងនោះអង្គប្រជុំ ក៏បានកត់សម្គាល់ផងដែរនូវវឌ្ឍនភាពនៃការងាររៀបចំនិងការអនុវត្តនូវគំនិតផ្តួចផ្តើមមួយចំនួនទៀត រួមមាន៖ ក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ាន (ASEAN Comprehensive Recovery Framework), បដិវត្តន៍ឧស្សាហកម្ម៤.០, ក្របខ័ណ្ឌសេដ្ឋកិច្ចវិលជុំ (Circular Economy) សម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន (៣) ផែនទីបង្ហាញផ្លូវបានដាស៊េរីបេហ្កាវ៉ាន់ (Bandar Seri Begawan Roadmap) ជាដើម។

កិច្ចប្រជុំទទួលបានលទ្ធផលជាផ្លែផ្កា ដោយអង្គប្រជុំបានបញ្ជាក់សារជាថ្មីនូវការគាំទ្រដល់ភាពជាប្រធានរបស់ឥណ្ឌូនេស៊ី ជាពិសេសការបន្តចូលរួម និងកិច្ចខិតខំប្រឹងប្រែងក្នុងដំណើការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ