ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៥:២៥ នាទី ល្ងាច
👁 3
(ទីក្រុងដូហា,កាតា)៖ នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Tanja Fajon ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៅមជ្ឍមណ្ឌលសន្និបាទជាតិកាតា (Qatar National Convention Centre) ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ធនធានទឹក និងទេសចរណ៍ រវាងប្រទេសកម្ពុជា និងសាធារណៈរដ្ឋស្លូវានី។
នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជម្រាបជូន លោកជំទាវ Tanja Fajon អំពីសមិទ្ធិផលថ្មីៗដែលកម្ពុជាសម្រេចបានក្នុងនាមជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីឆ្នាំ២០២២ ដែលមានការចូលរួមពីថ្នាក់ដឹកនាំកំពូលធំៗជាច្រើនមកពីទូទាំងសកលលោក។
ជាមួយគ្នានេះទៀត ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូន លោកជំទាវ និងសហការីអំពីសមិទ្ធផលដែល កម្ពុជាសម្រេចបាននាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលក្នុងនោះរួមមាន៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP), កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាង (CKFTA) និងកម្ពុជាកំពុងត្រៀមនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមនាពេល (Cambodia-UAE CEPA) ផងដែរ។
ក្នុងឱកាសនោះដែរ លោកជំទាវឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីសោមន្សរីករាយដែលបានជួបសំណេះសំណាលការងារជាមួយនឹង ឯកឧត្តមរដ្ឋមន្រ្តី ដោយក្នុងនោះ លោកជំទាវ បានលើកឡើងថា បន្ទាប់ពីវិបត្តិនៃជំងឺរាតត្បាតកូវិត-១៩ មានការថមថយ ប្រទេសនៅក្នុងសហភាពអ៊ឺរ៉ុបមួយចំនួនបាននឹងកំពុងផ្តោតការចាប់អារម្មណ៍មកកាន់តំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះសាធារណរដ្ឋស្លូវានីបានផ្តោតការចាប់អារម្មណ៍ និងការកោតសរសើរខ្លាំងចំពោះការអភិវឌ្ឍន៍ និងរីកចម្រើនរបស់ប្រទេសកម្ពុជា តាមរយៈសុខសន្តិភាព ស្ថេរភាពនយោបាយ និងសមិទ្ធិផលសម្រេចបានធំៗជាច្រើន និងជាបន្តបន្ទាប់។
បន្ថែមពីនេះ លោកជំទាវឧបនាយករដ្ឋមន្រ្តី ក៏បានបង្ហាញអំពីគោលបំណងក្នុងការពង្រឹងកិច្ចប្រតិបត្តិការជាមួយប្រទេសកម្ពុជាលើវិស័យពាក់ព័ន្ធមួយចំនួនដូចជា៖ វិស័យពាណិជ្ជកម្ម វិនិយោគ សុខាភិបាល ធនធានទឹក ការប្រែប្រួលអាកាសធាតុ សមភាពស្រ្តី និងវិស័យទេសចរណ៍ ដើម្បីអាចផ្តល់នូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរផងដែរ។
ជាកិច្ចបញ្ចប់ លោកជំទាវឧបនាយករដ្ឋមន្រ្តី ក៏បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្ដេជ្ញាចិត្តក្នុងការបន្តថែរក្សាស្ថិរភាពនយោបាយ វិបុលភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ លោកជំទាវ ក៏បានបង្ហាញអំពីគោលបំណងក្នុងការបំពេញទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា និងបានគោរពអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តី ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋស្លូវាគីផងដែរ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣