ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៥:៣៩ នាទី ល្ងាច
👁 3
(ហូជីមិញ,វៀតណាម)៖ ដោយមានការចាត់តាំងពី ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមសុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម Tran Quoc Khanh អនុរដ្ឋមន្រ្តីក្រសួងឧស្សហកម្ម និងពាណិជ្ជកម្មវៀតណាម និងសហការី នៅការិយាល័យតំណាងនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នៅទីក្រុងហូជីមិញ សធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុន កំពង់ស្ពឺស៊ូហ្គើរ និងអ្នកច្បាប់ព្រមទាំងដៃគូពាណិជ្ជកម្មវៀតណាម ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តមអនុរដ្ឋមន្ត្រីវៀតណាម ថ្លែងអំណរគុណគ្នាទៅវិញទៅមកអំពីឱកាសជួបពិភាក្សាការងារដើម្បីពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម ដែលក្នុងឆ្នាំ២០២២កន្លងទៅពាណិជ្ជកម្មសរុបមានកំណើតរហូតដល់ជិត២០% ធៀបនឹងឆ្នាំ២០២១ ទោះពីប្រទេសទាំងរងឥទ្ធពលពីកូវីត-១៩ និងអតិផរណាក៏ដោយ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីវឌ្ឍនភាពនៃការរៀបចំបំពេញនីតិវិធីផ្ទៃក្នុងលើការផ្តល់សច្ចាប័នអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនដែលបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសទាំងពីរ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។
លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើសុំភាគីវៀតណាម ពិនិត្យលទ្ធភាពពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ(ព្រៃវែង)-តឺនណាម(តៃនិញ) ដោយនាពេលបច្ចុប្បន្ន គូភាគីនៅរង់ចាំតែ ពិធីសម្ភោធជាផ្លូវការនៃច្រកអន្តរជាតិនេះ ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ប៉ុណ្ណោះ។
ជាការឆ្លើយតប ឯកឧត្តមអនុរដ្ឋមន្រ្តីវៀតណាម បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូកម្ពុជា ព្រមទាំងបានថ្លែងកោតសរសើរនូវទំនាក់ទំនងដ៏ជិតស្និទ្ធយូរអង្វែងរវាងប្រទេសទាំងពីរ និងបានកត់សម្គាល់នូវសារៈសំខាន់ រួមទាំងសាទរនូវការរីកចម្រើននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី ដ៏ល្អប្រសើរ ផងដែរ។
បន្ថែមពីនេះ ឯកឧត្តមអនុរដ្ឋមន្រ្តី បានជម្រាបថា ភាគីវៀតណាម ក៏កំពុងឆ្លងនីតិវិធីផ្ទៃក្នុងផងដែរ ដោយបានបញ្ជូនអត្ថបទកិច្ចព្រមព្រៀងជូនរដ្ឋាភិបាលវៀតណាមពិនិត្យរួចរាល់ហើយ និងបានរំពឹងថាភាគីទាំងពីរ នឹងអាចបញ្ចប់នីតិវិធីផ្ទៃក្នុងរៀងៗខ្លួន នាពេលដ៏ខ្លីខាងមុខ។
ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋមន្រ្តី ក៏បានឯកភាពនឹងពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ(ព្រៃវែង)-តឺនណាម(តៃនិញ) តាមដែលអាចធ្វើបាន ស្របពេលដែលថ្នាក់ដឹកនាំកំពូលទាំងពីរគ្រោងនឹងសម្ភោធច្រកទ្វារអន្តរជាតិនេះ នាពេលដ៏ខ្លីខាងមុខ។
ក្នុងកិច្ចជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើទិដ្ឋភាពទូទៅនៃការធ្វើពាណិជ្ជកម្មទ្វេភាគីផងដែរ ក្នុងនោះរួមមានវឌ្ឍនភាពនៃកិច្ចអនុវត្តរួមគ្នា (Joint Undertaking) ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋបាលរួមគ្នាពាក់ព័ន្ធនឹងបទប្បញ្ញត្តិគយលើគ្រឿងបង្គុំ និងផ្នែករបស់ទោចក្រយាន។ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីនីតិវិធី និងយន្តការនានា សម្រាប់ជួយសម្រួលដល់ការនាំចេញស្ករសកម្ពុជាចូលទៅទីផ្សារវៀតណាម ដើម្បីចៀសវាងការបង់ពន្ធក្រោមវិធានការប្រឆាំងនឹងការបង្វែរទិសដៅទំនិញ។
នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរ និងបន្តអនុវត្តការងារតាមការណែនាំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ សំដៅជំរុញវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលបម្រើដល់ឧត្តមផលប្រយោជន៍សេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣