ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៨:៤១ នាទី ព្រឹក
👁 2
(ទីក្រុងដូហា)៖ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC5) និងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅទីក្រុងដូហា ប្រទេសកាតា ពីថ្ងៃទី៤-៩ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមយ៉ាងសកម្មក្នុងសន្និសីទ LDC5 ដោយបានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំតុមូលជាន់ខ្ពស់ស្ដីពី ការលើកកម្ពស់ការចូលរួមរបស់ប្រទេសអភិវឌ្ឍន៍តិចតួច កាលពីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះដឹកនាំដោយសហប្រធានពីររូបគឺ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជា និង លោកជំទាវ Fitsum Assefa រដ្ឋមន្ដ្រីក្រសួងផែនការនិងអភិវឌ្ឍន៍នៃប្រទេស Ethiopia ព្រមទាំងមានការចូលរួមជាវាគ្មិន ពីបណ្ដារដ្ឋសមាជិក និងស្ថាប័នអន្ដរជាតិនានា។
ជាកិច្ចចាប់ផ្ដើម ក្នុងនាមជាសហប្រធានអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ដ្រី ប៉ាន សូរស័ក្ដិ បានថ្លែងស្វាគមន៍វាគ្មិន និងរដ្ឋសមាជិកដែលបានចូលរួមកិច្ចប្រជុំតុមូលជាន់ខ្ពស់នេះ ព្រមទាំងបានកត់សម្គាល់អំពីការពឹងផ្អែកយ៉ាងខ្លាំងលើធនធានសាធារណៈ ដើម្បីធ្វើហិរញ្ញប្បទានក្នុងការឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងឆ្លើយតបនឹងវិបត្តិ ដែលប្រទេសអភិវឌ្ឍន៍តិចតួច និងពិភពលោកកំពុងជួបប្រទះ។ ជាកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋមន្ដ្រី និងលោកជំទាវសហប្រធាន បានប្រគល់វេទិកាជូនវាគ្មិន ដើម្បីលើកជាមតិយោបល់ និងពិភាក្សាពាក់ព័ន្ធនឹងការចល័តធនធាន និងការពង្រឹងភាពជាដៃគូសកលដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងប្រទេសអភិវឌ្ឍន៍តិចតួច។ វាគ្មិនបានពិភាក្សាយ៉ាងផុសផុល ដោយផ្ដោតលើបញ្ហាប្រឈមមួយចំនួនរបស់ប្រទេស LDCs រួមមាន ធនធានក្នុងប្រទេសមានកំណត់, បន្ទុកបំណុលកាន់តែខ្លាំង និងលទ្ធភាពក្នុងការទាញយកប្រយោជន៍ពីទីផ្សារហិរញ្ញវត្ថុ។ ដំណោះស្រាយឆ្លើយតបនឹងបញ្ហានេះ គឺត្រូវពង្រឹងសមត្ថភាពប្រទេស LDCs ក្នុងវិស័យរដ្ឋបាលពន្ធដារ, ការប្រើប្រាស់ធនធានក្នុងស្រុកប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល, ការទប់ទល់នឹងលំហូរហិរញ្ញវត្ថុខុសច្បាប់, ការចល័តការសន្សំនិងស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក។
កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានភាពជោគជ័យ និងទទួលបាននូវធាតុចូលសំខាន់ៗសម្រាប់ប្រទេស LDCs និងដៃគូអភិវឌ្ឍន៍ក្នុងការជួយគាំទ្រលើការចល័ត និងប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព សម្រាប់បម្រើដល់ការអភិវឌ្ឍប្រកបដោយនិរន្ដរភាព។
នៅកិច្ចបញ្ចប់ លោកជំទាវសហប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការបស់វាគ្មិន និងរដ្ឋសមាជិកផងដែរ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣