ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៥:១៥ នាទី ល្ងាច
👁 0
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្មបានរៀបចំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីពិនិត្យ និងផ្ដល់ធាតុចូលលើសេចក្ដីព្រាងសេចក្តីសម្រេចស្តីពី ការបង្កើតគណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដែលដឹកនាំដោយ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមន្ត្រីជំនាញរបស់នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យ និងផ្ដល់ធាតុចូលលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដើម្បីរក្សាបាននូវនិរន្តភាព និងប្រសិទ្ធភាព ក្នុងការតាមដាន វាយតម្លៃ និងកំណត់សូចនាករវាស់វែងលទ្ធផលអនុវត្តផែនការសកម្មភាព និងធានាជំរុញការអនុវត្តគោលនយោបាយជាតិនេះ។
សូមរំលឹកឡើងផងដែរថា គោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ត្រូវបានទទួលការឯកភាពពីគណៈរដ្ឋមន្រ្តីក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ និងទទួលបានហត្ថលេខាដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី លើអារម្ភកថានៃគោលនយោបាយជាតិនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣