ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៨:០០ នាទី យប់
👁 3
(ក្រុងស្ទឹងសែន)៖ ក្នុងឱកាសដ៏ថ្លៃថ្លានៃពិធីបើកជាផ្លូវការបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ អញ្ជើញចូលទស្សនាស្តង់តាំងបង្ហាញផលិតផលខ្មែរ ដែលរៀបចំទ្បើងដោយក្រសួងពាណិជ្ជកម្ម។
ស្ថិតក្នុងបរិយាកាសដ៏មហោទ្បារិកនេះ ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្រ្តីជំនាញរង់ចាំទទួលបដិសណ្ឋារកិច្ចទទួលស្វាគមន៍សម្តេចតេជោ នៅទីតាំងស្តង់ពិព័រណ៍របស់ក្រសួង និងបានធ្វើឧទ្ទេសនាមជូន សម្តេចតេជោនាយករដ្ឋមន្រ្តី អំពីផលិតផលសក្តានុពលខ្មែរមួយចំនួន ដែលបានយកមកតាំងបង្ហាញក្នុងស្តង់របស់ក្រសួង សម្រាប់ជូនមហាជនទស្សនា រួមមានផលិតផលអង្ករកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់លេខ ១ ជាអង្ករល្អបំផុតទូទាំងពិភពលោក ក្នុងឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ ឆ្នាំ២០១៨ និងឆ្នាំ២០២២ ព្រមទាំងផលិតផលសក្តានុពលខ្មែរ ជាច្រើនមុខទៀត ដូចជាទំនិញសម្គាល់ភូមិសាស្រ្ត ផលិតផលកសិកម្ម និងផលិតផលជាគ្រឿងឧបភោគ បរិភោគ វត្ថុអនុស្សាវរីយ៍ ផលិតផលដែលផលិតក្នុងតំបន់សេដ្ឋកិច្ចពីសេស ដែលបានជ្រើរើស យកមកពីរាជធានី-ខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រៅពីការដាក់តាំងបង្ហាញផលិតផលសក្តានុពលខ្មែរ ស្តង់ពិព័រណ៍របស់ក្រសួងពាណិជ្ជកម្ម ក៏មានរៀបចំជាក្រាហ្វិកបង្ហាញជូនអ្នកទស្សនាអំពីតួលេខនៃការនាំចេញ-នាំចូល តួលេខនៃទំនិញសក្តានុពលរបស់កម្ពុជា ដែលបម្រើឱ្យការនាំចេញ និងសមិទ្ធិផលរបស់ក្រសួងពាណិជ្ជកម្មមួយចំនួនទៀត ផងដែរ។
សូមជម្រាបជូនថា ក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ធំ និងសភាពាណិជ្ជកម្មខេត្ត ក្នុងការរៀបចំពិព័រណ៍ផលិតផលខ្មែរ និងពិព័រណ៍ពាណិជ្ជកម្មចំនួនជាង ២៣០ស្តង់ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅលើបរិវេណសួនច្បារជាប់មាត់ស្ទឹងសែន ដែលជាព្រឹត្តិការណ៍អមពិធីបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ។ ក្រៅពីការរៀបចំពិពរណ៍ផលិតផលខ្មែរ និងពិព័រណ៍ពាណិជ្ជកម្ម គណៈកម្មាការរៀបចំពិធីបុណ្យទន្លេក៏មានរៀបចំព្រឹត្តិការណ៍អមជាច្រើនទៀត ដូចជា៖ កម្មវិធីប្រកួតកីទ្បា កម្មវិធីទស្សនីយភាពសម្តែងសិល្បៈ និងកម្មវិធីកំសាន្តផ្សេងៗទៀត ដែលញុំាងអោយពិធីបុណ្យទន្លេ នាឆ្នាំ២០២៣ នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងអធិកអធមគួរជាទីមោទនៈ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣