ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៨:០៨ នាទី យប់
👁 2
(ក្រុងបាត់ដំបង)៖ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២៣ នៅខេត្តបាត់ដំបង ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា។ ពិធីនេះប្រព្រឹត្តទៅដោយមានការចូលរួមរបស់ ឯកឧត្តម ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង,ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្ពុជា, ឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជខេត្តបាត់ដំបងព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី តំណាងក្រសួង មន្ទីរពាក់ព័ន្ធ កងកំលាំង ផលិតករ ពាណិជ្ជករ សិប្បករ និស្សិត សរុបប្រមាណ២០០នាក់។
មានមតិស្វាគមន៍គណៈអធិបតី និងអង្គពិធី ឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជខេត្តបាត់ដំបង បានមានចំណាប់អារម្មណ៍ថា ការរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២៣ នៅពេលនេះ ចាត់ទុកថាជាលើកតំបូងសម្រាប់សភាពាណិជ្ជកម្ម ក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋានផង និងជួយសម្រួលចរន្តទីផ្សារជូនសមាជិក សមាជិការសភាពាណិជ្ជកម្មផង ដែលកន្លងមកបានជួបប្រទះនូវការលំបាកមួយចំនួន ដូចជាការជ្រៀតចូលទីផ្សារ និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផលិតកម្ម ដែលជាការលំបាកក្នុងការប្រកួតប្រជែង ជាដើម។
ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងឱ្យវិស័យឯកជនដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា បានបញ្ជាក់ជូនអង្គពិធីទាំងមូលថា ពិព័រណ៍នេះ ផ្តោតលើការពង្រឹងរចនាសម្ពន្ធ័ទីផ្សារ តាមរយៈការប្រមូលកៀគរផលិតផល និងសេវា ដែលសមាជិកសភាពាណិជ្ជកម្មរាជធានី-ខេត្តផលិតបាន នាំមកដាក់បង្ហាញចូលទីផ្សារ។ហើយអ្នកចូលរួមទាំងអស់នឹងបានសិក្សារៀនសូត្រ ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក តាមរយៈការដាក់តាំងបង្ហាញផលិតផល និងសេវា ជូនភ្ញៀវទស្សនា និងចូលរួមក្នុងកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ រយៈពេល ៣ ថ្ងៃ ក្រោមប្រធានបទផ្សេងៗ ពីគ្នា ទាក់ទងនឹងផលិតកម្ម ជំរុញទីផ្សារ ពង្រឹងការគ្របគ្រងក្រុមហ៊ុន សហគ្រាស ការអភិវឌ្ឍផលិតផល ជាដើម។ល។ ដែលរៀបចំដោយសភាពាណិជ្ជកម្ម។
ថ្លែងក្នុងពិធីប្រកាសបើកសម្ពោធពិព័រណ៍ជាផ្លូវការ ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះសភាពាណិជ្ជកម្មកម្ពុជា ដែលបានខិតខំរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មនេះឡើង ដើម្បីជួយជំរុញសកម្មភាពទីផ្សារនៅមូលដ្ឋានឱ្យមានចលនាកក្រើកឡើងវិញបន្ទាប់ពីអាក់ខានមួយរយៈពេលដោយសារវិបត្តិកូវីដ-១៩។ ឯកឧត្តមបញ្ជាក់ថា វិស័យឯកជន គឺជាដៃគូសហការដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្មនៅកម្ពុជា ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូបានជំរុញឱ្យផលិតករកម្ពុជា ខិតខំបន្ថែមទៀតក្នុងការផលិតទំនិញសម្រាប់បម្រើទីផ្សារ ខណៈដែលរាជរដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការខិតខំចរចារបើកច្រកទីផ្សារបានច្រើនរួចមកហើយ។ ឯកឧត្តម បានផ្តល់អនុសាសន៍ដល់ផលិតករ សិប្បករកម្ពុជា គួរគប្បីយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ផលិតផល អភិវឌ្ឍន៍សំបកវេចខ្ចប់ ដែលជាចំណុចទាត់ទាញ ហើយផលិតផលនិងសេវាត្រូវមានគុណភាព មានសុវត្ថិភាព និងជាទីទុកចិត្តសម្រាប់អ្នកប្រើប្រាស់។ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានជំរុញលើកទឹកចិត្តដល់សភាពាណិជ្ជកម្ម ក៏ដូចជាដៃគូ ខិតខំពង្រីកសកម្មភាពពាណិជ្ជកម្ម និងសហការគ្នារៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនេះ នៅតាមបណ្តាខេត្តដទៃទៀត ជាពិសេសខេត្តដែលមានសក្កានុពលលើវិស័យទេសចរណ៍។
សូមជម្រាបជូនថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២៣ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែមីនា ឆ្នាំ២០២៣ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការដាក់តាំងបង្ហាញ និងលក់ផលិតផលខ្មែរ និងបន្លែ ផ្លែឈើ និងផលិតផលរបស់សហគមន៍ភូមិ១ ផលិតផល១ ក្នុងខេត្តបាត់ដំបង ដែលមានស្តង់សរុបចំនួន ៧៨ស្តង់។ ក្នុងអំឡុងពេលនេះក៏មានរៀបចំសិក្ខាសាលាពិគ្រោះយោបល់រយៈពេល៣ថ្ងៃ ក្រោមប្រធានបទផ្សេងៗគ្នា៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣