ឯកឧត្តម ប៉ាន សូរស័ក្តិ រាយការណ៍អំពីលទ្ធផលនៃកិច្ចពិភាក្សាតុមូលជាន់ខ្ពស់ស្ដីពី ការចល័តធនធាន និងការពង្រឹងភាពជាដៃគូសកលដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងប្រទេសអភិវឌ្ឍន៍តិចតួចក្នុងអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC5)

ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៣:២៦ នាទី រសៀល

👁 5

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ទីក្រុងដូហា)៖ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC5) និងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅទីក្រុងដូហា ប្រទេសកាតា ពីថ្ងៃទី៤-៩ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមយ៉ាងសកម្មក្នុងសន្និសីទ LDC5 ដោយបានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំតុមូលជាន់ខ្ពស់ស្ដីពី ការលើកកម្ពស់ការចូលរួមរបស់ប្រទេសអភិវឌ្ឍន៍តិចតួច នារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ព្រមទាំងបានអញ្ជើញរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំនេះ ជូនកិច្ចប្រជុំពេញអង្គក្នុងសម័យប្រជុំស្ដីពីការអនុម័តសេចក្ដីប្រកាសនយោបាយដូហា និងចូលរួមក្នុងពីធី បិទបញ្ចប់សន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC5) នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។

 

ជាកិច្ចចាប់ផ្ដើម ក្នុងនាមជាសហប្រធានអង្គប្រជុំតុមូលជាន់ខ្ពស់ ឯកឧត្តមរដ្ឋមន្ដ្រី ប៉ាន សូរស័ក្ដិ បានជម្រាបជូនអង្គប្រជុំអំពី លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកិច្ចប្រជុំតុមូលជាន់ខ្ពស់ខាងលើ និងបានជម្រាបអង្គប្រជុំអំពីបញ្ហាមួយចំនួនដែលមានដូចជា បញ្ហាវិបត្តិសកល និង បញ្ហាហិរញ្ញវត្ថុនិងធនធានមានកំណត់ក្នុងប្រទេស LDCs។ ឯកឧត្ដមសហប្រធានអង្គប្រជុំបានបន្តថា ដំណោះស្រាយឆ្លើយតបនឹងបញ្ហានេះ គឺត្រូវពង្រឹងសមត្ថភាពប្រទេស LDCs ក្នុងវិស័យរដ្ឋបាលពន្ធដារ, ការប្រើប្រាស់ធនធានក្នុងស្រុកប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល, ការទប់ទល់នឹងលំហូរហិរញ្ញវត្ថុខុសច្បាប់, ការចល័តការសន្សំនិងស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក។ ឯកឧត្ដមក៏បានលើកឡើងផងដែរអំពី តម្រូវការរបស់ប្រទេស LDCs លើភាពជាដៃគូសកលដ៏រឹងមាំក្នុងការគាំទ្រប្រទេស LDCs ក្នុងស្មារតីសាមគ្គីភាព ដែលនេះគួរត្រូវបានដាក់ជាទិសដៅការងារបន្ទាប់។

 

គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំពេញអង្គនោះ អង្គប្រជុំបានអនុម័តសេចក្ដីប្រកាសនយោបាយដូហា ដែលជាការប្ដេជ្ញាចិត្តរបស់រដ្ឋសមាជិកក្នុងការអនុវត្តកម្មវិធីសកម្មភាពដូហា (Doha Programme of Action) ក្នុងទសវត្សរ៍នេះ។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ