ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ម៉ោង ១០:០២ នាទី យប់
👁 1
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងត្រៀមចូលរួម កិច្ចប្រជុំគណៈកម្មការរួមនៃកិច្ចព្រមព្រៀង CCFTA នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីក្រុមការងារចរចាដែលជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងឧស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។
កិច្ចប្រជុំត្រៀមនេះ មានគោលបំណងពិនិត្យលើវឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈមនានាក្នុងការអនុវត្តកិច្ចព្រមព្រៀង CCFTA ក្នុងឆ្នាំ២០២២កន្លងទៅ និងប្រមូលធាតុចូលចាំបាច់នានារៀបចំគោលចំហរកម្ពុជាឱ្យបានគ្រប់ជ្រុងជ្រោយ ត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះនៃកិច្ចព្រមព្រៀង CCFTA ជាមួយភាគីមិត្តចិន នាពេលខាងឆាប់ៗ ខាងមុខនេះ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការប្រធានកិច្ចប្រជុំ បានផ្តល់មតិស្វាគមន៍ និងថ្លែងអំណរគុណជូនចំពោះក្រុមការងារចរចាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានឆ្លៀតពេលពីការងារស្នូលដ៏មមាញឹកអញ្ជើញចូលរួមកិច្ចប្រជុំត្រៀមដ៏មានសារៈសំខាន់នេះ។
ជាមួយគ្នានោះ ឯកឧត្តមប្រធាន បានបញ្ជាក់ជូនអង្គប្រជុំថា ដោយអនុលោមតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំកំពូលនៃភាគីទាំងពីរ និងដោយយោងតាមមាត្រា១៣.៣ ស្តីពីវិធាននីតិវិធីនៃគណៈកម្មការរួមនៃកិច្ចព្រមព្រៀង CCFTA កម្ពុជានិងភាគីចិនគ្រោងនឹងរៀបចំកិច្ចប្រជុំគណៈកម្មការរួមលើកដំបូង ក្នុងអំទ្បុងពេលមួយឆ្នាំ បន្ទាប់ពីកិច្ចព្រមព្រៀង CCFTA នេះបានចូលជាធរមាន ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀង ក៏ដូចជាចាប់ផ្តើមអនុវត្តនូវកម្មវិធីការងារ ក្រោមជំពូកពាក់ព័ន្ធនានា សំដៅធ្វើឱ្យការអនុវត្តកិច្ចព្រមព្រៀង CCFTA នេះ កាន់តែពេញលេញ និងមានប្រសិទ្ធភាពបន្ថែមទៀត។
ឯកឧត្តមប្រធាន បានអនុញ្ញាតជូនក្រុមការងារនៃអនុគណៈកម្មាធិការនីមួយៗ ធ្វើសេចក្តីរាយការណ៍សង្ខេបអំពីវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពរ ក្រោមដែនសមត្ថកិច្ចនិងតាមជំពូករបស់ខ្លួន ក្នុងនោះរួមមាន៖ ពាណិជ្ជកម្មទំនិញ, ពាណិជ្ជកម្មសេវាកម្ម, វិធានប្រភពដើមទំនិញ, នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម, វិធានអនាម័យ និងភូតគាមអនាម័យ, របាំងពាណិជ្ជកម្មមិនមែនពន្ធ, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស និងនីតិកម្មនិងស្ថាប័ន ជាដើម។
ជាមួយគ្នានោះ ឯកឧត្តមប្រធាន បានផ្តល់អនុសាសន៍ណែនាំឱ្យក្រុមការងារនីមួយៗ រៀបចំគោលជំហរនិងរបាយការណ៍ត្រៀមឱ្យមានខ្លឹមសារគ្រប់ជ្រុងជ្រោយ ដោយត្រូវឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងបញ្ហាប្រឈមព្រមទាំងសំណើនានាសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាការអនុវត្តគោលនបាយពាណិជ្ជកម្មទ្វេភាគីក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀង CCFTA នេះ។
ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធាន បានណែនាំក្រុមការងារនីមួយៗ ពិនិត្យបញ្ចប់ការរៀបចំគោលជំហរនិងរបាយការណ៍ត្រៀមឱ្យបានឆាប់ ដើម្បីអាចមានពេលវេលាគ្រប់គ្រាន់ពិនិត្យឡើងវិញ ដើម្បីស្នើសុំអាណិត្តនិងការសម្រេចពីថ្នាក់ដឹកនាំបានទាន់ពេលវេលា៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣