ឯកឧត្តម រាជ រ៉ា អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥” នៅខេត្តក្រចេះ

ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ម៉ោង ១០:១៧ នាទី យប់

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ខេត្តក្រចេះ)៖ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅ​សាលសាលាខេត្តក្រចេះ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារអចិន្ត្រៃយ៍នៃក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥ បានអញ្ជើញចូលរួមជាគណៈអធិបតី​ក្នុង​ពិធីបើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥” នៅខេត្តក្រចេះ ក្រោមកិច្ចសហការរវាងអគ្គជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងមន្ទីរ​ពាណិជ្ជកម្ម​ថ្នាក់ខេត្តក្រចេះ។

សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សួស សេរីសួស្តី អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ, តំណាងមកពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរដែនដី, មន្ទីរក្រោមឱវាទរបស់រដ្ឋបាល​ខេត្ត, ជាពិសេសរោងចក្រកែច្នៃ, សមាគមដំឡូងមី, ពាណិជ្ជករវិស័យដំឡូងមី, អាជីវករ និងកសិករ ក្នុងខេត្តក្រចេះ សរុបប្រមាណ ៥៥នាក់។

ថ្លែងក្នុងសិក្ខាសាលានេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ក្រសួងពាណិជ្ជកម្មគឺជា​លេខាធិការដ្ឋាន នៃក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន និងវាយតម្លៃ ការអនុវត្តគោលនយោបាយ​ជាតិ​ស្តីពីដំឡូងមី ២០២០-២០២៥។ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ​យន្តការអនុវត្តប្រកបដោយភាពប្រទាក់ក្រឡា និងកិច្ចសហការស៊ីជម្រៅជាកត្តាដែលមិនអាចខ្វះបាន ដើម្បីធានាបាននូវការអនុវត្តគោលនយោបាយនេះឱ្យទទួលបានជោគជ័យ ដោយឆ្លុះបញ្ចាំងតាមរយៈការកំណត់នូវក្របខណ្ឌស្ថាប័នដែលបានកំណត់ក្នុងគោលនយោបាយនេះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនដែរថា ក្នុងពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មបានដឹកនាំចូលរួមចរចា និងបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ ដោយសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ដែលបានចូលជាធរមានក្នុងឆ្នាំ២០២២ រួមមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។

ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ក្នុងរយៈពេល ១០ខែ ចុងក្រោយក្នុងឆ្នាំ២០២២ កន្លងទៅ កម្ពុជានាំចេញដំឡូងមី ស្រស់ ក្រៀម ម្សៅដំឡូងមី និងកាកសំណល់ដំឡូងមីបានជិត ៣លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស ថៃ និងវៀតណាម។ តម្លៃដំឡូងមីក្នុងដើមឆ្នាំ២០២៣៖ ដំឡូងមីស្រស់ ចន្លោះពី ៣០០-៥០០រៀល/គីឡូ  និងដំឡូងមីក្រៀមតម្លៃចន្លោះពី ៨០០-៩០០ រៀល/គីឡូ។ តម្លៃនេះមានលក្ខណៈល្អប្រសើរធៀបនឹងឆ្នាំកន្លងទៅ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ ក៏បានជម្រាបជូនផងដែរពីលទ្ធផលការងាររបស់ខេត្តដែលបានអនុវត្តកន្លងមកលើកិច្ចការងារអនុវត្តគោលនយោបាយនេះ រួមមាន ១)ការចុះចងក្រងក្រុមផលិតដំឡូងមីបានចំនួន ៤០ក្រុម មានសមាជិក ២.៥២២គ្រួសារ ដើម្បីរួមសហការអនុវត្តខ្សែច្រវាក់ផលិតកម្មដំឡូងមី ឲ្យមានភាពល្អប្រសើរឡើង ២)បានផ្សព្វផ្សាយបច្ចេកទេសពីការទុកដាក់ពូជ ការប្រើប្រាស់វត្ថុធាតុដើមមានស្រាប់ និងកាចុះត្រួតពិនិត្យកត្តាចង្រៃលើដំណាំពូជដំឡូងមីតាមរដូវ ៣) បើកវគ្គផ្សព្វផ្សាយបច្ចេកទេសដំណាំដំឡូងមីបានចំនួន១៤វគ្គ និងបានសម្របសម្រួលចុះកិច្ចសន្យាទិញលក់ដំឡូងមី រវាងក្រុមកសិករផលិត និងឈ្មួញប្រមូលទិញបានចំនួន៣៤កិច្ចសន្យា។

សូមជម្រាបជូនថា សិក្ខាសាលាការផ្សព្វផ្សាយ និងជំរុញការអនុវត្តគោលនយោបាយជាតិនេះ មិនត្រឹមតែមានគោលបំណងបញ្ជ្រាបបន្ថែមដល់តួអង្គពាក់ព័ន្ធក្នុងវិស័យដំឡូងមីប៉ុណ្ណោះទេ តែថែមទាំងស្វែងយល់ពីកាលានុវត្តភាពទីផ្សារ និងសិក្សាពីបញ្ហាប្រឈមនានា សំដៅលើកស្ទួយវិស័យដំឡូងមីកម្ពុជាឱ្យមានសន្ទុះកាន់តែប្រសើរឡើង និងឈានទៅចាប់ការប្រកួតប្រជែងបន្ថែមទៀតនៅទីផ្សារក្រៅស្រុក។ បន្ថែមលើសពីនេះទៀត សិក្ខាកាមទាំងអស់ ក៏ទទួលបានព័ត៌មាននិង​ចំណេះដឹងបន្ថែមទៅលើបច្ចេកទេសថ្មីៗនៃការលើកកម្ពស់ផលិតភាពដំឡូងមី បទដ្ឋានបច្ចេកទេសស្ដង់ដារជាតិនៃគុណភាពចំណិតដំឡូងមីក្នុងការនាំចេញ នីតិវិធីនៃការនាំចេញនាំចូល និងកិច្ចជំរុញពាណិជ្ជកម្មតាមរយៈការប្រើប្រាស់ឧបករណ៍សផ្សេងៗ ក៏ដូចជាការបង្ហាញពីឱកាសនិងបញ្ហាប្រឈមដែលកើតមានក្នុងខ្សែច្រវាក់ផលិតកម្ម ពីសំណាក់វាគ្មិនសំខាន់ៗមកពីក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ និងវិស័យឯកជន។

បន្ទាប់ពី​បិទបញ្ចប់កម្មវិធីសិក្ខាសាលារួចមក ឯកឧត្តមគណៈអធិបតី និងប្រតិភូអមដំណើរ បានអញ្ជើញទៅទស្សនកិច្ច នៅក្រុមហ៊ុន SingSong Industrial (Cambodia) Co., Ltd. ដែលជា​រោងចក្រកែច្នៃពីដំឡូងមីស្រស់ ទៅជាម្សៅមី ដើម្បីស្វែងយល់បន្ថែមពីខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន ដែលមានទីតាំងស្ថិតក្នុងភូមិអូឬស្សី២ សង្កាត់អូឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ផងដែរ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ