ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៣:៣៦ នាទី រសៀល
👁 2
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយគណៈកម្មការពិព័រណ៍ចិន-អាស៊ាន នៃទីក្រុងណាននីង បានរៀបចំវេទិកាផ្សព្វផ្សាយពិព័រណ៍ចិន-អាស៊ានលើកទី២០ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម រាជធានីភ្នំពេញ ដែលកម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោកជំទាវបណ្ឌិត វៃ ចាវហ៊ុយ (Wei Zhaohui) អគ្គលេខាធិការនៃគណៈកម្មការពិព័រណ៍ចិន-អាស៊ាន និងលោក អ៊ូ គួកឈាន (Mr. WU Guoquan) ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូតចិន ប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ឧកញ៉ា លោក លោកស្រីតំណាងក្រុមហ៊ុន សហគ្រាសកម្ពុជា និងពាណិជ្ជករ និងអាជីវករប្រមាណ ១០០ នាក់។
ក្នុងពិធីផ្សព្វផ្សាយនេះ ឯកឧត្តម ឈួន ដារ៉ា បានរម្លឹកពីការចូលរួមពិព័រណ៍របស់ភាគីកម្ពុជា ដោយ ក្រសួងពាណិជ្ជកម្មកម្ពុជា បានធ្វើជាដៃគូសហការរៀបចំចូលរួមពិព័រណ៍ចិន-អាស៊ាន ជាលើកដំបូងនៅឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ន មានចំនួន២០លើកហើយ (គិតក្នុងឆ្នាំ២០២៣នេះ) និងបានធ្វើជាប្រទេសកិត្តិយសចំនួន២ លើក ដែលលើទី១ នៅឆ្នាំ២០០៨ និងលើកទី២ នៅឆ្នាំ២០១៨ ហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមពិធីសម្ពោធពិព័រណ៍ចិន-អាស៊ានដោយផ្ទាល់ បានចំនួន ១១លើក និងក្នុងអំឡុងពេលកូវីដ-១៩ កាលពីឆ្នាំ២០២០-២០២២ សម្តេចតេជោ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកសម្ពោធពិព័រណ៍ពីចម្ងាយ តាមរយៈការថតវីដេអូទុកចាក់ផ្សាយក្នុងពេលសម្ពោធ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់កម្ពុជាចំពោះការរៀបចំពិព័រណ៍ចិន-អាស៊ាន ខាងលើ។
មានប្រសាសន៍ទៅកាន់អ្នកចូលរួម ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានគូសបញ្ជាក់ថា ការចូលរួមរបស់កម្ពុជាក្នុងពិព័រណ៍ចិន-អាស៊ានពីមួយឆ្នាំ ទៅមួយឆ្នាំ បានធ្វើឲ្យមានការកើនឡើងទាំងចំនួនក្រុមហ៊ុន ទាំងពាណិជ្ជករ។ ហើយក្នុងការចូលរួមមួយលើកៗ កម្ពុជា បានទទួលពានរង្វាន់ជាហូរហែតាមប្រភេទនីមួយៗ ពីគណៈកម្មការCAEXPO ដូចជា៖ ពានរង្វាន់Best Visitor Organizer, Best City of Cham Pavilion Preparation, Best Promotion on Investment Cooperationជាដើម។ ទាក់ទងនឹងព្រឹត្តិការណ៍នេះ ក្រសួងពាណិជ្ជកម្ម បានត្រៀមលក្ខណៈចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ ឆ្នាំ២០២៣ ខាងមុខនេះ និងបានត្រៀមខ្លួនរួមសហការជាមួយលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន និងក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំវេទិកាធុរកិច្ច វិនិយោគ និងទេសចរណ៍ ក្នុងអំឡុងពេលពិព័រណ៍ ដើម្បីគៀងគរអ្នកទេសចរណ៍ និងវិនិយោគិនចិនចូលមកទស្សនានិងវិនិយោគនៅកម្ពុជា។
សូមជម្រាបជូនថា ពិព័រណ៍ចិន-អាស៊ានលើកទី២០ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។ វេទិកាផ្សព្វផ្សាយនេះ មានគោលបំណងកៀរគរក្រុមហ៊ុន សហគ្រាស និងពាណិជ្ជករកម្ពុជា ទៅចូលរួមពិព័រណ៍ចិន-អាស៊ានដោយផ្ទាល់ឡើងវិញ ដូចមុនកើតមានវិបត្តិកូវីដ-១៩ ហើយក្រសួងពាណិជ្ជកម្មក្នុងនាមប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ នឹងជ្រើសរើសខេត្តស្រស់ប្រិមប្រីយរបស់កម្ពុជា សម្រាប់រៀបចំសាងសង់ជាពន្លាជាតិក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ សម្រាប់ជូនភ្ញៀវទស្សនា ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់អ្នកទស្សនាអន្តរជាតិ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣