ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៩:៥៣ នាទី យប់
👁 0
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាសមាជិក គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ស.ផ) បានចូលរួមកិច្ចប្រជុំពិភាក្សាផ្តល់យោបល់លើសេចក្តីព្រាងរសេចក្តីព្រាងរបាយការណ៍លទ្ធផលដំណាក់កាលទី២ នៃផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ស.ផ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ឯកឧត្តមទេសរដ្ឋមន្ត្រី ជាអនុប្រធាន គ.ស.ផ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា គ.ស.ផ និងតំណាងវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (UPDIS) ផងដែរ។
នៅក្នុងឱកាសនោះ កិច្ចប្រជុំបានស្តាប់របាយការណ៍សង្ខេបរបស់លេខាធិការដ្ឋាន និងវិទ្យាស្ថាន UPDIS ហើយបន្ទាប់មក បានពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍លទ្ធផលដំណាក់កាលទី២ នៃផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងសេចក្តីព្រាងរបាយការណ៍ផ្នែកពាក់ព័ន្ធទាំង១២ (Draft 12 Thematic Reports)។
នៅក្នុងចំណាប់អារម្មណ៍ដំបូងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេសអន្តរក្រសួង និងបានវាយតម្លៃខ្ពស់ចំពោះសេចក្តីព្រាងរបាយការណ៍លទ្ធផលដំណាក់កាលទី២នេះ ក្រោមការដឹកនាំនិងចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ប្រធាន គ.ស.ផ។ ចំពោះទិដ្ឋភាពពាណិជ្ជកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ធាតុចូលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក និងការទទួលបានភាពអនុគ្រោះពន្ធ ក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ (Generalized System of Preference)។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគោរពរាយការណ៍ជូនអង្គប្រជុំជ្រាបផងដែរថា ក្រសួងពាណិជ្ជកម្ម បានបន្តខិតខំប្រឹងប្រែងក្នុងស្មារតីបុរេសកម្ម ដោយបានធ្វើការយ៉ាងជិតស្និតជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជន ក្នុងការធ្វើពិពិធកម្មទីផ្សារតាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមមាន៖ កម្ពុជា-ចិន កម្ពុជា-កូរ៉េ និងបានកំពុងចរចាបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Comprehensive Economic Partnership Agreement ហៅកាត់ថា CEPA) ជាមួយភាគីអេមីរ៉ាតអារ៉ាបរួម (UAE) ដែលគ្រោងរៀបចំពិធីប្រកាសបិទបញ្ចប់ការចារចាជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា៖ គោលដៅសំខាន់នៃផែនការមេនេះ គឺដើម្បីអភិវឌ្ឍន៍ផែនការយុទ្ធសាស្រ្ត គោលដៅ និងផែនការមេជាក់ស្តែង សម្រាប់រាជរដ្ឋាភិបាលកម្ពុជា អនុវត្តក្នុងការអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣