ឯកឧត្តម សុខ សុភ័ក្ត្រ ថ្លែងសន្ទរកថាបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី “តើគោលនយោបាយពាណិជ្ជកម្ម និងជំនួយពាណិជ្ជកម្មអ្វីខ្លះ គាំទ្រដល់កម្ពុជា បន្ទាប់ពីការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច?”

ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៣:២២ នាទី រសៀល

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានផ្តល់កិត្តិយសថ្លែងសន្ទរកថាបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី “តើគោលនយោបាយពាណិជ្ជកម្ម និងជំនួយពាណិជ្ជកម្មអ្វីខ្លះ គាំទ្រដល់កម្ពុជា បន្ទាប់ពីការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច?” ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ Rosewood Phnom Penh ក្រោមការរៀបចំ និងគាំទ្រដោយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), អង្គការសន្និសិទពាណិជ្ជកម្ម និងការអភិវឌ្ឍន៍របស់សហប្រជាជាតិ (UNCTAD) និងក្រសួងពាណិជ្ជកម្ម។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពិភាក្សាជាមួយអ្នករៀបចំគោលនយោបាយ និងវិស័យឯកជន នូវឧបករណ៍និងយុទ្ធសាស្រ្តគោលនយោបាយសមស្របបំផុត ទាំងនៅក្នុងវិស័យគោលនយោបាយប្រពៃណី និងគោលនយោបាយថ្មី ដែលរួមមាន ការបើកច្រកទីផ្សារ, វិធានប្រភពដើម, អនាម័យនិងភូតគាមអនាម័យ, ពាណិជ្ជកម្មសេវាកម្ម, ពាណិជ្ជកម្មអេឡិចត្រូនិក និងសេវាកម្មឌីជីថល។ សិក្ខាសាលាថ្នាក់ជាតិ ក៍នឹងកំណត់រកសេចក្តីត្រូវការជំនួយពាណិជ្ជកម្មថ្មី ដើម្បីតម្រង់ទិសទៅរកជំនួយស្រាវជ្រាវ និងកសាងសមត្ថភាព សម្រាប់គាំទ្រកម្ពុជា នៅក្នុង (១) ការអនុវត្តកិច្ចសន្យានៅក្រោមកិច្ចព្រមព្រៀងអាសិប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដទៃទៀត ព្រមទាំង បង្កើនអត្រានៃការប្រើប្រាស់កិច្ចព្រមព្រៀងទាំងនេះ, (២) ការចរចា FTA ថ្មីៗ ប្រកបដោយ ប្រសិទ្ធភាព, និង (៣) កំណត់រកយុទ្ធសាស្ត្រគោលនយោបាយពាណិជ្ជកម្ម ដើម្បីរក្សា និងធ្វើអោយ ប្រសើរឡើងច្រកចូលទីផ្សារនៅក្នុងប្រទេសសំខាន់ៗដែលផ្តល់ការការអនុគ្រោះ បន្ទាប់ពីការចេញពី ប្រទេស LDC និងស្វែងរកជម្រើសទីផ្សារផ្សេង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់លើលក្ខណៈវិនិច្ឆ័យចំនួន៣ សម្រាប់ការមានលទ្ធភាពចាកចេញពីប្រទេស LDC ដែលមានដូចជា Gross national income (GNI) per capita, Human Assets Index (HAI), និង Economic and Environmental Vulnerability Index (EVI) ។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា កម្ពុជាបំពេញបានលក្ខណៈវិនិច្ឆ័យនៃការចាកចេញពីប្រទេស LDC ជាលើកទី១ នៅក្នុងឆ្នាំ២០២១ ដូច្នេះ ប្រសិនបើនៅពេលធ្វើការត្រួតពិនិត្យឡើងវិញនៅក្នុងឆ្នាំ២០២៤ គណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍ (CDP) របស់ UN បានវាយតម្លៃ និងផ្តល់អនុសាសន៍អំពីការចាកចេញនៅក្នុងខែកុម្ភៈឆ្នាំ២០២៤ ក្រុមប្រឹក្សាសេដ្ឋកិច្ច-សង្គមរបស់ UN (ECOSOC) នឹងចេញសេចក្តីសម្រេចឯកភាពយល់ព្រមទៅលើអនុសាសន៍នេះនៅក្នុងខែមិថុនា បន្ទាប់មកអង្គមហាសន្និបាតអាចចេញសេចក្តីសម្រេចចាត់វិធានការនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៤។  ចាប់ផ្តើមពីឆ្នាំនេះទៅ កម្ពុជានឹងត្រូវតែរៀបចំ និងអនុវត្តយុទ្ធសាស្ត្រអន្តរកាល (transition strategy) ឱ្យបានរលូននិងមានសន្ទុះទៅមុខ ដើម្បីជៀសវាងការធ្លាក់ថយក្រោយ មកវិញ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំសិក្ខាកាមទាំងអស់ ឱ្យលើកជាសំណួរដោយផ្ទាល់ទៅអ្នកជំនាញដែលបានផ្តល់បទបង្ហាញដោយផ្ទាល់ និងតាមអន់ឡាញ និងខិតខំស្វែងយល់ អំពីបញ្ហាប្រឈមនៃការបាត់បង់ការអនុគ្រោះនានា  និងការរៀបចំគោលនយោបាយសមស្របក្នុងការដោះស្រាយនាពេលអនាគត៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ