សិក្ខាសាលាផ្សព្វផ្សាយអំពីបទប្បញ្ញត្តិជាតិ និងអន្តរជាតិទាក់ទងនឹងការប្រើប្រាស់ពលកម្មដោយបង្ខំ

ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៨:០៣ នាទី យប់

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការគ្រប់គ្រងកិច្ចសន្យាជួលផលិតបន្តក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ វាយន- ភណ្ឌ និងស្បែកជើង បានអញ្ជើញចូលរួមជា អធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពីបទប្បញ្ញត្តិជាតិ និងអន្តរជាតិទាក់ទងនឹងការប្រើប្រាស់ពលកម្មដោយបង្ខំ។

ក្នុងសិក្ខាសាលានេះក៏មានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានពន្ធនាគារ មណ្ឌលអប់រំកែប្រែទី២ និងសមាជិក គណៈកម្មការជាច្រើនរូបផ្សេងទៀត រួមទាំងរោងចក្រ-សហគ្រាស ដែលជាសមាជិក នៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), សមាគមស្បែកជើងកម្ពុជា, សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា, និងសមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា សរុបចំនួន ៨០នាក់។

ឯកឧត្តមប្រធានគណៈកម្មការ  បានជម្រាបជូនអ្នកចូលរួមពីគោលបំណងនៃសិក្ខាសាលានេះថា គឺដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវបទប្បញ្ញត្តិជាតិ និងអន្តរជាតិទាក់ទងនឹងការហាមឃាត់នូវការប្រើប្រាស់ពលកម្មដោយបង្ខំ សំដៅជៀសវាងការអនុវត្តខុសនាំឱ្យមានការផាកពិន័យ, ជាប់ទោសទណ្ឌ, និងបង្ករផលប៉ះពាល់ដល់កិត្តិនាមកម្ពុជាដែលធ្លាប់ត្រូវបានអន្តរជាតិបានទទួលស្គាល់ថា ផលិតនាំចេញពីកម្ពុជាបានផ្សារភ្ជាប់ជាមួយស្តង់ដារការងារល្អប្រសើររួចហើយ ថែមទាំងបានគោរពទៅតាមច្បាប់កំណត់របស់អង្គការពាណិជ្ជកម្មអន្តរជាតិ (WTO) អង្គការអន្តរជាតិខាងការងារ (ILO) និងច្បាប់ការងាររបស់កម្ពុជា ផងដែរ។  

ឯកឧត្តមក៏បានគូសបញ្ជាក់យ៉ាងលំអិតអំពីទិដ្ឋភាពច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដូចជា៖

១-អនុសញ្ញាលេខ ២៩ ស្តីពីការងារដោយបង្ខំ ឬជាកាតព្វកិច្ច របស់អង្គការអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅក្នុងឆ្នាំ១៩៦៩ រួចហើយ

២-កិច្ចព្រមព្រៀងទូទៅស្តីពីពាណិជ្ជកម្មនិងពន្ធគយ ឆ្នាំ១៩៩៥ របស់អង្គការពាណិជ្ជកម្មពិភពលោក ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅក្នុងឆ្នាំ២០០៤

៣-ច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់ កាលពីឆ្នាំ១៩៩៧

៤-ប្រកាសអន្តរក្រសួងលេខ ពិសេសអន្តរស្ថាប័ន ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ ស្តីពីការហាមឃាត់ការប្រើប្រាស់ពលកម្មជនជាប់ឃុំក្នុងពន្ធនាគារ ដើម្បីផលិតទំនិញនាំចេញ

ឯកឧត្តមបានបន្ថែមទៀតថា កម្ពុជាបានទទួលអត្ថប្រយោជន៍ច្រើនពីការនាំចេញ, ដែលក្នុងនោះ ការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ២០២២ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកមានប្រមាណ ៨.៩៦៩ លានដុល្លារអាម៉េរិក, ទីផ្សារសហភាពអឺរ៉ុបមានប្រមាណ៤.០៤៥លានដុល្លារអាម៉េរិក, និងទីផ្សារជប៉ុនមានប្រមាណ ១.១៧៣ និងទៅបណ្តាទីផ្សារដទៃទៀត ផងដែរ។  ហេតុនេះកម្ពុជាមិនអាចបណ្តែតបណ្តោយឱ្យមានការលួចផលិតនូវមុខទំនិញនាំដោយប្រើពលកម្មដោយបង្ខំ នោះឡើយ។

ជាការឆ្លើយតប រោងចក្រ-សហគ្រាស ដែលជាសមាជិក នៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), សមាគមស្បែកជើងកម្ពុជា, សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា, និងសមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា បានថ្លែងំណរគុណចំពោះការរៀបចំសិក្ខាសាលផ្សព្វផ្សាយនេះ ហើយបានចូលរួមពិភាក្សា និងសួរសំណួរយ៉ាងផុសផុល ព្រមទាំងបានឱ្យមានការរៀបចំឱ្យមានសិក្ខាសាលាដ៏មានសារៈសំខាន់នេះជាបន្តបន្ទាប់ទៀត ដើម្បីជៀសវាងការអនុវត្តខុស ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់របស់រោងចក្រ-សហគ្រាស ទោះបីជាគ្មានចេតនាក្នុងការប្រើប្រាស់ពលកម្មដោយបង្ខំ ក្តី។

ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានគណៈកម្មការ  បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី រួមទាំងតំណាងរោងចក្រ-សហគ្រាសទាំងអស់ ដែលបានចូលរួម និងយកចិត្តទុកដាក់ខ្ពស់ក្នុងសិក្ខាសាលានាព្រឹកនេះ ដោយណែនាំឱ្យដាក់ឯកសារពាក់ព័ន្ធ និងមធ្យោបាយសម្រាប់ទាក់ទងពីបណ្តារោងចក្រ សហគ្រាស និងក្រុមហ៊ុន នៅក្នុងបណ្តាញសង្គមផងដែរ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ