ក្រសួងពាណិជ្ជកម្មជួបប្រជុំជាមួយតំណាងផ្សារទំនើប ដើម្បីជួយសម្របសម្រួលរកដំណោះស្រាយ និងផលវិបាកក្នុងការធ្វើអាជីវកម្មក្នុងកំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ម៉ោង ០៥:២០ នាទី ល្ងាច

👁 40

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានរៀបចំកិច្ចប្រជុំអនឡាញតាមប្រព័ន្ធ ZOOM ជាមួយតំណាងបណ្ដាផ្សារទំនើបនានា ដើម្បីជួយសម្របសម្រួលរកដំណោះស្រាយ និងស្វែងយល់បន្ថែមពីផលវិបាកក្នុងការធ្វើអាជីវកម្មក្នុងកំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ក្រោមអធិបតិភាព ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម អមដោយ ឯកឧត្តម កៅ កោសល អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នាយកដ្ឋានកិច្ចការណ៍ពិព័រណ៍ជាច្រើនរូប និងមានការចូលរួមពីតំណាងផ្សារទំនើប Aeon Mall, តំណាងផ្សារទំនើប Makro Phnom Phenh, តំណាងផ្សារទំនើប Lucky, តំណាងផ្សារទំនើប Bayon, តំណាងផ្សារទំនើប Supper Store, តំណាងផ្សារទំនើប Chip Mong និងតំណាងផ្សារទំនើប Bio Mart ផងដែរ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងទៅកាន់អង្គប្រជុំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី-១៩ និងដើម្បីរក្សារស្ថេរភាពតម្លៃទំនិញផលិតផលនៅលើទីផ្សារ ជាពិសេសគឺផលិតផលស្បៀងអាហាររបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើដល់ម្ចាស់ផ្សារទំនើបទាំងអស់ ចូលរួមសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការដាក់លក់ទំនិញរបស់ខ្លួនក្នុងវេបសាយរបស់ក្រសួងពាណិជ្ជកម្ម ឬសហការ ដឹកជញ្ជូនទំនិញជូនប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហម។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងកោតសរសើរដល់ម្ចាស់ផ្សារទំនើបទាំងអស់ដែលកន្លងមកបានរក្សារស្ថេរភាពថ្លៃទំនិញបានល្អ ទោះបីស្ថិតក្នុងគ្រាលំបាកយ៉ាងណាក៏ដោយ។

ទន្នឹមនឹងនេះ ភាគីតំណាងផ្សារទំនើបបានសំណូមពរដល់ក្រសួងពាណិជ្ជកម្ម ក្នុងការជួយសម្របសម្រួលចំពោះបញ្ហាធំៗមួយចំនួន ដែលខ្លួនកំពុងតែប្រឈមមុខ ក្នុងនោះរួមមាន៖ ការធ្វើដំណើររបស់បុគ្គលិកទៅ-មកដើម្បីបំពេញការងារ ការលំបាកក្នុងការដឹកជញ្ជូនទំនិញធ្លងពីខេត្តចូលមករាជធានីភ្នំពេញ និងការនាំចូលទំនិញពីក្រៅប្រទេស ដើម្បីផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុក៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ