កិច្ចប្រជុំរវាងគណៈកម្មការគ្រប់គ្រងកិច្ចសន្យាជួលផលិតបន្ត ក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង ជាមួយសមាគមសម្លៀកបំពាក់-ស្បែកជើងអាម៉េរិក និងក្រុមហ៊ុន VF Corporation

ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០២:១៥ នាទី រសៀល

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការគ្រប់គ្រងកិច្ចសន្យាជួលផលិតបន្តក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង បានដឹកនាំគណៈកម្មការជួបប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយនឹងសមាគមសម្លៀកបំពាក់ និងស្បែកជើងអាម៉េរិក (AAFA) និងក្រុមហ៊ុន VF Corporation ដើម្បីជម្រាបអំពីស្ថានភាពជាក់ស្តែង និងលទ្ធផលនៃការស៊ើបអង្កេតលើករណីសង្ស័យមានការប្រើប្រាស់ពលកម្មដោយបង្ខំផលិតនូវផលិតផលសម្រាប់នាំចេញ ។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម កែវ ឈា, ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសហរដ្ឋអាម៉េរិក, អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជា, តំណាងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, តំណាងរបសក្រុមហ៊ុន Gap Inc. និងក្រុមហ៊ុន PVH Corporation។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មការ  បានជម្រាបជូនអង្គប្រជុំថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបង្កាមិនឱ្យមានការប្រើប្រាស់ពលកម្មដោយបង្ខំនៅកម្ពុជា ហើយក៏បានយកចិត្តទុកដាក់ផងដែរ ចំពោះការព្រួយបារម្ភរបស់សមាគម AAFA និង VF Corporation ដែលសង្ស័យថា មានការប្រើប្រាស់ពលកម្មដោយបង្ខំនៅកម្ពុជាដើម្បីផលិតទំនិញនាំចេញ តាមរយៈការរៀបចំឱ្យមានគណៈកម្មការអន្តរក្រសួងតាំងពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១១កន្លងទៅ ហើយបានកែសម្រួលសមាសភាពគណៈកម្មការ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ដោយពង្រីកវិសាលភាពការងារ និងបន្ថែមសមាជិកជាន់ខ្ពស់ មកពីក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ  ដើម្បីបើកការស៊ើបអង្កេតជាពិសេស លើករណីសង្ស័យថាមានការប្រើប្រាស់ពលកម្មដោយបង្ខំ ដែលផ្ទុយនឹងមាត្រាច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មការ ក៏បានគូសបញ្ជាក់ផងដែរអំពីកាតព្វកិច្ចដែលកម្ពុជាត្រូវអនុវត្តក្រោមច្បាប់របស់ជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងបានពន្យល់លម្អិតអំពីលទ្ធផលនៃការស៊ើបអង្កេត និងវិធានការដែលបានដាក់ចេញដោយគណៈកម្មការអន្តរក្រសួងលើក្រុមហ៊ុនដែលមានការពាក់ព័ន្ធដោយយោងតាមប្រកាសអន្តរក្រសួងលេខ ពិសេសអន្តរស្ថាប័ន ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ ស្តីពីការហាមឃាត់ការប្រើប្រាស់ពលកម្មជនជាប់ឃុំក្នុងពន្ធនាគារដើម្បីផលិតទំនិញនាំចេញ។ ក្នុងនោះដែរ គណៈកម្មការបាន និងកំពុងបន្តធ្វើការផ្សព្វផ្សាយអំពីបទប្បញ្ញត្តិជាតិ និងអន្តរជាតិទាក់ទងនឹងការប្រើប្រាស់ពលកម្មដោយបង្ខំ ជូនដល់បណ្តារោងចក្រ-សហគ្រាស សំដៅដើម្បីជៀសវាងការអនុវត្តខុសគោលការច្បាប់ដោយវិស័យឯកជន ដែលជាហេតុនាំឱ្យមានការផាកពិន័យ, ការជាប់ទោសទណ្ឌ, ខូចខាតដល់ផលប្រយោជន៍រោងចក្រ-សហគ្រាស និងកិត្តិនាមកម្ពុជាផងដែរ។  

បន្ថែមលើនេះ ឯកឧត្តមប្រធានគណៈកម្មការ បានជម្រាបថាកម្ពុជានឹងរៀបចំជាអនុក្រឹត្យ ដើម្បីកែលម្អយន្តការដែលមានស្រាប់ ដោយបន្ថែមនូវនីតិវិធីលម្អិត យន្តការគ្រប់គ្រងជាអចិន្ត្រៃយ៍ ការទទួលខុសត្រូវរបស់ក្រុមហ៊ុនពាក់ព័ន្ធ ជាពិសេសអ្នកចុះកិច្ចសន្យាជួលផលិតបន្តច្រើនជាន់ថ្នាក់ (Sub and Sub-contract) ដោយកំណត់ឱ្យបានច្បាស់លាស់ និងញែកឱ្យដាច់រវាងកម្មវិធីស្តារនីតិសម្បទាទណ្ឌិត ជាមួយនឹងការចុះកិច្ចសន្យាជួលផលិតបន្តដើម្បីធ្វើពាណិជ្ជកម្ម ។  

ជាការឆ្លើយតប AAFA និង VF Corporation សម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្នើឱ្យគណៈកម្មការបន្តស៊ើបអង្កេតបន្ថែមទៀតលើក្រុមហ៊ុនពាក់ព័ន្ធ ជាបន្តទៀត ដោយ AAFA និង VF Corporation នឹងសហការផ្តល់ព័ត៌មានបន្ថែមក្នុងករណីចាំបាច់ ដើម្បីការពារដល់កេរ្តិ៍ឈ្មោះផលិតផលរបស់កម្ពុជា ។  

ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានគណៈកម្មការ  ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាម៉េរិក, តំណាងសមាគមសម្លៀកបំពាក់ និងស្បែកជើងអាម៉េរិក (AAFA), ក្រុមហ៊ុន VF Corporation, ក្រុមហ៊ុន Gap Inc., ក្រុមហ៊ុន PVH Corporation, អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសហរដ្ឋអាម៉េរិក, តំណាងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការីទាំងអស់ ដែលបានផ្តល់កិច្ចសហការដ៏ល្អ និងការគាំទ្រ ព្រមទាំងការលើកទឹកចិត្តដល់គណៈកម្មការ និងកោតសសើរដល់លទ្ធផលនៃការស៊ើបអង្កេត ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ