ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៨:២៨ នាទី យប់
👁 1
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនសហរដ្ឋអាម៉េរិក ដែលដឹកនាំដោយ ឯកឧត្តម ហួត គីមឆា អគ្គកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហួត គីមឆា ថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ ឯកឧត្តមរដ្ឋលេខាធិការ ដែលបានស្វាមគមន៍ និងទទួលជួបគណៈប្រតិភូរបស់លោកនាឱកាសនេះ ដើម្បីអោយគណៈប្រតិភូលោកបានស្វែងយល់បន្ថែមពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ គណៈប្រតិភូសហរដ្ឋអាម៉េរិក ក៏បានសរសើរពីកិត្យានុភាពកម្ពុជា ពិសេសផលិតផលកសិកម្ម ដូចជា ផលិតផលអង្ករកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងរយៈពេល៥ឆ្នាំជាប់គ្នា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណចំពោះគណៈប្រតិភូវិនិយោគិនសហរដ្ឋអាម៉េរិក និងបានសម្តែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលមានការកើនឡើងគួរអោយកត់សម្គាល់ បើទោះជាមានវិបត្តិកូវីតយ៉ាងណាក៏ដោយ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តខ្ពស់ចំពោះក្រុមហ៊ុនសហរដ្ឋអាម៉េរិកដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក៏ដូចជាការសហការវិនិយោគជាមួយដៃគូក្នុងស្រុកផងដែរ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
ជាងនេះទៅទៀត ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីស្ថានភាពបរិយាកាសវិនិយោគដ៏ល្អរបស់កម្ពុជា ក៏ដូចជានីតិវិធីផ្សេងៗក្នុងការស្នើសុំបង្កើតក្រុមហ៊ុន រោងចក្រ ធនាគារ និងលើកទឹកចិត្តខ្ពស់ចំពោះការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជាដែលមានតម្រូវការខ្ពស់ និងទីផ្សារល្អ។
ទន្ទឹមនឹងនេះដែរ តំណាងក្រុមហ៊ុន Singpoli Group សហរដ្ឋអាម៉េរិកក៏បានធ្វើបទបង្ហាញជូន ឯកឧត្តមរដ្ឋលេខាធិការ អំពីប្រតិបត្តិការ, ផលិតផលរបស់ក្រុមហ៊ុន និងពានរង្វាន់ដែលក្រុមហ៊ុនទទួលបាន និងជាពិសេសនោះគឺ បានបង្ហាញពីការចាប់អារម្មណ៍ខ្ពស់ ក្នុងការចាប់យកឱកាសវិនិយោគនៅកម្ពុជាតែម្តង។
នៅកិច្ចបញ្ចប់គណៈប្រតិភូវិនិយោគិនសហរដ្ឋអាម៉េរិក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមរដ្ឋលេខាធិការ ពិសេសក្រសួងពាណិជ្ជកម្ម ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់កិច្ចសហប្រតិបត្តិការដល់គណៈប្រតិភូរបស់លោកនៅកម្ពុជាគ្រប់ពេលវេលា៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣