ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម Enggartiasto Lukita អតីតរដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី

ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៨:២០ នាទី យប់

👁 4

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ទីក្រុងហ្សាកាតា, ប្រទេសឥណ្ឌូនេស៊ី) នាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម Enggartiasto Lukita អតីតរដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី និងសហការី ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ទ្វេភាគី រវាងកម្ពុជា និងឥណ្ឌូនេស៊ី ព្រមទាំងចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានកាលពីឆ្នាំ២០២២។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមន្សរីករាយដែលបានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម Enggartiasto Lukita និងបានជម្រាបជូនផងដែរ អំពីបទពិសោធន៍របស់កម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ ស្របពេលដែលពិភពលោកកំពុងស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ និងកំពុងប្រឈមនឹងបញ្ហាសកលជាច្រើន ដូចជា ជម្លោះរុស្ស៊ីនិងអ៊ុយក្រែន ការឡើងថ្លៃទំនិញស្បៀងអាហារ និងវិបត្តិថាមពល ជាដើម។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញភាគីឥណ្ឌូនេស៊ី នាំចូលផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ អំឡូងមី គ្រាប់ស្វាយចន្ទី និងស្វាយ ជាដើម ដែលជាផលិតផលសក្តានុពលរបស់កម្ពុជា និងកំពុងត្រូវបានជំរុញឱ្យមានការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនានា ជាពិសេស អង្ករកម្ពុជាដែលទទួលបានពានរង្វាន់អង្ករល្អដាច់គេលើពិភពលោកចំនួន ៥ដង ហើយការទទួលបានពានរង្វាន់អង្ករល្អដាច់គេលើពិភពលោកលើកចុងក្រោយគឺនៅឆ្នាំ២០២២ នៅប្រទេសថៃឡង់ដ៏។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្ថែមទៀតថា វិនិយោគិនឥណ្ឌូនស៊ី អាចវិនិយោគលើវិស័យកសិកម្ម ដូចជាការបង្កើតរោងម៉ាស៊ីនកិនស្រូវ ការកែច្នៃអំឡូងមីជាផលិតផលឱសថ និងប្រដាប់វេចខ្ចប់ សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ ការកែច្នៃស្វាយ និងផ្លែឈើផ្សេងៗ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនស៊ីភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជាឲ្យបានឆាប់ៗ ដើម្បីសម្រួលដល់លំហូរវិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរ។

នាឱកាសនោះដែរ ឯកឧត្តម Enggartiasto បានសម្តែងនូវក្តីសោមន្សរីករាយនិងថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានឆ្លៀតពេលទទួលជំនួបសំណេះសំណាលនិងកិច្ចពិភាក្សានេះ ស្របពេលដែល ឯកឧត្តមរដ្ឋមន្រ្តី ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ២៩ (29th AEM Retreat) នៅទីក្រុងម៉ាហ្គាឡាំង ប្រទេសឥណ្ឌូនេស៊ី។ បន្ថែមពីនេះ ឯកឧត្តម Enggartiasto បានអបអរសាទរកម្ពុជា សម្រាប់ការទទួលបានភាពជោគជ័យក្នុងការបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ និងបានបង្ហាញអំពីគោលបំណងក្នុងការពង្រឹងកិច្ចប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគី លំហូវិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរ។

ឯកឧត្តម Enggartiasto Lukita ក៏បានកត់សម្គាល់ផងដែរថា កម្ពជាមានការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើននិងមានកំណើនធន់រឹងមាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី   នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្ដេជ្ញាចិត្តក្នុងការបន្តថែរក្សាស្ថេរភាពនយោបាយ វិបុលភាព និងស្ថេរភាពសេដ្ឋកិច្ច ជាពិសេសបានកោតសរសើពីកិច្ចខិតខំប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការជំរុញការនាំចេញទំនិញកសិកម្ម និងទាក់ទាញវិនិយោគ។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ឯកឧត្តម Enggartiasto ចំពោះការរៀបចំកិច្ចពិភាក្សានេះ និងបានប្តេជ្ញាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសកម្ពុជានិងឥណ្ឌូនេស៊ី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ