ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Jose Lucas do Carmo da Silva រដ្ឋមន្រ្តីទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រខាងកើត ជួបពិភាក្សាការងារទ្វេភាគី

ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០១:១១ នាទី រសៀល

👁 3

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ទីក្រុងម៉ាហ្គាឡាំង, ឥណ្ឌូនេស៊ី)៖ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា (AEM Lead for Cambodia) បានអនុញ្ញាតជូន ឯកឧត្តម Jose Lucas do Carmo da Silva រដ្ឋមន្រ្តីទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រខាងកើត ជួបពិភាក្សាការងារទ្វេភាគី នៅកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៩ (The Twenty-Nine ASEAN Economic Ministers’ Retreat– the 29th AEM Retreat) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រារព្វទ្បើងនៅសណ្ឋាគារ Plataran Heritage Borobudur Hotel ក្នុងទីក្រុងម៉ាហ្គាឡាំង ប្រទេសឥណ្ឌូនេស៊ី។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្ដីពាណិជ្ជកម្មកម្ពុជា បានថ្លែងអបអរសាទរ និងសម្តែងការស្វាគមន៍ជូនចំពោះ ឯកឧត្តម Jose Lucas do Carmo da Silva រដ្ឋមន្រ្តីទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រខាងកើត ក្នុង ឱកាសដែលសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ត្រូវបានអនុញ្ញាតជាគោលការណ៍ដោយថ្នាក់ដឹកនាំកំពូលអាស៊ានឱ្យចូលជាសមាជិកសង្កេតការណ៍ក្នុងអាស៊ាន។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើភាគីទីម័រខាងកើតពិនិត្យលទ្ធភាពជំរុញការនាំចូលអង្ករកម្ពុជា តាមរយៈការអនុវត្តឱ្យបានពេញលេញនិងមានប្រសិទ្ធភាពនូវអនុស្សារណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខារួចរាល់ រវាងភាគីទាំងពីរ កាលពីឆ្នាំ២០២២ កន្លងទៅ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើពិនិត្យលទ្ធភាពឱ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរផងដែរ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់នៃវិស័យឯកជននៃប្រទេសទាំងពីរក្នុងការចូលរួមលើកកម្ពស់ការអភិឌ្ឍសេដ្ឋកិច្ចសង្គម និងការបង្កើនការរីកចម្រើនលើវិស័យសំខាន់ៗ ជាពិសេសការចូលរួមជំរុញ ការវិនិយោគ និងពាណិជ្ជកម្ម ដែលជាចលករនៃកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យសភាពាណិជ្ជកម្មនៃភាគីទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការបន្ថែម តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការផ្គូរផ្គងពាណិជ្ជកម្មនិងវិនិយោគ ការចូលរួមជាក្រុមហ៊ុនភាគទុនរួម (Joint Venture) ក៏ដូចជា ពិនិត្យលទ្ធភាពធ្វើបច្ចុប្បន្នអនុស្សារណៈនៃការយោគយល់គ្នាដែលមានស្រាប់ សំដៅអាចជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តម Jose Lucas do Carmo da Silva រដ្ឋមន្រ្តីទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សាហកម្ម ទីម័រខាងកើត បានថ្លែងអំណរគុណយ៉ងជ្រាលជ្រៅជូនរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលបានផ្តល់ការគាំទ្រយ៉ាងពេញលេញជូនសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានជាសមាជិកសង្គេតការ និងគាំទ្រដល់ដំណើរការចូលជាសមាជិកអាស៊ាន និងជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)។

ឯកឧត្តម បានជម្រាបជូនថា នឹងពន្លឿន និងជំរុញការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាពាក់ព័ន្ធពាណិជ្ជកម្មអង្ករឱ្យបានពេញលេញ ដោយគូសបញ្ជាក់អំពីសក្តានុពលនៃអង្ករកម្ពុជាផងដែរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សាហកម្ម ទីម័រខាងកើត បានយល់ស្របផងដែរថា វិស័យឯកជនពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងការលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ឯកឧត្តមបានជម្រាបជូនថា នឹងជំរុញឱ្យមានជំនួបរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ជាពិសេសតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ដើម្បីពិនិត្យលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមានសក្តានុពលនានា។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ