ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ដឹកនាំសមាជិកនៃ គ.ប.ក. និងមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋាន «ក.ប.ប.» ទៅទស្សនកិច្ចសិក្សានៅការិយាល័យ PCC នៃប្រទេសហ្វីលីពីន

ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៦:៣៩ នាទី ល្ងាច

👁 4

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ទីក្រុងខេហ្សុន, ប្រទេសហ្វីលីពីន)៖ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ តាមរយៈការអញ្ជើញរបស់ លោក Michael Galicia Aguinaldo ប្រធាននៃគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន (PCC) ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានដឹកនាំសមាជិកនៃ គ.ប.ក. និងមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ទៅទស្សនកិច្ចសិក្សារយៈពេល២ថ្ងៃ នៅការិយាល័យ PCC នៅទីក្រុងខេហ្សុន ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី ២៣ ដល់ ២៤ ខែមីនា ឆ្នាំ២០២៣។

តាមរយៈការគាំទ្រពីគម្រោង COMPETE ដំណាក់កាលទី២ របស់ទីភា្នក់ងារ GIZ ដំណើរទស្សនកិច្ចសិក្សានេះមានគោលបំណងជួយដល់ គ.ប.ក. ដើម្បីទទួលបានការយល់ដឹងកាន់តែប្រសើរអំពីការរៀបចំស្ថាប័ន និងឧត្តមានុវត្តន៍កន្លងមករបស់ PCC ជាពិសេសលើការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង និងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង គ.ប.ក. និងអគ្គនាយកដ្ឋាន ក.ប.ប. ជាមួយ PCC ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន (PCC) ចំពោះកិច្ចសហការដ៏ល្អរបស់ស្ថាប័នទាំងពីរ ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យប្រកួតប្រជែងនៅកម្ពុជា ជាពិសេសចំពោះការឆ្លើយតបទៅនឹងគន្លាតនៃការកសាងសមត្ថភាព ដើម្បីធានាឱ្យស្ថាប័នប្រកួតប្រជែងអាស៊ានអាចអភិវឌ្ឍជំនាញ និងសមត្ថភាពដែលចាំបាច់ សំដៅធ្វើឱ្យការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលដៅយុទ្ធសាស្ត្រទី២ នៃផែនការសកម្មភាពប្រកួតប្រជែងអាស៊ាន (ACAP 2025)។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ក្នុងរយៈពេលនៃទស្សនកិច្ចសិក្សាចំនួន ២ថ្ងៃនេះ គណៈប្រតិភូនៃ គ.ប.ក. និងអគ្គនាយកដ្ឋាន ក.ប.ប. មានឱកាសបានសិក្សាស្វែងយល់លើប្រធានបទ និងបញ្ហាសំខាន់ៗមួយចំនួន ដែលបានបកស្រាយដោយសមាជិកនៃគណៈកម្មាធិការ និងប្រធាននាយកដ្ឋានពាក់ព័ន្ធរបស់ PCC ក្នុងនោះរួមមាន៖

(១). ទិដ្ឋភាពទូទៅនៃរបបប្រកួតប្រជែងនៃសាធារណរដ្ឋហ្វីលីពីន

(២). រចនាសម្ព័ន្ធ និងតួនាទីរបស់ PCC

(៣). បទពិសោធន៍ក្នុងការរៀបចំស្ថាប័ន និងការរៀបចំផែនការយុទ្ធសាស្រ្តអនុវត្តច្បាប់របស់ PCC

(៤). ផែនទីសម្រាប់ការបង្កើតគោលនយោបាយស្ដីពីការប្រកួតប្រជែង

(៥). ការតស៊ូមតិ និងការចូលរួមពីភាគីពាក់ព័ន្ធ និង

(៦). នីតិវិធីរបស់ PCC ស្តីពីការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ការវិនិច្ឆ័យ និងការរួមបញ្ចូលគ្នានៃធុរកិច្ច។

ជាមួយគ្នានេះដែរ ប្រធានស្ថាប័នទាំងពីរនៃទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន (PCC) បានធ្វើការពិភាក្សាប្រកបដោយការយកចិត្តទុកដាក់ខ្ពស់លើវិធីសាស្រ្ដ និងមធ្យោបាយនានា ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ សំដៅបង្កើនផលប្រយោជន៍រួមគ្នា ក៏ដូចជាការទទួលបាននូវការរួបរួមគ្នាក្នុងតំបន់ផងដែរ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ