ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ម៉ោង ១០:១១ នាទី ព្រឹក
👁 3
(កំពត)៖ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងមហាសន្និបាតកំណើតដំបូងរបស់សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពត កែប ដែលមានការចូលរួមពី លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ពេញ ធារម្យ អភិបាលរងខេត្តកំពត, ឯកឧត្តម យស់ មុន្នី អភិបាលរងខេត្តកែប, ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា, លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត និងខេត្តកែប, លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត និងខេត្តកែប, តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), លោក សុក សារ៉ង ជំនាញការថ្នាក់ជាតិរបស់អង្គការ AFD, អង្គការ WIPO និងគណៈកម្មការបណ្តោះអាសន្ន នៅសាលមិត្តភាព ក្នុងខេត្តកំពត។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជ្រកក្រោមម្លប់សន្តិភាពជាង ២០ឆ្នាំ ក្នុងការផ្តល់សុខដមរមនាដល់ការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងបានស្ថារឡើងវិញនូវដីរាប់សិបហិកតាដែលធ្លាប់តែគ្របដណ្តប់ដោយគ្រាប់មិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាមឱ្យទៅជាដីកសិកម្មសម្រាប់បងប្អូនប្រជាពលរដ្ឋអាស្រ័យផលដើម្បីជីវភាពរស់នៅ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ក្នុងនោះផងដែរ ផលិតផលអំបិលជាទំនិញយុទ្ធសាស្ត្រមួយដែលរាជរដ្ឋាភិបាលកម្ពុជាបានតាមដាន និងយកចិត្តទុកដាក់ខ្ពស់ដោយផលិតផលនេះមិនត្រឹមតែបម្រើនៅក្នុងវិស័យម្អូបអាហារនោះទេ ប៉ុន្តែក៏ត្រូវបានយកទៅប្រើប្រាស់គាំទ្រដល់ផលិតកម្មក្នុងវិស័យឧស្សាហកម្មដទៃផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ការកំណត់យកផលិតផលអំបិលកំពត-កែប ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្នុងប្រទេសកម្ពុជា គឺជាគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងការទាញយកប្រយោជន៍ជាអតិបរមាពីផលិតផលសក្តានុពលផ្អែកតាមកត្តាភូមិសាស្រ្តរបស់ខេត្តនីមួយៗ ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលក្នុងការធ្វើពិពិធកម្មមុខទំនិញ និងពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា ដោយតាមរយៈបទពិសោធន៍របស់ ឯកឧត្តមផ្ទាល់ ការចុះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញពិតជាបានផ្តល់នូវលទ្ធផលវិជ្ជមានជាច្រើនទាំងការលើកកម្ពស់ផ្នែកសេដ្ឋកិច្ច ផ្សព្វផ្សាយវប្បធម៌ ទាក់ទាញទេសចរណ៍ និងការអភិវឌ្ឍមូលដ្ឋាន ប៉ុន្តែចាំបាច់ត្រូវមានសមាគមដែលមានអភិបាលកិច្ចល្អ ធ្វើការតាមដាន ត្រួតពិនិត្យ និងគ្រប់គ្រងការប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញប្រកបដោយភាពម៉ត់ចត់បំផុត ដើម្បីធានាឱ្យការប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញស្របតាមសៀវភៅបន្ទុកអំបិលកំពត-កែប និងស្មារតីរួមរបស់សមាគម។
ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា ជាលទ្ធផលនៃមហាសន្និបាតកំណើតដំបូងរបស់សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពត-កែបនាពេលនេះ សមាគមទទួលបានសមាសភាព ដូចខាងក្រោម៖
១- លោក ប៊ុន ណារិន ជាប្រធានសមាគម
២- លោក ប៊ុន ច័ន្ទតារា ជាអនុប្រធាន
៣- លោកស្រី ប៉ាក ពៅ ជាអនុប្រធាន
៤- សមាជិក មានចំនួន ៧រូប និង
៥- សវនករផ្ទៃក្នុង មានចំនួន ៣រូប
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់ លោកប្រធានសមាគម អនុប្រធាន និងសមាជិកគណៈកម្មការប្រតិបត្តិនៃសមាគមអ្នកផលិតអំបិលកំពត-កែប ឱ្យខិតខំបំពេញការងាររបស់ខ្លួនឱ្យបានល្អ តាមតួនាទី និងភារកិច្ចរបស់ខ្លួន ដូចមានចែងក្នុងសៀវភៅលក្ខន្តិកសមាគម សៀវភៅបន្ទុកអំបិលកំពត និងចូលរួមអភិវឌ្ឍកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “អំបិលកំពត-កែប” ឱ្យកាន់តែល្បីល្បាញបន្ថែមទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣