ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួពាណិជ្ជកម្ម អនុញ្ញាតឱ្យគណៈប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ

ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ម៉ោង ១០:២១ នាទី ព្រឹក

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម​ កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យគណៈប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោក Chu Thang Trung អគ្គនាយករងអាជ្ញាធរឧបាស្រ័យពាណិជ្ជកម្ម និងសហការី​ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នាកំឡុងពេលរូប លោក និងគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានសម្តែងនូវស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការអញ្ជើញមកទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជារបស់ លោកអគ្គនាយករង និងគណៈប្រតិភូ ជាពិសេសការអញ្ជើញមកជួបពិភាក្សាការងារជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម សំដៅធ្វើការរួមគ្នាក្នុងការគាំទ្រ និងជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើឡើងបន្ថែមទៀត។

ក្នុងឱកាសនោះដែរ លោកអគ្គនាយករង Chu Thang Trung ​​ បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី​ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅដល់រូបលោក និងគណៈប្រតិភូ។

ជាមួយគ្នានេះ លោកអគ្គនាយករង ក៏បានជម្រាបជូនផងដែរ អំពីលទ្ធផលទស្សនកិច្ចរយៈពេល ២ថ្ងៃ របស់រូបលោក និងគណៈប្រតិភូនៅកម្ពុជា ដោយបានចុះបំពេញទស្សនកិច្ចស្វែងយល់លម្អិតពីខ្សែច្រវាក់ផលិតកម្មមួយចំនួន រួមមាន៖ ការផលិត​ ការរក្សាទុក ការវេចខ្ចប់ និងការនាំចេញ, ទីតាំង បច្ចេកទេសដាំដុះ និងចម្ការ ចំពោះផលិតផលកសិកម្មមួយចំនួន របស់ក្រុមហ៊ុនធុរកិច្ចកម្ពុជា  ក៏ដូចបានជួបប្រជុំចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរព័ត៌មានជាមួយអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម លើការស្នើសុំ និងការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (C/O) គ្រប់ទម្រង់ ផងដែរ។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានវាយតម្លៃខ្ពស់ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចការងាររបស់គណៈប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងបានបង្ហាញនូវក្ដីសង្ឈឹមយ៉ាងមុតមាំថាតាមរយៈទស្សនកិច្ចនេះនឹងជួយជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរកាន់តែល្អប្រសើបន្ថែមទៀត ក៏ដូចជាចូលរួមចំណែកជំរុញប្រសិទ្ធភាពការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ផងដែរ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ