មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ជួបសម្តែងការគួរសមជាមួយ លោក Arai Masayoshi អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មនិងព័ត៌មាន និង លោក Hiroshi Ishikawa ទីប្រឹក្សាពិសេស រដ្ឋមន្ត្រី និងជាប្រធាន តំបន់ អាស៊ី ប៉ាស៊ីហ្វិក

ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៩:៤០ នាទី ព្រឹក

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី និង ឯកឧត្តម ស៊ីម សុខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ លោក Arai Masayoshi អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មនិងព័ត៌មាន និង លោក Hiroshi Ishikawa ទីប្រឹក្សាពិសេស រដ្ឋមន្ត្រី និងជាប្រធានតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដើម្បីសម្តែងការគួរសម និងពិភាក្សាលើកិច្ចសហប្រតិបត្តិការសម្រាប់ខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងកម្ពុជា-ជប៉ុន ជាពិសេសលើវិស័យពាណិជ្ជកម្ម។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកទាំងពីរ ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា ព្រមទាំងចូលរួមក្នុងជំនួបសម្តែងការគួរសមនៅថ្ងៃនេះ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនសម្រាប់ការគាំទ្រជាបន្តបន្ទាប់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា រួមមានការគាំទ្រកម្ពុជាក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ ផងដែរ។

ក្នុងឱកាសនោះ ដើម្បីអបអរសាទរខួបលើកទី៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន លោក Arai Masayoshi និង លោក Hiroshi Ishikawa បានធ្វើបង្ហាញពីសំណើរបស់ជប៉ុនទៅកាន់អាស៊ាន ស្តីពី ASEAN-Japan Co-Creation Series 2023 ដែលផ្តោតសំខាន់លើចក្ខុវិស័យអាស៊ានជប៉ុន សម្រាប់រយៈពេល៥០ឆ្នាំខាងមុខ និងសំណើគម្រោងមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ជប៉ុននាពេលអនាគត រួមមាន ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់ផ្គត់ផ្គង់ ការបង្កើតបណ្តាញសហគ្រិនវ័យក្មេងអាស៊ាន-ជប៉ុន និងការបង្កើតធុរកិច្ចរួមគ្នាដើម្បីដោះស្រាយបញ្ហាសង្គម ជាដើម។

ជាមួយគ្នានេះ  ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ និងគាំទ្រចំពោះសំណើរបស់ភាគីជប៉ុន ដែលជាគំនិតផ្តួចផ្តើមដ៏ល្អសម្រាប់តំបន់អាស៊ាននិងជប៉ុន។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានជម្រាបជូនផងដែរ អំពីការវិវឌ្ឍថ្មីៗ សក្តានុពលនិងឱកាសវិនិយោគនៅកម្ពុជា និងបានជំរុញវិនិយោគិនជប៉ុនឱ្យមកវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធនៅកម្រិតតំបន់ ក៏ដូចជានឹងខិតខំពង្រឹង និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ