ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៤:៤៨ នាទី រសៀល
👁 0
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Graeme Buckley ប្រធានការិយាល័យរបស់អង្គការអន្តរជាតិខាងការងារប្រចាំនៅប្រទេសថៃ កម្ពុជា និងឡាវ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះ លោក Graeme Bukley និងសហការីដែលបានអញ្ជើញមកទស្សនកិច្ចនៅប្រទេសកម្ពុជា និងជួបសម្តែងការគួរសម ព្រមទាំងពិភាក្សាការងារនាពេលនេះ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណផងដែរចំពោះ ILO-BFC ដែលបានជួយដល់ប្រទេសកម្ពុជាយ៉ាងច្រើនក្នុងការអនុវត្តន៍លក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ និងសម្លៀកបំពាក់ ស្របតាមបទដ្ឋានការងារដែលទទួលស្គាល់ជាអន្តរជាតិ និងស្របតាមច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនថា ជាងពីរឆ្នាំមកនេះ សេដ្ឋកិច្ចស្ទើរតែគ្រប់ប្រទេសទាំងអស់បាន និងកំពុងទទួលរងបច្ច័យអវិជ្ជមាននិងការរំខាន ដែលបណ្តាលមកពីជំងឺរាតត្បាតសកលកូវីដ-១៩។ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍ពិភពលោក ដូចជាការអភិវឌ្ឍន៍វ៉ាក់សាំង និងការអនុម័តវិធានការប្រុងប្រយ័ត្ន អនុញ្ញាតឱ្យយើងរកឃើញផ្លូវឆ្ពោះទៅរកការងើបឡើងវិញនៃសេដ្ឋកិច្ច និងសង្គម។ បន្ថែមលើនេះ កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវពហុភាគីនិយម ដែលនាំឱ្យសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងចីរភាពសម្រាប់ពិភពលោក។
ឯកឧត្តមរដ្ឋលេខាធិការ បានរំលឹកថា កម្ពុជាបានចូលជាសមាជិករបស់អង្គការអន្តរជាតិខាងការងារនៅតាំងពីឆ្នាំ១៩៦៩។ ចាប់តាំងពីឆ្នាំ១៩៩៩មក រាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាជាមួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដោយបានផ្សារភ្ជាប់កិច្ចព្រមព្រៀងទ្វេភាគីលើវិស័យវាយនភ័ណ្ឌ (U.S.-Cambodia Bilateral Textile Agreement) ជាមួយលក្ខខណ្ឌការងារនៃអង្គការអន្តរជាតិខាងការងារ និងស្របតាមច្បាប់ស្តីពីការងាររបស់ព្រះរាជាណាចក្រកម្ពុជា។ ក្រោមកិច្ចព្រមព្រៀងនេះ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាបានចាប់ផ្តើមបង្កើតឡើងក្នុងឆ្នាំ២០០១ ដើម្បីកែលម្អលក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់ តាមរយៈការអនុវត្តច្បាប់ការងារ និងច្បាប់ពាក់ព័ន្ធរបស់ព្រះរាជាណាចក្រកម្ពុជា ដែលទទួលស្គាល់ស្តង់ដារការងារជាអន្តរជាតិ។ បន្ទាប់ពីកិច្ចព្រមព្រៀងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក បានបញ្ចប់នៅចុងឆ្នាំ២០០៤ និងមិនត្រូវបានបន្តដោយសារកម្ពុជាបានក្លាយជាសមាជិក WTO, ពេលនោះ រាជរដ្ឋាភិបាលកម្ពុជាក៏នៅតែប្តេជ្ញាចិត្តបន្តគាំទ្រគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជានេះជាបន្តបន្ទាប់ទៀត ដែលកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការអន្តរជាតិខាងការងារ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា លើកទី៨ ដែលមានរយៈពេលប្រាំឆ្នាំតទៅទៀត ចាប់ពីឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៧។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ផងដែរថា តាមរយៈការលើកកម្ពស់ និងការពារសិទ្ធិកម្មករនិងនិយោជិតក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យមានលក្ខណៈល្អប្រសើរ ស្របតាមស្តង់ដារការងាររបស់អង្គការអន្តរជាតិខាងការងារ និងអនុលោមតាមគោលនយោបាយផ្សារភ្ជាប់លក្ខខណ្ឌការងារជាមួយពាណិជ្ជកម្មអន្តរជាតិ បានប្រែក្លាយកេរ្តិ៍ឈ្មោះរបស់កម្ពុជាទៅជាប្រទេសឈានមុខគេក្នុងគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ និងបានធ្វើអោយកម្ពុជាក្លាយជាប្រទេសគំរូសម្រាប់ប្រទេសមួយចំនួនយកធ្វើជាបទពិសោធន៍ សម្រាប់យកទៅអនុវត្ត និងរៀនសូត្រតាម។ ការអនុវត្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មជាមួយនឹងបទដ្ឋានការងារ ក៏បានបង្កើនទំនុកចិត្តដល់អ្នកបញ្ជាទិញម៉ាកយីហោល្បីៗក្នុងការដាក់ការបញ្ជាទិញបន្ថែមលើផលិតផលសំខាន់ៗ រួមមាន វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ និងកាបូប នៅកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំកាន់តែច្រើនឡើងផងដែរ។
ជាការឆ្លើយតប លោក Graeme Bukley បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ និងកែលម្អលក្ខខណ្ឌការងារ សិទ្ធិកម្មករ សេរីភាពអង្គការវិជ្ជាជីវៈ ជាពិសេសការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់ ផលិតផលធ្វើដំណើរនិងកាបូប។ លោកក៏បានថ្លែងអំណរគុណផងដែរដល់ ឯកឧត្តមរដ្ឋលេខាធិការ និងសហការី ជាពិសេស ក្រសួងពាណិជ្ជកម្មដែលបានសហការយ៉ាងល្អជាមួយនឹង ILO លើគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា។
លោក Graeme Bukley បានបន្ថែមទៀតថា មានការលើកឡើងអំពីការព្រួយបារម្ភលើការប្រើប្រាស់ពលកម្មជនជាប់ឃុំជាស្ត្រីក្នុងពន្ធនាគារដើម្បីផលិតផលិតផលសម្លៀកបំពាក់ និងវាយនភ័ណ្ឌផ្សេងទៀតសម្រាប់នាំចេញ។ ឆ្លើយតបលើករណីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបថា នៅក្នុងអំឡុងឆ្នាំ២០១១ មានការលើកឡើងអំពីករណីការផលិតសម្លៀកបំពាក់សម្រាប់នាំចេញ ដោយប្រើប្រាស់ពលកម្មជនជាប់ឃុំក្នុងពន្ធនាគារ។ ករណីនេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួង និងបានដោះស្រាយចប់សព្វគ្រប់នូវការយល់ច្រឡំរវាងកម្មវិធីស្តារនីតិសម្បទាទណ្ឌិត និងការប្រើប្រាស់ពលកម្មដោយបង្ខំសម្រាប់ផលិតទំនិញនាំចេញ។ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការហាមមិនឱ្យមានការប្រើប្រាស់ពលកម្មដោយបង្ខំ ដើម្បីផលិតទំនិញនាំចេញជាបន្តទៅទៀត រាជរដ្ឋាភិបាលក៏បានរៀបចំប្រកាសអន្តរក្រសួងស្តីពីការហាមឃាត់ការប្រើប្រាស់ពលកម្មជនជាប់ឃុំក្នុងពន្ធនាគារ ដើម្បីផលិតទំនិញនាំចេញ។ ប្រកាសអន្តរក្រសួងនេះ បានហាមឃាត់មិនឱ្យប្រើប្រាស់ពលកម្មជនជាប់ឃុំក្នុងពន្ធនាគារ និងបានដាក់ទោសទណ្ឌ តាមរយៈធ្វើការផ្អាកការនាំចេញ និងពិន័យជាសាច់ប្រាក់ ក្នុងករណីអនុវត្តផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ។
នាពេលថ្មីៗនេះក៏មានការលើកឡើងករណីស្រដៀងគ្នានេះផងដែរ ហើយរាជរដ្ឋាភិបាលក៏បានរៀបចំសមាសភាពគណៈកម្មការអន្តរក្រសួងថ្មី ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រងកិច្ចសន្យាជួលផលិតបន្តក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង ក្នុងនោះមានសមាសភាពមកពី ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ គណៈកម្មការនេះ មានភារកិច្ចចុះស្រាវជ្រាវ ស៊ើបអង្កេត អប់រំ ផ្សព្វផ្សាយបទប្បញ្ញត្តិជាតិ និងអន្តរជាតិទាក់ទងនឹងការប្រើប្រាស់ពលកម្មដោយបង្ខំ ព្រមទាំងមានវិធានការលើក្រុមហ៊ុន សហគ្រាស និងសិប្បកម្មពាក់ព័ន្ធដែលប្រព្រឹត្តផ្ទុយនឹងខ្លឹមសារ នៃប្រកាសអន្តរក្រសួង ស្តីពីការហាមឃាត់ការប្រើប្រាស់ពលកម្មជនជាប់ឃុំក្នុងពន្ធនាគារ ដើម្បីផលិតទំនិញនាំចេញ។
នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានគូសបញ្ជក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការវាងក្រសួងពាណិជ្ជកម្ម និងILO ក្នុងការកែលម្អលក្ខខណ្ឌការងារ សិទ្ធិកម្មករ សេរីភាពអង្គការវិជ្ជាជីវៈ និងជំរុញការប្រកួតប្រជែងលើវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតផលធ្វើដំណើរនិងកាបូប និងវិស័យផ្សេងៗទៀត បង្កើននូវការបញ្ជាទិញពីកម្ពុជា និងធានាថាទំនិញដែលទិញពីកម្ពុជា ជាទំនិញដែលមានប្រភពស្អាតស្អំដោយគោរពតាមបទដ្ឋានការងារអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា៖ ទំហំពាណិជ្ជកម្មកម្ពុជាក្នុងឆ្នាំ២០២២នេះ សម្រេចបាន 52,425លានដុល្លារអាម៉េរិក កើនឡើង 9% ក្នុងនោះ ការនាំចេញមានចំនួន 22,483លានដុល្លារអាម៉េរិក កើនឡើង 16% និងការនាំចូល 29,942លានដុល្លារអាម៉េរិក កើនឡើង 4%។ មុខទំនិញសំខាន់ៗក្នុងការនាំចេញ រួមមាន៖ សម្លៀកបំពាក់ 9,035លានដុល្លារអាម៉េរិក កើនឡើង 13% ស្បែកជើង 1,737លានដុល្លារអាម៉េរិក កើនឡើង 25% សម្ភារៈធ្វើដំណើរនិងកាបូប 1,777លានដុល្លារអាម៉េរិក កើនឡើង 19% ម៉ាស៊ីនបរិធាននិងសម្ភារៈអគ្គិសនី 1,998លានដុល្លារអាម៉េរិក កើនឡើង 85% កង់ 900លានដុល្លារអាម៉េរិក កើនឡើង 43% និងគ្រឿងសង្ហារឹមនិងបរិធានបំភ្លឺ 948លានដុល្លារអាម៉េរិក កើនឡើង 9% រីឯមុខទំនិញសំខាន់ៗក្នុងការនាំចូល រួមមាន៖ វាយនភ័ណ្ឌ 5,444លានដុល្លារអាម៉េរិក កើនឡើង 0.22% គ្រឿងអេឡិចត្រូនិចនិងសម្ភារៈអគ្គិសនី 2,933លានដុល្លារអាម៉េរិក កើនឡើង 14% រថយន្ត 1,492លានដុល្លារអាម៉េរិក កើនឡើង 24% សម្ភារៈសំណង់ 1,326លានដុល្លារអាម៉េរិក ថយចុះ -1% ផលិតផលឱសថនិងអាហារបំប៉ន 519លានដុល្លារអាម៉េរិក ថយចុះ -37% និង ជីកសិកម្មនិងថ្នាំសម្លាប់សត្វល្អិតឬស្មៅ 479លានដុល្លារអាម៉េរិក កើនឡើង 6%៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣