ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ម៉ោង ១១:៣៨ នាទី ថ្ងៃត្រង់
👁 0
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើក “កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគសហគ្រិនកម្ពុជា-ចិន” នៅសណ្ឋាគារ Oakwood Premier Phnom Penh ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម-លោកជំទាវអនុរដ្ឋលេខាធិការ លោកអគ្គនាយករង លោក-លោកស្រីអនុប្រធាននាយកដ្ឋាន និងលោក-លោកស្រីមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកមុ្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងខេត្តសៀមរាប តំណាងខេត្តព្រះសីហនុ និងសភាពពាណិជ្ជកម្មកម្ពុជា ព្រមទាំងសហគ្រាស/ក្រុមហ៊ុនកម្ពុជា-ចិន ជាច្រើនរូប។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូនៃក្លឹបសហគ្រាស Hehehui ដែលបានអញ្ជើញបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា។ ឯកឧត្តម បានជម្រាបជូនថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី បាននាំឱ្យកម្ពុជារួចផុតពីការរីករាតត្បាតពីជំងឺកូវីដ-១៩ និងបានស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញយ៉ាងឆាប់រហ័ស។ រាជរដ្ឋាភិបាលកម្ពុជាផ្តល់ការលើកទឹកចិត្តដល់ធុរជន និងវិនិយោគិន តាមរយៈការអនុគ្រោះពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្មឱ្យកាន់តែមានភាពងាយស្រួល។ ជាក់ស្តែង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរមានមុនគេបង្អស់សម្រាប់ប្រទេសកម្ពុជា បន្ទាប់មកគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ហើយថ្មីៗនេះបានបញ្ចប់ជាផ្លូវការនៃការចរចាកិច្ចព្រមព្រៀមភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។ មិនតែប៉ុណ្ណោះ កម្ពុជាមានខេត្តសក្តានុពលជាច្រើនរួមមាន៖ ខេត្តព្រះសីហនុ (កំពង់ផែស្វយ័តខេត្តព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ) ខេត្តសៀមរាប (តំបន់ទេសចរណ៍) ព្រមទាំងខេត្តបាត់ដំបង និងខេត្តប៉ៃលិន (តំបន់ដាំដុះដ៏សំបូរបែប) ជាដើម។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី បានបន្តថា ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន បានឈានដល់ចំណងមិត្តភាពត្បូងពេជ្រ ក្រោមប្រសាសន៍ដ៏មានអត្ថន័យរបស់ ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីចិន នាអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កន្លងទៅនេះ។ ឯកឧត្តម បានបញ្ជាក់ជូនសហគ្រាស-ក្រុមហ៊ុនចិនតាមរយៈក្លឹបសហគ្រាស Hehehui សូមធ្វើការសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពរបស់ប្រទេសកម្ពុជា ដើម្បីធ្វើការវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែមានភាពងាយស្រួល លើការផលិត និងកែច្នែផលិតផលនៅកម្ពុជា នឹងធ្វើការនាំចេញទៅកាន់ប្រទេសចិន ឬបណ្តាប្រទេសនានាក្នុងតំបន់ និងលើសកលលោក។ កម្ពុជានឹងត្រៀមបើកសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន៥បន្ថែមទៀត ហើយនឹងបង្កើតជាបន្តបន្ទាប់ទៀតនាពេលអនាគត។ ជាកិច្ចបញ្ចប់ ឯកឧត្តម សង្ឃឹមថា តាមរយៈកិច្ចប្រជុំនេះ នឹងជំរុញឱ្យវិនិយោគិន និងធុរជនចិនសម្លឹងឃើញពីភាពសំបូរបែប និងសក្តានុពលកម្ពុជា ដោយធ្វើការបណ្តាក់ទុននៅកម្ពុជាប្រកបដោយជោគជ័យ តាមការរំពឹងទុក។
ជាកិច្ចបន្ទាប់ លោក Liubing Yin ប្រធានក្លឹបសហគ្រាស Hehehui នៃសាធារណរដ្ឋប្រជាមានិតចិន បានគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រីភ្ញៀវកិត្តិយសចូលរួមកិច្ចប្រជុំនាព្រឹកនេះ។ លោក បានលើកឡើងអំពីការប្រារព្ធខួបទី៦៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដែលការបំពេញទស្សនកិច្ចនេះ គឺជាពេលវេលាដ៏វិសេសវិសាល ក្នុងការពង្រឹង និងពង្រីកកិច្ចសហការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ក្នុងការរក្សាស្ថេរភាព និងទំនាក់ទំនងកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន។ នាឱកាសនៃកិច្ចប្រជុំនេះ ធុរជន និងវិនិយោគចិន នឹងទទួលបានការចែករំលែកពីកាលានុវត្តភាព និងការអភិវឌ្ឍនៅកម្ពុជា ដែលជំរុញឱ្យមានការចាប់ដៃគូពាណិជ្ជកម្ម និងវិនិយោគជាមួយសហគ្រាស-ក្រុមហ៊ុនកម្ពុជា។ លោក ក៏ធ្វើការជម្រាបជូនអំពីក្លឹបសហគ្រាស Hehehui នៃសាធារណរដ្ឋប្រជាមានិតចិន គឺជាថ្នាលសម្រាប់ចែករំលែកព័ត៌មានជូនដល់សមាជិក ឬជាច្រកចេញចូលតែមួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ដែលទទួលស្គាល់ពីបណ្តាប្រទេសនានា។ លោកសង្ឃឹមថា ការរៀបចំឱ្យមានកិច្ចប្រជុំនេះនឹងទទួលបានសមិទ្ធផលជាច្រើន និងជាឱកាសក៏មានតម្លៃ សម្រាប់វិនិយោគិន និងធុរជនទាំងពីរ ក្នុងការចាប់ដៃគូពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ក៏មានការរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនកម្ពុជា-ចិន ចំនួន២ និងមានបទបង្ហាញដោយវាគ្មិនកិត្តិយសមកពី ក្រសួងពាណិជ្ជកម្មក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចែករំលែកជូនធុរជន និងវិនិយោគចិន ដែលអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ នឹងទទួលបានព័ត៌មានដ៏មានសារៈសំខាន់នៃការអភិវឌ្ឍ សក្តានុពល និងកាលានុវត្តភាពរបស់ប្រទេសកម្ពុជា៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣