ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ម៉ោង ១១:៥១ នាទី ថ្ងៃត្រង់
👁 0
(ភ្នំពេញ)៖ នារសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ Himawari, តបតាមការអញ្ជើញរបស់ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះស្តីពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចក្រភពអង់គ្លេស នាកម្មវិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ នៅកម្ពុជា (UK’s Developing Countries Trading Schemes in Cambodia) និងដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម និងវិស័យឯកជនពាក់ព័ន្ធផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស និងបានចាត់ទុកចក្រភពអង់គ្លេសគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអង់គ្លេស ដែលបានបន្តនូវការគាំទ្រដល់កម្ពុជា ដោយរក្សាការផ្តល់នូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជា បើទោះបីជាប្រទេសអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបក៏ដោយ ហើយចំពោះប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ថ្មីនេះ កម្ពុជានៅតែទទួលផលប្រយោជន៍ និងអាចនាំចេញទៅទីផ្សារចក្រភពអង់គ្លេសបានដោយទទួលបានអត្រាអនុគ្រោះពន្ធសូន្យ ជាមួយនីតិវិធីសាមញ្ញ វិធានដើមកំណើតទំនិញដែលងាយបំពេញបានជាងមុន និងវិធានបូកបន្ថែមដែលអាចរួមបញ្ចូលនូវវត្ថុធាតុពីប្រទេសជាង៩៥ប្រទេស។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មថ្មីនេះ នឹងជួយជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី និងបង្កើននូវទំនិញមានគុណភាពពីកម្ពុជាទៅកាន់ទីផ្សារចក្រភពអង់គ្លេស។
នៅក្នុងសុន្ទរកថាគន្លឹះរបស់ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានរំលេចផងដែរនូវទំហំពាណិជ្ជកម្មទ្វេភាគី ដែលសម្រេចបានដូចខាងក្រោម៖
- ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចក្រភពអង់គ្លេស មានចំនួនប្រមាណ ៩៧៧ លានដុល្លារ ក្នុងឆ្នាំ២០២២ កើនឡើង ២៣,៩៨ ភាគរយ ធៀបនឹងឆ្នាំ២០២១ ដែលមានចំនួនត្រឹមតែជាង ៧៨៨ លានដុល្លារ។
- ក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចេញ ចំនួនប្រមាណ ៨៨៦ លានដុល្លារ និងបាននាំចូលចំនួនប្រមាណ ៩១ លានដុល្លារ។
- សម្រាប់រយៈពេលពីរខែដើមឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មសរុបទ្វេភាគី គឺមានចំនួនប្រមាណ ១២១ លានដុល្លារ។
- ផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជារួមមាន សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងកង់ ខណៈនាំចូលពីចក្រភពអង់គ្លេសមកនូវផលិតផលដូចជា រថយន្ត ចំណីសត្វ ភេសជ្ជៈ ជាដើម។ល៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣