ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ម៉ោង ១១:៥៩ នាទី ថ្ងៃត្រង់
👁 0
(ខេត្តកំពង់ចាម)៖ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេសនៃក្រសួងពាណិជ្ជកម្ម បានរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី អាណត្តិទី៣ លើកទី១ ដែលប្រពឹត្តិទៅនៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា និងរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត។
ពិធីនេះ ក៏មានការចូលរួមពី ឯកឧត្តម ឡោ ចាន់លី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ក្រុមការងារមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម មន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងសមាជិកសភាពាណិជ្ជកម្មក្នុងអាណត្តិ និងបេក្ខជនឈរឈ្មោះជាច្រើនរូបទៀត។
ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា ជាលទ្ធផលបេក្ខជនចំនួន១០រូប បានជាប់ឆ្នោតជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី អាណត្តិទី៣ លើកទី១ ក្នុងចំណោមបេក្ខជនឈរឈ្មោះសរុបចំនួន១១រូប ដែលទទួលបានការបោះឆ្នោតគាំទ្រពីពាណិជ្ជករ អាជីវកម្ម និងសេវាករ នៅក្នុងខេត្តកំពង់ចាម និងមណ្ឌលគិរី ចំនួន៣៩០នាក់ស្មើនឹង ៩២% នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតសរុបចំនួន ៤២១ នាក់។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា សមាសភាពប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី នាអាណត្តិនេះ គឺ ឧកញ៉ា ហួត ឈឿន ដែលទទួលបានការបោះឆ្នោតគាំទ្រទុកចិត្តជាប្រធានចំនួន១១សម្លេងលើ១៥សម្លេងនៃចំនួនសមាជិកជ្រើសតាំងសរុបទាំង១៥ រូប ។ បន្ថែមពីនោះគណៈកម្មការរៀបចំការបោះឆ្នោត បានធ្វើការរៀបចំបោះឆ្នោតជ្រើសរើសអនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរីក្នុងចំណោមបេក្ខជនស័គ្រចិត្តឈរឈ្មោះសរុបចំនួន១១រូបនៃសមាជិកទាំងអស់ ជាលទ្ធផលមានបេក្ខជនចំនួន០៨រូបបានជាប់ជាអនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី អាណត្តិទី៣ លើកទី១។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ណែនាំដល់សមាជិកសភាពាណិជ្ជកម្មដែលទើបនឹងជាប់ឆ្នោត និងសមាជិកនៅក្នុងអាណត្តិត្រូវមានសាមគ្គីភាពនៅក្នុងការបំពេញការងារ បន្តសហការយ៉ាងជិតស្និតជាមួយអាជ្ញាធរ ដែនដី និងមន្ទីរពាណិជ្ជកម្មខេត្តដែលជាអាណាព្យាបាល ជួយទាក់ទាញវិនិយោគគិនពីបរទេសឱ្យបណ្តាក់ទុនបន្ថែមទៀត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៅក្នុងជំរុញការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្មនៅក្នុងខេត្តក៏ដូចជានៅទូទាំងប្រទេសផងដែរ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣