លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសម្ពោធពិព័រណ៍ផលិតផលសហគ្រិនស្ត្រី

ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៥:០០ នាទី ល្ងាច

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីក្នុងពិធីបើកសម្ពោធពិព័រណ៍ផលិតផលសហគ្រិនស្ត្រី ឆ្នាំ២០២៣ ជាផ្លូវការ ដែលរៀបចំប្រារព្ធធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ។ ពិព័រណ៍ផលិតផលសហគ្រិនស្ត្រីនេះ រៀបចំដោយសមាគមស្រ្តីកម្ពុជា ដែលមានសមាសភាពចូលរួមពីតំណាងអន្តរក្រសួង-ស្ថាប័ន តំណាងអង្គទូត សហគ្រិន និងពាណិជ្ជករ ជាពិសេសសហគ្រិនស្រ្តី។

លោកជំទាវរដ្ឋលេខាធិការ បានថ្លែងកោតសរសើរ និងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមសហគ្រិនស្រ្តីកម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍ពិព័រណ៌ពាណិជ្ជកម្មនេះឡើង ដើម្បីជួយជំរុញនិងលើកកម្ពស់ឱ្យកាន់តែសកម្ម និងរស់រវើកនូវសកម្មភាពទីផ្សារសម្រាប់ផលិតផលដែលស្រ្តីកម្ពុជាយើងផលិតបាន។  

ក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ បានលើកទឹកចិត្ត និងជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងដៃគូអភិវឌ្ឍន៍ រួមគ្នាគាំទ្រ និងអនុវត្តនូវយុទ្ធសាស្ត្រ និងចក្ខុវិស័យដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម ដើម្បីអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម និងឈានទៅដល់ការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកាលានុវត្តភាពរបស់វិស័យពាណិជ្ជកម្មកម្ពុជា។ លោកជំទាវរដ្ឋលេខាធិការ ក៏បានជំរុញឱ្យមានការជួយគាំទ្រដល់ការអភិវឌ្ឍវិស័យឯកជន ដែលក្នុងនោះរួមមាននូវការពង្រឹងផលិតកម្មទីផ្សារ ការកសាងធនធានមនុស្សនិងសហគ្រិនភាព ជាពិសេសសហគ្រិនជាស្រ្តី សំដៅជួយជំរុញឱ្យសហគ្រិនជាស្រ្តីអាចមានលទ្ធភាព និងបង្កើនសក្តានុពលរបស់ខ្លួន ចូលរួមប្រកួតប្រជែងក្នុងសកម្មភាពសេដ្ឋកិច្ច ដូចទៅនឹងតួអង្គសេដ្ឋកិច្ចដទៃទៀតផងដែរ។

ជាចុងក្រោយ លោកជំទាវរដ្ឋលេខាធិការ បានស្នើឱ្យអ្នកចូលរួមទាំងអស់ ជាពិសេសសហគ្រិនជាស្រ្តីចាប់យកឱកាសនេះដើម្បីរៀនសូត្រ ដកស្រង់ និងផ្លាស់ប្តូរបទពិសោធន៍ ឧត្តមានុវត្តន៍ និងបញ្ហាប្រឈមនានា ព្រមទាំងតភ្ជាប់ និងបង្កើតទំនាក់ទំនងក្នុងការធ្វើពាណិជ្ជកម្ម ធុរកិច្ច និងអាជីវកម្មទៅពេលអនាគតរៀងៗខ្លួនផងដែរ។

សូមបញ្ជាក់ថា ពិព័រណ៍ផលិតផលសហគ្រិនស្ត្រីនេះ មានការដាក់តាំងបង្ហាញនូវផលិតផលក្នុងស្រុកជាច្រើនប្រភេទរបស់សហគ្រិនស្រ្តី ប្រមាណជាង១០០ស្តង់ និងបន្តរៀបចំរយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ