ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៦:២៤ នាទី ល្ងាច
👁 2
(ភ្នំពេញ)៖ នាព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឬទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយលោក Edmund Sim ជំនាញការអន្តរជាតិ ស្តីពីលទ្ធផល នៃការសិក្សាស្រាវជ្រាវប្រព័ន្ធគ្រប់គ្រងឧបាស្រ័យពាណិជ្ជកម្មនៅក្នុងប្រទេសសមាជិកអាសិប (RCEP)។
ឯកឧត្តមប្រធានអង្គប្រជុំ បានលើកឡើងពីសារៈសំខាន់នៃច្បាប់ឧបាស្រ័យពាណិជ្ជកម្ម ដែលធានា និងការពារផលប្រយោជន៍ឧស្សាហកម្មក្នុងស្រុកពីការធ្វើពាណិជ្ជកម្មដោយមិនស្មោះត្រង់ និងផ្តល់ទំនុកចិត្តដល់វិនិយោគិន។ ដើម្បីអនុវត្តច្បាប់នេះបាន អនុក្រឹត្យចំនួន ៤ នឹងត្រូវបង្កើតឡើងដូចជា គណៈកម្មាធិការជាតិទទួលបន្ទុកឧបាស្រ័យពាណិជ្ជកម្ម, នីតិវិធីស៊ើបអង្កេតអំពីការលក់បង្ខូចថ្លៃ, នីតិវិធីស៊ើបអង្កេតអំពីការឧបត្ថម្ភធន និងវិធានការប៉ះប៉ូវ, និងនីតិវិធីស៊ើបអង្កេតទាក់ទងនឹងវិធានការកិច្ចការពារ។
បន្ទាប់មក លោក Edmund Sim បានពន្យល់រៀបរាប់អំពីលទ្ធផល នៃការសិក្សាស្រាវជ្រាវទាក់ទងនឹងការអនុវត្តប្រព័ន្ធឧបាស្រ័យពាណិជ្ជកម្មនៅក្នុងប្រទេសសមាជិកអាសិប។ ជាជំហានបន្ទាប់ ចាប់ពីពេលនេះទៅរហូតដល់ខែមិថុនា ឆ្នាំ២០២៣ លោកនឹងរៀបចំសេចក្តីព្រាងអនុក្រឹត្យចំនួន ២ ជាអាទិភាព ឱ្យបានរួចរាល់ ដែលរួមមាន អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិទទួលបន្ទុកឧបាស្រ័យពាណិជ្ជកម្ម ដែលមានសមាសភាពអន្តរក្រសួងពាក់ព័ន្ធសំខាន់ៗចំនួនប្រមាណ ៥ ក្រសួងចូលរួមជាសមាជិក និងអនុក្រឹត្យស្តីពីនីតិវិធីស៊ើបអង្កេតការលក់បង្ខូចថ្លៃ។
ជាចុងក្រោយ ឯកឧត្តមប្រធានអង្គប្រជុំ សង្ឃឹមយ៉ាងមុតមាំថា ដំណើរការរៀបចំបទប្បញ្ញត្តិនេះនឹងបញ្ចប់ដោយជោគជ័យនាពេលដ៏ខ្លីខាងមុខ និងឈានដល់ការអនុវត្តច្បាប់ឧបាស្រ័យពាណិជ្ជកម្មនេះសំដៅដល់ការធានាការពារផលប្រយោជន៍ឧស្សាហកម្មក្នុងស្រុក និងស្របតាមការសន្យារបស់កម្ពុជានៅអង្គការពាណិជ្ជកម្មពិភពលោក៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣