ឯកឧត្តម រាជ រ៉ា អញ្ជើញជាគណៈអធិបតី​ក្នុង​ពិធីបើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥” នៅខេត្តប៉ៃលិន

ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៦:៣៥ នាទី ល្ងាច

👁 5

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ខេត្តប៉ៃលិន)៖ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅ​ខេត្តប៉ៃលិន ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារអចិន្ត្រៃយ៍នៃក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥ បានអញ្ជើញរួមជាគណៈអធិបតី​ក្នុង​ពិធីបើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥” ដែលសហការរៀបចំឡើងដោយអគ្គនាយកដ្ឋាន​ជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មន្ទីរក្រោមឱវាទរបស់រដ្ឋបាល​ខេត្ត​ ជាពិសេស សមាគមដំឡូងមី ពាណិជ្ជករ និងកសិករក្នុងខេត្តប៉ៃលិន ជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សុខ សុធីម ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានរាយការណ៍សង្ខេបពីវឌ្ឍនភាពការងារ ដែលបានអនុវត្តន៍ក្នុងឆ្នាំ២០២២កន្លងមកថា ទីផ្សារដំឡូងមីក្នុងខេត្តប៉ៃលិន មានក្រុមហ៊ុន ស៊ី ភី ខេមបូឌា ចំកាត់ បានទទួលកុងចុះកិច្ចសន្យាទិញវត្ថុធាតុដើមពីសមាគមអ្នកនាំចេញដំឡូងមីក្នុងខេត្តប៉ៃលិន មានចំនួន ៤៨ សៃឡូ។ ក្រុមហ៊ុនេះ មានតម្រូវការបរិមាណបញ្ជាទិញពោតក្រហម មានចំនួន ៦០ ០០០តោន និងដំឡូងមីស្ងួត ចំនួន ១០០ ០០០ តោន​ ដើម្បីកែច្នៃទៅជាចំណីសត្វបានចំនួន ២៧០ ០០០០ ក្នុង១ឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

ជាកិច្ចបន្ត ​លោក អ៊ុន ប៊ុនលី អភិបាលរងខេត្តនៃគណៈអភិបាលខេត្តប៉ៃលិន បានមានមតិស្វាគមន៍ និងជម្រាបជូនអង្គសិក្ខាសាលាថា ដំឡូងមីគឺជាដំណាំកសិ-ឧស្សាហកម្ម ដែលមានសក្តានុពលបន្ទាប់ពីដំណាំពោតក្រហម ស្វាយ និងមៀនប៉ៃលិន។ ជាមួយគ្នានេះដែរ លោកក៏បានជម្រាបជូនអង្គសិក្ខាសាសាពីគោលដៅសំខាន់ចំនួន 0៣ ដែលបានកំណត់ក្នុងឯកសារគោលនយោបាយនេះ រួមមាន ១)ការផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណី ឬគ្រួសារ ទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម ២)ការទាក់ទាញការវិនិយោគមកបង្កើតរោងចក្រកែច្នៃផលិតផលដំឡូងមី និង ៣)លើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្មតាមរយៈការជ្រៀតចូលទីផ្សារ

ថ្លែងក្នុងសិក្ខាសាលានេះ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជម្រាបជូនអំពីសាវតា និងសារៈសំខាន់នៃការរៀបចំគោលនយោបាយ​ជាតិ​ស្តីពីដំឡូងមី ២០២០-២០២៥ នេះ។ ឯកឧត្តម បានគូសបញ្ជាក់ថា ដើម្បីធានាបាននូវវឌ្ឍនភាព សង្គតិភាព និងភាពជោគជ័យនៃការអនុវត្តក្របខណ្ឌគោលនយោបាយនេះ ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគឺជាយន្តការមួយដ៏ចាំបាច់ដែលត្រូវររៀបចំឡើង និងអនុវត្តជាប្រចាំ ដែលមានក្រសួងពាណិជ្ជកម្មជាតួអង្គសម្របសម្រួល។

លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនបន្ថែមទៀតថា ក្នុងពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មបានដឹកនាំចូលរួមចរចា និងបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ ដោយសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ដែលបានចូលជាធរមានក្នុងឆ្នាំ២០២២ រួមមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា បើទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ បានចូលជាធរមានក្តី តែបញ្ហាអនាម័យ ភូតគាមអនាម័យ ក៏នៅតែជាកត្ដាចាំបាច់ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសនាំចូល។ ឯកឧត្តម បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមដាក់ចេញនូវយុទ្ធសាស្រ្តជាតិសំខាន់ៗ ក្នុងអាណត្តិខាងមុខ ដើម្បីជំរុញ និងគាំទ្រដល់វិស័យកសិកម្ម ដែលមានដូចជា ១)ការបង្កើនកញ្ចប់ថវិកាជូនអន្តរក្រសួងពាក់ព័ន្ធ និងធនាគារអភិឌ្ឍន៍ជនបទនិងកសិកម្ម ២)ការយកចិត្តដោះស្រាយលើតម្លៃនៃការដឹកជញ្ជូន និងអគ្គិសនី ៣) ​​​​​ផ្តល់អ្នកជំនាញកសិកម្មនៅតាមភូមិ​ឃុំ ដើម្បីផ្តល់ការណែនាំ និងប្រឹក្សាយោបល់ ៤)ជំរុញឱ្យមានការចុះកិច្ចសន្យាកសិកម្មរវាងអ្នកលក់និងអ្នកទិញដើម្បីរក្សាស្ថិរភាពថ្លៃ ៥)បន្តបង្កើនការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងថ្នាក់តំបន់ និងទ្វេភាគីបន្ថែមទៀត។

អង្គសិក្ខាសាលានេះ ក៏មានការធ្វើបទបង្ហាញពីវាគ្មិនដែលអញ្ជើញមកពីក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍ នៅលើប្រធានបទសំខាន់ៗ រួមមាន ១) បទបង្ហាញអំពីគោលនយោបាយជាតិស្ដីពីដំឡូងមី ២០២០-២០២៥ ២)បទបង្ហាញស្ដីពី នីតិវិធីនៃការចេញវិញ្ញបនបត្របញ្ជាក់ដើមកំណើតទំនិញ ៣)បទបង្ហាញស្ដីពីការលើកកម្ពស់ផលិតកម្មដំណាំដំឡូងមី ៤) បទបង្ហាញអំពីស្ដង់ដារសម្រាប់ដំឡូងមីស្រស់ និងចំណិតដំឡូងមីស្ងួត និង ៥)បទបង្ហាញអំពីកិច្ចជំរុញពាណិជ្ជកម្មតាមរយៈការប្រើប្រាស់ឧបករណ៍ផ្សេងៗ។ ជាមួយគ្នានេះ អង្គសិក្ខាសាលាក៏បើកឱ្យមានកម្មវិធីសំណួរ ចម្លើយ ដើម្បីស្វែងរកការបញ្ជាក់បន្ថែម ការចែករំលែកបទពិសោធន៍ ចំណេះដឹង និងព័ត៌មានថ្មីៗបន្ថែម ព្រមទាំងការចូលរួមពីតំណាងវិស័យឯកជនក្នុងខេត្ត អំពីឱកាស បញ្ហាប្រឈម និងសំណូមពរពាក់ព័ន្ធនឹងខែ្សច្រវាក់ផលិតកម្មដំឡូងមី ដើម្បីអាចអភិវឌ្ឍវិស័យដំឡូងមីកម្ពុជាបន្ថែមទៀត។

ឆ្លៀតនៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ​ ក៏បានអញ្ជើញទៅទស្សនកិច្ចនៅក្រុមហ៊ុនស៊ីភី ខេមបូឌា ចំកាត់ មានទីតាំងស្ថិតក្នុងភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជារោងចក្រកែច្នៃពីដំឡូងមីស្ងួតទៅជាចំណីសត្វ និងក្រុមហ៊ុនវេចខ្ចប់នាំចេញមៀនប៉ៃលិន China Jinkwoayuan Import Export (Cambodia) Co.,LTD ដើម្បីស្វែងយល់បន្ថែមពីខ្សែច្រវាក់ផលិតកម្ម ទីផ្សារ និងបញ្ហាប្រឈមរបស់ក្រុមហ៊ុន​​ដើម្បីស្វែង​រក​ដំណោះស្រាយផងដែរ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ