ឯកឧត្តម កៅ កោស អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី “ផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មកម្ពុជាសម្រាប់ទីផ្សារប្រទេសជប៉ុន”

ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៦:១៩ នាទី ល្ងាច

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងជាតំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី “ផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មកម្ពុជាសម្រាប់ទីផ្សារប្រទេសជប៉ុន” ដែលរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ តាមរយៈកិច្ចសហការរៀបចំរបស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ជាមួយនឹងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ និងផ្ដល់ចំណេះដឹង បទពិសោធន៍ អំពីការជំរុញនាំចេញផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មកម្ពុជាសម្រាប់ទីផ្សារប្រទេសជប៉ុនដែលជាទីផ្សារធំមួយក្នុងតំបន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។

សិក្ខាសាលានេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម តំណាងអង្គការ Jetro ភ្នំពេញ ជាពិសេសធុរជន និងផលិតករកម្ពុជា-ជប៉ុន ដែលកែច្នៃផលិតផលកសិកម្ម និងផលិតផលផ្លែឈើក្រៀមចំនួន ១០៣រូប ចូលរួមដោយផ្ទាល់ និង ៤២រូប ចូលរួមតាមប្រព័ន្ធវីដេអូ ពីប្រទេសជប៉ុន។

ថ្លែងក្នុងសុន្ទរកថាបើកសិក្ខាសាលា ឯកឧត្តមប្រតិភូ បានលើកឡើងថាសិក្ខាសាលានេះ មានគោលបំណងធ្វើការផ្សព្វផ្សាយ និងផ្ដល់ចំណេះដឹង បទពិសោធន៍ អំពីការជំរុញនាំចេញផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មកម្ពុជាសម្រាប់ទីផ្សារប្រទេសជប៉ុន ដែលជាទីផ្សារធំមួយក្នុងតំបន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។

ឯកឧត្តមបានបន្តថា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន មានទឹកប្រាក់ប្រមាណជាង ១,៩៤៨លានដុល្លារអាម៉េរិក ក្នុងនោះ កម្ពុជាបាននាំចេញទៅជប៉ុន មានទឹកប្រាក់ប្រមាណជាង ១,១៧៣លានដុល្លារអាម៉េរិក និងជប៉ុនបាននាំចូលមកកម្ពុជាមានទឹកប្រាក់ប្រមាណជាង ៧៧៥លានដុល្លារអាម៉េរិក។

ឯកឧត្តមប្រតិភូ បញ្ជាក់ថា គម្រោងវិនិយោគសំខាន់ៗរបស់ជប៉ុននៅកម្ពុជា រួមមាន៖ វិស័យបង្គុំរថយន្ដ និងបរិក្ខារបច្ចេកទេសកសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។ ក្រៅពីគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏មាននូវវត្តមាននៃធុរកិច្ចជប៉ុនតូចធំ ប្រមាណ ១,៧០០ក្រុមហ៊ុន ដែលមានសកម្មភាពក្នុងវិស័យធនាគារ អាកាសចរណ៍  និងភោជនីយដ្ឋានជាដើម។

គួរបញ្ជាក់ថា នៅក្នុងសិក្ខាសាលានេះក៏មានការធ្វើបទបង្ហាញចំនួន២ ពីសំណាក់វាគ្មិនជាវិស័យឯកជនជប៉ុនដែលរួមមាន៖ បទបង្ហាញទី១ ស្តីពី “និន្នាការទីផ្សារជប៉ុននាពេលចុងក្រោយ” ដោយលោក Yoshitaka Tanaka ស្ថានិក /អគ្គនាយក នៃក្រុមហ៊ុន Tanaka Value-Plus Trading Co., LTD (Japan) and Grit Capital Ple Ltd (Singapore) and Director of Grit Capital (Cambodia) Co., Ltd។ បទបង្ហាញទី២  ស្តីពី “សក្តានុពលនៃផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មផ្សេងៗនៅកម្ពុជា” ដោយលោក​ Kazuhiro Okuda អ្នកគ្រប់គ្រង ទូទៅនៃក្រុមហ៊ុន S.E.A.T.S Farm។ ក្នុងសិក្ខាសាលានេះក៏មានវិស័យឯកជនកម្ពុជាមួយចំនួនមានចំណាប់  អារម្មណ៍លើព័ត៌មាននានាទាក់ទងនឹងការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសជប៉ុន និន្នាការកំពុងនិងផលិតផលកំពុងពេញនិយមនៅប្រទេសជប៉ុន នីតិវិធីនាំចេញទៅលកាន់ប្រទេសជប៉ុន ហើយវាគ្មិនក៏បានផ្តល់នូវចម្លើយយ៉ាងលំអិតផងដែរ។

ថ្លែងក្នុងសុន្ទរកថាបិទសិក្ខាសាលា លោកបណ្ឌិត Kunihiko​ HIRABAYASHI អគ្គលេខាធិការ នៃមជ្ឈមណ្ឌល អាស៊ាន-ជប៉ុន មានចំណាប់អារម្មណ៍ចំពោះការដាំដុះនៅកម្ពុជា មានភាពសំបូរបែបប្រកបដោយសក្តានុពលខ្ពស់ និងធម្មជាតិ ដោយរក្សាទុករស់ជាតិដើម និងក្លិនពិសេស (ស្វាយ ស្វាយចន្ទី និងម្រេច) ជាដើម។

លោកបណ្ឌិត បន្តថា ប្រទេសកម្ពុជាមានការអភិវឌ្ឍខ្ពស់ ផ្តោតសំខាន់លើវិស័យវាយនភណ្ឌ សំណង់ និងទេសចរណ៍ ជាពិសេស វិស័យកសិកម្មមានការដាំដុះគិតគូដល់និរន្តរភាព វិបុលភាព និងសុខភាព ប្រកបដោយសុវត្ថិភាព និងគុណភាព។ លោកបណ្ឌិត ក៏បានបញ្ជាក់ជូនថា មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែច្រើនឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសជប៉ុន ព្រមទាំងលើកកម្ពស់សន្តិភាពក្នុងតំបន់នៃសមាជិកអាស៊ានទាំង១០ និងប្រទេសជប៉ុនផងដែរ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ