ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ម៉ោង ០៧:៣៥ នាទី យប់
👁 0
(កំពត)៖ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ទៅទស្សនកិច្ចនៅសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិតចំណីអាហារ របស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដែលមានទីតាំងនៅភូមិឈើទាល ឃុំជំពូវ័ន ស្រុកជុំគិរី ខេត្តកំពត។
ដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្នកនាំពាក្យព្រឹទ្ធសភា, ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការសាធារណការដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគររូបនីយកម្ម និងសំណង់, ឯកឧត្តម-លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តមអគ្គនាយក នៃក្រសួងពាណិជ្ជកម្ម, លោក WITTAYA Kreangkriwit នាយកក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់, លោក PAITOON Wongkatawethin នាយករងក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់ ព្រមទាំងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
នាឱកាសទស្សនកិច្ចនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាសន្ទនាជាមួយ ឯកឧត្តម ម៉ម ប៊ុននាង ឯកឧត្តម គង់ សារាជ និងតំណាងក្រុមហ៊ុនស៊ី.ភី. អំពីតួនាទីរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការតាមដានជាប្រចាំនូវថ្លៃទំនិញសាច់ជ្រូកលក់នៅលើទីផ្សារ និងរៀបចំរបាយការណ៍ស្តីពីស្តុកសន្និធិស្បៀងត្រៀមបម្រុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងសភាពការណ៍ថ្លៃទំនិញសំខាន់ៗដទៃចាំបាច់ប្រចាំជីវភាពដែលបានប្រមូលពីទីផ្សាររាជធានី-ខេត្ត។
ក្នុងកិច្ចសន្ទនានេះ អង្គប្រជុំបានពិភាក្សាពីសក្តានុពលនៃការវិនិយោគលើប្រតិបត្តិការផលិតកម្ម និងអាជីកម្មជ្រូករបស់ក្រុមហ៊ុនស៊ី.ភី ក្នុងការធ្វើឱ្យមានតុល្យភាពនៃសេចក្តីត្រូវការនៃផលិតផលសាច់ជ្រូកក្នុងស្រុកជាមួយផលិតកម្មក្នុងស្រុក ព្រមទាំងពង្រឹងសុវត្ថិភាពចំណីអាហារ និងប្រមូលទិញកសិផលមួយចំនួនសម្រាប់ធ្វើជាចំណីសត្វ ដូចជា ពោតក្រហម ដំឡូងមី កន្ទក់ កញ្ចុងអង្ករ និងស្រូវ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានណែនាំដល់ក្រុមហ៊ុន នូវអនុសាសន៍សំខាន់ៗមួយចំនួន រួមមាន៖
(១).បង្កើនវិសាលភាពនៃការប្រមូលទិញជ្រូកពីកសិដ្ឋានក្នុងស្រុក ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម
(២).បន្តចូលរួមយ៉ាងសកម្មជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការបង្កើនវិសាលភាពនៃការប្រមូលទិញធាតុចូលកសិកម្មរបស់កសិករក្នុងស្រុក សម្រាប់ផលិតជាចំណីសត្វផ្សេងៗ
(៣).បង្កើនគុណភាពចំណីសត្វឱ្យស្របតាមស្តង់ដារអន្តរជាតិសម្រាប់ការកែទម្រង់ផលិតកម្មសត្វក្នុងស្រុក ឱ្យមានគុណភាព និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ ពិសេសបង្កើនសមត្ថភាពផ្គត់ផ្គង់របស់ផលិតករក្នុងស្រុកនៅពេលពួកគេប្រើប្រាស់ចំណីសត្វដែលមានគុណភាព និងតម្លៃសមរម្យ ដែលអាចពង្រីកលទ្ធភាពនៃការជ្រៀតចូលទីផ្សារក្នុងនិងក្រៅប្រទេស ឱ្យបានកាន់តែទូលំទូលាយ និងមានចីរភាព
(៤). បង្កើនសហប្រតិបត្តិការឱ្យបានពេញលេញជាមួយមន្ទីរពាណិជ្ជកម្មនៅតាមខេត្តគោលដៅ ដើម្បីរៀបចំផែនការប្រមូលទិញធាតុចូលកសិកម្មសម្រាប់ចំណីសត្វ ព្រមទាំងតាមដាន និងទប់ស្កាត់ការធ្លាក់ថ្លៃតម្លៃនៃផលិតផលកសិកម្មនានា៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣