ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ម៉ោង ០៩:៣៦ នាទី យប់
👁 0
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN Business Advisory Council-ASEAN BAC) ដឹកនាំដោយលោក Arsjad Rasjid ប្រធានសភាពាណិជ្ជកម្មឥណ្ឌូនេស៊ី និងជាប្រធាន ASEAN-BAC សម្រាប់ឆ្នាំ២០២៣ ដើម្បីផ្លាស់ប្តូរយោបល់ទាក់ទងភាពជាប្រធាន ASEAN-BAC របស់ឥណ្ឌូនេស៊ី ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នៅកម្ពុជា និងបានអបអរសាទរ លោក Arsjad Rasjid ក្នុងតំណែងជាប្រធាន ASEAN-BAC សម្រាប់ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់ភាគីឥណ្ឌូនេស៊ីដែលបានគាំទ្រដល់កម្ពុជាក្នុងពេលកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
ក្នុងឱកាសនោះ លោក Arsjad Rasjid បានជម្រាបជូនដោយសង្ខេបអំពីការងារអាទិភាព និងគំនិតផ្តួចផ្តើម នានា របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២៣ ក្រោមភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ី ដោយផ្តោតសំខាន់លើ (១)បរិវត្តកម្មឌីជីថល (២)ការអភិវឌ្ឍប្រកបដោយចីរភាព (៣) សន្តិសុខស្បៀងអាហារ (៤)ភាពធន់នៃប្រព័ន្ធសុខាភិបាល និង (៥)កិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ។ បន្ថែមពីនេះ លោក Arsjad Rasjid ក៏បានជម្រាបពីការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅអំឡុងខែកញ្ញា ឆ្នាំ២០២៣ ដោយស្នើសុំការគាំទ្រពីកម្ពុជាព្រមទាំងគោលបំណងក្នុងការអញ្ជើញប្រមុខដឹកនាំ និងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់ពាក់ព័ន្ធផ្សេងទៀតចូលរួមក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ ផងដែរ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការបានស្វាគមន៍និងគាំទ្រការងារអាទិភាពគម្រោងនិងគំនិតផ្តួចផ្តើមនានា ដែលក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានបានស្នើឡើង និងបានជំរុញឱ្យក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានបន្តកិច្ចសហប្រតិបត្តិការជាមួយក្រុមការងារតាមវិស័យពាក់ព័ន្ធ ក៏ដូចជាជាមួយលេខាធិការដ្ឋានអាស៊ាន ដើម្បីធ្វើយ៉ាងណាឱ្យការងារអាទិភាព គម្រោង និងគំនិតផ្តួចផ្តើមទាំងនោះ បន្ស៊ីគ្នាជាមួយនឹងរបៀបវារៈ និងគំនិតផ្តួចផ្តើមនានា ដែលអាស៊ានបាននឹងកំពុងអនុវត្ត ជាពិសេសការអភិវឌ្ឍប្រកបដោយចីរភាព
បរិយាប័ន្ន និងភាពធន់។ ឯកឧត្តមរដ្ឋលេខាធិការក៏បានសម្តែងការគាំទ្រផងដែរ សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន នាពេលខាងមុខ ក្នុងគោលបំណងបង្ហាញពីសក្តានុពលនិងឱកាសវិនិយោគរបស់បណ្តាប្រទេសជាសមាជិកអាស៊ាននីមួយៗដល់តំបន់និងពិភពលោក។
បន្ថែមពីនោះទៅទៀត ដើម្បីធានាថា ការងារនិងគម្រោងអាទិភាពអាទិភាពសំខាន់ៗ ក្រោមភាពជាប្រធាន ASEAN-BAC របស់ឥណ្ឌូនេស៊ី ទទួលបានជោគជ័យ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់ ASEAN-BAC បន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនងរវាងវិស័យសាធារណៈ និងឯកជនបន្ថែមទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ក្នុងតំបន់។ ឯកឧត្តមរដ្ឋលេខាធិការក៏បាន ផ្តល់អនុសាសន៍ឱ្យវិស័យឯកជនវិនិយោគលើវិស័យសក្តានុពលថ្មីៗ ដូចជា សេដ្ឋកិច្ចវិលជុំ អព្យាក្រឹតកាបូន ការផ្លាស់ប្តូរថាមពល ភស្តុភារ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ ឧស្សាហកម្មឌីជីថល កសិ-ឧស្សាហកម្ម ឧស្សាហកម្មកែឆ្នៃ ជាដើម ដើម្បីសម្រេចបាននូវរបៀបវារៈឆ្នាំ2030 សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ភាគីទាំងពីរក៏បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការដើម្បីជំរុញឱ្យមានកំណើនបន្ថែមទៀតលើវិស័យពាណិជ្ជកម្មនិងវិនិយោគ ទាំងក្របខ័ណ្ឌទ្វេភាគីនិងក្នុងតំបន់អាស៊ាន។
កិច្ចជំនួបពិភាក្សាខាងលើបានបញ្ចប់ដោយផ្លែផ្កាគួរឱ្យកត់សម្គាល់ និងប្រកបដោយភាតរភាព៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣