ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ម៉ោង ០៩:៤១ នាទី ព្រឹក
👁 0
(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារ ទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Matthew Busch ប្រធានផ្នែកសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់និងទ្វេភាគី ក្នុងគោលបំណងពិភាក្សានិងទទួលការគាំទ្រអំពីកម្មវិធីពាណិជ្ជកម្មក្នុងតំបន់ដើម្បីការអភិវឌ្ឍ (Regional Trade for Development – RT4D) ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលអូស្ត្រាលី ដែលមានគោលបំណងគាំទ្រដល់ការអនុវត្តរបស់អាស៊ានលើ កិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ។ ជាមួយគ្នានោះដែរ លោកបណ្ឌិត Matthew Busch ក៏មានគោលបំណងក្នុងការស្នើសុំអនុសាសន៍ណែនាំបន្ថែមពីឯកឧត្តមរដ្ឋលេខាធិការ សម្រាប់ការសម្របសម្រួលកិច្ចការបន្តជាមួយនឹងមន្ត្រីពាក់ព័ន្ធឱ្យកាន់តែមានភាពរលូន។
ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងការគួរសមយ៉ាងកក់ក្តៅ និងបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងអូស្ត្រាលីក្នុងក្របខ័ណ្ឌអាស៊ាននិងការគាំទ្រពីភាគីអូស្ត្រាលីដែលបានជួយឱ្យកម្ពុជាបានសម្រេច ជោគជ័យក្នុងប្រកាសអំពីការបញ្ចប់ជាដុំកំភួននៃការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀម AANZFTA ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលកិច្ចការនេះគឺជួយឱ្យអាស៊ាន និងប្រការតម្លើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងពេលថ្មីៗនេះ។ ប្រការនេះ បានជួយឱ្យការនាំចេញរបស់អាស៊ានទៅកាន់ទីផ្សារដៃគូគឺមានកំណើនមានប្រមាណជា ២៣%។
លោកបណ្ឌិត Mattew Busch ប្រធានផ្នែកសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់និងទ្វេភាគី រួមជាមួយនឹងសហការី បានសម្តែងមោទនភាពចំពោះការដឹកនាំដ៏ឆ្លៀសវៃរបស់កម្ពុជាក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលអាស៊ានទៅក្នុងកិច្ចព្រមព្រៀងទាំងពីរនេះ។ លោកបានបន្តថា គម្រោង RT4D ដែលជាកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ចរបស់អូស្រ្តាលី គ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ៤៦លានដុល្លារអូស្ត្រាលី ដើម្បីជួយគាំទ្រប្រទេសជាសមាជិកអាស៊ានក្នុងការទទួលសារៈប្រយោជន៍ពីកិច្ចព្រមព្រៀងទាំងពីរនេះជាអតិបរមា ជាពិសេសប្រទេសសមាជិកអាស៊ាន ដែលមានការអភិវឌ្ឍតិចតួច។
ឯកឧត្តមរដ្ឋលេខាធិការ បានអរគុណចំពោះបទបង្ហាញរបស់លោក Mattew Busch ព្រមទាំងបានផ្តល់ជា អនុសាសន៍មួយចំនួនដល់គម្រោង RT4D ដែលគួរផ្តោតទៅលើ រួមមាន វិស័យឧស្សាហ៍កម្ម ខ្សែច្រវាក់តម្លៃក្នុងតំបន់ បញ្ហាសន្តិសុខស្បៀងអាហារ បញ្ហាសន្តិសុខថាមពល ការប្រកួតប្រជែង ជាដើម។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនជាបឋមផងដែរ អំពីតម្រូវការរបស់កម្ពុជាក្នុងការពង្រឹងនិងកសាងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ពាក់ព័ន្ធនឹងវិស័យអាទិភាពសំខាន់ៗដូចជា៖ ពាណិជ្ជកម្មសេវាកម្ម ពាណិជ្ជកម្មទំនិញ វិធានដើមកំណើតទំនិញ ការវិនិយោគ កម្មសិទ្ធបញ្ហា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាអាទិ៍ ដើម្បីអនុញ្ញាតឱ្យកម្ពុជាចូលរួមជាមួយនឹងបណ្តាប្រទេសសមាជិកទាំងអស់ ក្នុងការធ្វើអតិបរិមាកម្មនូវប្រសិទ្ធភាព នៃការអនុវត្តកាតព្វកិច្ចនានាក្រោមកិច្ចព្រមព្រៀង AANZFTA និង RCEP ជាពិសេសលើកកម្ពស់ដល់ការប្រើប្រាស់កិច្ចព្រមព្រៀងទាំងពីរឱ្យបានកាន់តែច្រើនថែមទៀត សំដៅជួយជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជានាឆ្នាំ២០២៣នេះ។
ក្នុងន័យនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ក្នុងការបន្តសម្របសម្រួលជិតស្និទ្ធជាមួយនឹងអ្នកសម្របសម្រួលរបស់កម្មវិធី RT4D ប្រចាំនៅកម្ពុជា ដើម្បីសហការក្នុងការរៀបចំសំណើឬនីតិវិធីចាំបាច់ ដើម្បីទទួលបាននូវការឧបត្ថម្ភគាំទ្រពីកម្មវិធី RT4D នេះ។ ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹមយ៉ាងមុតមាំថា RT4D នឹងចូលរួមចំណែកក្នុងការគាំទ្រការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជាក្រោមកិច្ចព្រមព្រៀង RCEP និងកិច្ច AANZFTA៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣