ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាអធិបតីក្នុងមហាសន្និបាតកំណើតដំបូងរបស់ក្រុមអ្នកផលិត និងអាជីវករដូងខ្ទិះបាត់ដំបង

ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ម៉ោង ០៦:០៦ នាទី ល្ងាច

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងមហាសន្និបាតកំណើតដំបូងរបស់ក្រុមអ្នកផលិត និងអាជីវករដូងខ្ទិះបាត់ដំបង ដែលមានការចូលរួមពី ឯកឧត្តម ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង, លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា,  លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង, តំណាង អាជ្ញាធរមូលដ្ឋាន, មន្ទីរពាក់ព័ន្ធ និងគណៈកម្មការបណ្តោះអាសន្ន ក្នុងខេត្តបាត់ដំបង ជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងមតិស្វាគមន៍ ក្នុងនាម ឯកឧត្តមរដ្ឋមន្រ្តី និងបានថ្លែងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជ្រកក្រោមម្លប់សន្តិភាពជាង ២០ឆ្នាំ ក្នុងការផ្តល់សុខដមរមនាដល់ការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងបានស្ថារឡើងវិញនូវដីរាប់សិបហិកតាដែលធ្លាប់តែគ្របដណ្តប់ដោយគ្រាប់មិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាមឱ្យទៅជាដីកសិកម្មសម្រាប់បងប្អូនប្រជាពលរដ្ឋអាស្រ័យផលដើម្បីជីវភាពរស់នៅ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ក្នុងនោះផងដែរ ផលិតផលដូងខ្ទិះជាទំនិញយុទ្ធសាស្ត្រមួយដែលរាជរដ្ឋាភិបាលកម្ពុជាបានតាមដាន និងយកចិត្តទុកដាក់ខ្ពស់ដោយផលិតផលនេះមិនត្រឹមតែបម្រើនៅក្នុងវិស័យម្អូបអាហារនោះទេ ប៉ុន្តែក៏ត្រូវបានយកទៅប្រើប្រាស់គាំទ្រដល់ផលិតកម្មក្នុងវិស័យឧស្សាហកម្មដទៃផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ការកំណត់យកផលិតផលដូងខ្ទិះបាត់ដំបង ជាម៉ាកសមូហភាព ក្នុងប្រទេសកម្ពុជា គឺជាគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងការទាញយកប្រយោជន៍ជាអតិបរមាពីផលិតផលសក្តានុពលផ្អែកតាមកត្តាភូមិសាស្រ្តរបស់ខេត្តនីមួយៗ ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលក្នុងការពិពិធកម្មមុខទំនិញ និងពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា និងតាមរយៈបទពិសោធន៍របស់ ឯកឧត្តមផ្ទាល់ ការចុះបញ្ជីម៉ាកសមូហភាពពិតជាបានផ្តល់នូវលទ្ធផលវិជ្ជមានជាច្រើនទាំងការលើកកម្ពស់ផ្នែកសេដ្ឋកិច្ច ផ្សព្វផ្សាយវប្បធម៌ ទាក់ទាញទេសចរណ៍ និងការអភិវឌ្ឍមូលដ្ឋាន ប៉ុន្តែចាំបាច់ត្រូវមានសមាគមដែលមានអភិបាលកិច្ចល្អ ធ្វើការតាមដាន ត្រួតពិនិត្យ និងគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាពប្រកបដោយភាពម៉ត់ចត់បំផុត ដើម្បីធានាឱ្យការប្រើប្រាស់ម៉ាកសមូហភាពស្របតាមសៀវភៅបទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព បទបញ្ជាផ្ទៃក្នុង និងស្មារតីរួមរបស់សមាគម។

ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ឱ្យដឹងថា ក្នុងមហាសន្និបាតនោះ អង្គសន្និបាតបានបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការប្រតិបត្តិ ហើយទទួលបាននូវលទ្ធផល ដូចខាងក្រោម៖

១- លោក ឡា ខេមរា     ប្រធានសមាគម

២- លោកស្រី ព្រឿង ស៊ីណា   អនុប្រធាន

៣- លោកស្រី លន់ ចន្ថា   អនុប្រធាន

៤- សមាជិក ៣រូប និង

៥- សវនកម្មផ្ទៃក្នុង ២រូប

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំដល់ លោកប្រធានសមាគម អនុប្រធាន និងសមាជិកគណៈកម្មការប្រតិបត្តិនៃក្រុមអ្នកផលិត និងអាជីវករដូងខ្ទិះបាត់ដំបងទាំងអស់ ឱ្យបន្តខិតខំបំពេញការងាររបស់ខ្លួនឱ្យបានល្អ តាមតួនាទី និងភារកិច្ចរបស់ខ្លួន ដូចមានចែងក្នុងបទបញ្ជាផ្ទៃក្នុង សៀវភៅបទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព និងចូលរួមអភិវឌ្ឍកេរ្តិ៍ឈ្មោះម៉ាកសមូហភាព “ដូងខ្ទិះបាត់ដំបង” ឱ្យកាន់តែល្បីល្បាញ់បន្ថែមទៀត៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ